ឆេះផ្ទះល្វែងលក់គ្រឿងអគ្គិសនីនៅក្រុងស្វាយរៀង សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ទឹក២៨ ឡាន និងខូចខាតសម្ភារខូចខាតគ្រឿងអេឡិចត្រូនិក និងសម្ភារអគ្គិសនីមួយចំនួនធំ
31-05-2026 14:12
(ស្វាយរៀង)៖ យ៉ាងហោចណាស់សម្ភារគ្រឿងអេឡិចត្រូនិច និងសម្ភារអគ្គិសនីមួយចំនួនធំត្រូវបានបំផ្លាញដោយអគ្គិភ័យលេបប្របាក់ កាលពីវេលាម៉ោងប្រមាណ១៨៖៣០ល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ នៅក្នុងភូមិវាយន្ត សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
សមត្ថកិច្ចក្រុងស្វាយរៀង បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះផ្ទះចំនួន២ល្វែង ធ្វើអំពីបេតុង ដែលមានបណ្តោយ១៦ម៉ែត្រ និងទទឹង៨ម៉ែត្រ ផ្ទះឈ្មោះ សេង សុខលុច ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់គ្រឿងអគ្គិសនី។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងកម្លាំងអាជ្ញាធរពាក់ព័ន្ធ បានចុះអន្តរាគមន៍បាញ់ពន្លត់អគ្គីភ័យដោយប្រើប្រាស់រថយន្តចំនួន១០គ្រឿង ក្នុងនោះរថយន្ដពន្លត់អគ្គីភ័យរបស់កងរាជអាវុធហត្ថខេត្តស្វាយរៀងចំនួន៤គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿង រថយន្ដពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចំនួន១គ្រឿង រថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយជ្រំចំនួន១គ្រឿង រថយន្ដពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលស្រុករំដួលចំនួន១គ្រឿង និងរថយន្ដពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន១គ្រឿង ប្រើសប្រាស់ទឹកអស់ចំនួន២៨ឡាន រហូតដល់ម៉ោង២១ និង៣០នាទី ទើបរលត់ទាំងស្រុង។
មូលហេតុដែលបណ្តាលឱ្យមានអគ្គិភ័យនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕


















