FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តំណាងបណ្ឌិត គុណ ញឹម ចុះផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច ក្រោមសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដល់មន្ត្រីគយ អាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយនៅខេត្តស្វាយរៀង និងចុះពិនិត្យភូមិសាស្ត្រនៅតាមមាត់ច្រកព្រំដែន

27-05-2026 22:06

(ស្វាយរៀង)៖ ប្រតិភូអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដឹកនាំដោយលោកអគ្គនាយករង គាំ ច័ន្ទកុសល តំណាងលោកបណ្ឌិត គុណ ញឹមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នេះ បានចុះធ្វើការផ្សព្វផ្សាយវិធានការមុតស្រួច ក្នុងការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការពង្រឹងអភិបាលកិច្ច របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដល់មន្ត្រីគយនៃសាខា និងការិយាល័យគយនិងរដ្ឋាករក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង និងអាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយនៅខេត្តស្វាយរៀង សុរបប្រមាណ ១០០ នាក់ នៅទីតាំងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង។

លោកអគ្គនាយករង បានថ្លែងអំណរគុណដល់បងប្អូនអាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយវិធានការមុតស្រួចនេះ។ ជាមួយគ្នានេះ លោកអគ្គនាយករង បានរំលឹកនិងពន្យល់ជូនបងប្អូននិងអាជីវករ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយអំពីវិធានការទាំង៣១ចំណុច នៃវិធានការមុតស្រួចនេះ ដើម្បីឱ្យពួកគាត់បានជ្រួតជ្រាបឱ្យកាន់តែច្បាស់បន្ថែមថែមទៀត និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

នៅចំពោះបងប្អូនអាជីវកម្មនាំចេញនាំចូលទំនិញ ប្រតិបត្តិករដឹកជញ្ជូនទំនិញ និងជើងសាគយ ព្រមទាំងមន្ត្រីគយនៃសាខា និងការិយាល័យគយនិងរដ្ឋាករទាំងអស់ក្នុងភូមិសាស្ដ្រខេត្តស្វាយរៀង លោកអគ្គនាយករង បានបញ្ជាក់ថា សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអនុញ្ញាតនិងឯកភាពដ៏ខ្ពង់ខ្ពស់បំផុតពី ជាមួយនឹងអនុសាសន៍ដ៏ថ្លៃថ្លា និងម៉ឺងម៉ាត់បំផុតសម្រាប់អនុវត្តវិធានការមុតស្រួចនេះឱ្យមានប្រសិទ្ធភាពខ្ពស់ ដូច្នេះត្រូវចូលរួមអនុវត្តតួនាទី ភារកិច្ច កាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ឺងម៉ាត់ប្រកបដោយការទទួលខុសត្រូវខ្ពស់។

លោកអគ្គនាយករង ក៏បានបញ្ជាក់ផងដែរថា «កុំយល់ច្រឡំថា វិធានការមុតស្រួចនេះ គឺជាការដំឡើងពន្ធខ្ពស់ជាងមុន ប៉ុន្ដែគឺការពង្រឹងអនុលោមភាពលើការអនុវត្តកាតព្វកិច្ចពន្ធនិងអាករ ដើម្បីបង្កើនចំណូលថវិកាជាតិ សម្រាប់បម្រើដល់ការអភិវឌ្ឍនិងការពង្រឹងខឿនការពារជាតិ»។

កន្លងមក ក្នុងពេលថ្មីៗនេះ ក្នុងគោលបំណងសម្រាលបន្ទុករបស់ធុរជន និងប្រជាពលរដ្ឋក្នុងស្ថានភាពនៃការកើនឡើងខ្ពស់នៃតម្លៃប្រេងឥន្ធនៈជាសកល រាជរដ្ឋាភិបាលបានបញ្ចុះពន្ធនិងអាករលើរថយន្តអគ្គិសនី អាគុយ បរិក្ខារសូឡា ចង្ក្រានអគ្គិសនី និងបរិក្ខារចាំបាច់សំខាន់ៗមួយចំនួនទៀត និងជាពិសេសការដាក់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋលើការនាំចូលប្រេងនិងឧស្ម័នឥន្ធនៈ ដែលតាមរយៈវិធានការជាគោលនយោបាយទាំងនេះ ចំណូលថវិការដ្ឋដែលត្រូវប្រមូលដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ត្រូវបានបាត់បង់ប្រមាណជាង ៥០លានដុល្លារអាម៉េរិកក្នុងមួយខែ។

បន្ថែមលើនេះ ជាផ្នែកមួយនៃកិច្ចសម្រួលពាណិជ្ជកម្ម និងការចូលរួមចំណែកក្នុងការកាត់បន្ថយបន្ទុកថ្លៃឡូជីស្ទីក, រាជរដ្ឋាភិបាលក៏បានសម្រេចលុបចោលកម្រៃត្រួតពិនិត្យកុងតឺន័រទំនិញដោយម៉ាស៊ីនស្គែនទាំងស្រុងតែម្តង តាំងពីថ្ងៃទី១ ខែឧសភា មកម្លេះ។

លោកអគ្គនាយករង បានសង្កត់ធ្ងន់ថា ការអនុវត្តកាតព្វកិច្ចពន្ធឱ្យបានត្រឹមត្រូវនេះ មិនត្រឹមតែជាការស្នេហាជាតិប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមអភិវឌ្ឍជាតិនិងកសាងនូវខឿនការពារជាតិឱ្យបានរឹងមាំផងដែរ។ ដូច្នេះសូមបងប្អូនទាំងអស់ ចូលរួមលើកស្ទួយវប្បធម៌សារពើពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

សម្រាប់ថ្នាក់ដឹកនាំសាខា និងការិយាល័យទាំងអស់ លោកអគ្គនាយករងបានណែនាំឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តវិធានការមុតស្រួចនេះឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធគ្រប់ប្រភេទនិងសម្រួលពាណិជ្ជកម្មឱ្យបានល្អប្រសើរ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនេះ លោកអគ្គនាយករង បានបន្តចុះពិនិត្យស្ថានភាពការចរាចរណ៍ទំនិញ និងការបំពេញការងាររបស់មន្ត្រីគយ ក៏ដូចជាការបំពេញបែបបទគយ នៅតាមបណ្ដាមាត់ច្រកព្រំដែន ផែស្ងួត និងបានចុះពិនិត្យស្ថានភាពភូមិសាស្ត្រតាមមាត់ច្រកតំបន់ និងច្រករបៀងតាមក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តស្វាយរៀង ដើម្បីយល់ដឹងអំពីបញ្ហាប្រឈម និងផ្សព្វផ្សាយអំពីវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាលនេះដល់កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដែលកំពុងឈរជើងតាមបណ្ដោយព្រំដែន។

តាមតម្រាយផ្លូវតាមបន្ទាត់ព្រំដែនខ្ទង់រយគីឡូម៉ែត្រ តាំងពីព្រឹកដល់យប់ងងឹត លោកអគ្គនាយករង ក្នុងពេលជួបមន្ត្រីគយ និងកងកម្លាំងមានសមត្ថកិច្ចផ្សេងទៀតដែលប្រចាំការគ្រប់ច្រកព្រំដែនទាំងច្រកអន្តរជាតិ ច្រកតំបន់ និងច្រករបៀង បានស្នើយ៉ាងទទូចឱ្យចូលរួមអនុវត្តវិធានការមុតស្រួចនេះ ឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវណែនាំដល់អាជីវករដែលនាំចូលទំនិញ ត្រូវបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន។

លោកអគ្គនាយករង ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធដែលមានការលះបង់ខ្ពស់ក្នុងការឈរជើងតាមបន្ទាត់ព្រំដែន និងស្នើឱ្យផ្ដល់កិច្ចសហការជាមួយសមត្ថកិច្ចគយក្នុងការចូលរួមទប់ស្កាត់អំពើរត់គេចពន្ធគ្រប់ប្រភេទ៕