FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលខេត្តកំពត អាវុធហត្ថ និងអ្នកទទួលផលចោរកម្ម សរុប៥៤នាក់ ក្នុងសំណុំរឿងលួចវត្ថុតាងក្នុងកាស៉ីណូ នៅព្រែកចាកពាក់ព័ន្ធ Online Scams ត្រូវតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់

31-05-2026 19:00

(ភ្នំពេញ)៖ នគរបាលខេត្តកំពត កងរាជអាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្ម សរុបចំនួន៥៤នាក់ ក្នុងសំណុំរឿងលួចវត្ថុតាងក្នុងកាស៉ីណូ នៅព្រែកចាក ពាក់ព័ន្ធបទល្មើស Online Scams ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជាផ្លូវការ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ។

សេចក្ដីរាយការណ៍ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងដែលត្រូវបានបញ្ជូនមកពីខេត្តកំពត​ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ តាមរយៈ​ដីកាបញ្ជូនរឿងឲ្យស៊េីបសួរពីបទ​ផ្តេីមគំនិត​ សមគំនិត​ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស​ និងបទលុបបំបាត់ភស្តុតាង​ បទលួចដោយមានស្ថានទម្ងន់ទោស​ និងបទលុបបំបាត់ភស្តុតាង​ និងបទទទួលផលចោរកម្ម​ តាមបញ្ញាត្តិមាត្រា​២៨​ មាត្រា២៩​ មាត្រា​៣៥៣​ មាត្រា​៣៥៧​ មាត្រា​៣៩៩​ មាត្រា​៤០០​ និងមាត្រា​៥៣៣​ នៃក្រមព្រហ្មទណ្ឌ​។

សូមរំលឹកថា នគរបាល និងអាវុធហត្ថខេត្តកំពត ដែលត្រូវបានចាប់ខ្លួន និងតំណាងអយ្យការចោទប្រកាន់ បន្ទាប់ពីពួកគេរួមគំនិតគ្នាចូលលួចយកវត្ថុតាងដែលបម្រើឲ្យសកម្មភាពប្រព្រឹត្តបទល្មើស Online Scams នៅទីតាំងដែលពួកគេយាមកាមក្រោយពីបង្ក្រាប ក្នុងអគារកាស៉ីណូមួយរបស់អតីតឧកញ៉ា លី គួង នៅព្រំដែនព្រែកចាក ខេត្តកំពត។

ក្នុងនោះពួកគេបានលួចយក ទូរស័ព្ទ កុំព្យូទ័រ និងសម្ភារមានតម្លៃជាច្រើនទៀត គិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ។

នគរបាលដែលបានធ្វើសកម្មភាពនោះ មានទាំងស្នងការរងទទួលការងារព្រំដែន, អធិការនគរបាលស្រុកកំពង់ត្រាច, អធិការរង, មេបញ្ជាការវរនគរបាលការពារព្រំដែន និងមន្ដ្រី អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុប៥៤នាក់។

ក្រោយស្រាវជ្រាវរកឃើញអំពីបទល្មើស ក៏ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ហើយសំណុំរឿងនោះត្រូវបានផ្ទេរពីខេត្តកំពត មកកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕