FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក អ៊ុច បូររិទ្ធ អញ្ជើញប្រគល់អណ្ដូងទឹក និងអំណោយជូនវីរកងទ័ពជួរមុខនៅភូមិភាគវាលវែង ខេត្តពោធិ៍សាត់

30-05-2026 09:29

(ពោធិ៍សាត់)៖ លោក អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃកម្ពុជា នៅរសៀលថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់អណ្ដូងទឹកចំនួន ៥កន្លែង ជូនដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារទឹកដីនៅស្រុកវាលវែង (ថ្មដា) ខេត្តពោធិ៍សាត់។

ជាមួយនិងការផ្តល់ជូននូវអណ្ដូងទឹកទាំងនេះ លោក អ៊ុច បូររិទ្ធ ក៏បានប្រគល់សម្ភារៈប្រើប្រាស់មួយចំនួន ជូនដល់វីរយុទ្ធជន និងក្រុមគ្រួសាររបស់វីរយុទ្ធជនប្រមាណ ៥០០ គ្រួសារផងដែរ។

នៅក្នុងកិច្ចសំណេះសំណាលជាមួយវីរយុទ្ធជន និងក្រុមគ្រួសារ លោក អ៊ុច បូររិទ្ធ បានពាំនាំនូវការសាកសួរសុខទុក្ខ និងការនឹករឭកដ៏កក់ក្តៅពីសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងសេចក្តីដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះស្មារតីអង់អាចក្លាហាន និងការប្តេជ្ញាចិត្តដ៏មុះមុតរបស់វីរយុទ្ធជន ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោក បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់វីរយុទ្ធជន និងផ្សាភ្ជាប់ជានិច្ចជាមួយវីរកងទ័ពជួរមុខ ក្នុងការការពារទឹកដី ជាមួយគ្នានឹងការខិតខំស្វះស្វែងរិះរកដំណោះស្រាយដោយសន្តិវិធី សមស្របតាមច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សន្តិភាពតាមរយៈយន្តការអហិង្សា និងការទូតអន្តរជាតិ។

លោកប្រធានស្តីទីព្រឹទ្ធសភា បានថ្លែងបញ្ជាក់ថា៖ «ថ្ងៃនេះ ជាថ្មីម្តងទៀត វត្តមានរបស់យើងខ្ញុំទាំងអស់គ្នា ជាការបញ្ជាក់ជូនបងប្អូន អំពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំទាំងអស់គ្នា ក៏ដូចជាបងប្អូននៅទូទាំងប្រទេស ទោះក្នុងកាលៈទេសៈណាក៏ដោយ ក្នុងការរួមសុខ រួមទុក្ខ ជាមួយវីរយុទ្ធជនដ៏អង់អាចក្លាហានក្នុងការការពារទឹកដីមាតុភូមិរបស់យើង»

លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា «សកម្មភាពឈ្លានពាននាពេលកន្លងទៅ បានប្រែក្លាយជាកម្លាំងចលករជំរុញលើកកម្ពស់ស្មារតីសាមគ្គី ឯកភាពជាតិរឹងមាំខ្លាំងក្លា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ប្រមុខរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដីកម្ពុជា»

តាងនាមឱ្យបណ្តាអង្គភាពកងទ័ពនៅក្នុងភូមិភាគ លោក ឧត្តមសេនីយ៍ឯក ធន ថាវរិន បានសម្តែងនូវការវាយតម្លៃខ្ពស់ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុច បូររិទ្ធ និងគណៈប្រតិភូ ដែលបាននាំយកអំណោយដ៏ថ្លៃថ្លាជូនអង្គភាព និងបានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចធិបតី កងទ័ពកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការលះបង់សាច់ស្រស់ ឈាមស្រស់ និងបូជាជីវិត ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា៕