ក្រុមហ៊ុនធំៗចំនួនពីររបស់ចិន ប្តេជ្ញាចិត្តដាក់ទុនវិនិយោគនៅខេត្តស្វាយរៀង ក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ
27-05-2026 19:39
(ស្វាយរៀង)៖ ក្រុមហ៊ុនធំៗចំនួនពីររបស់ចិន បានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) ក្នុងខេត្តស្វាយ នាពេលឆាប់ៗខាងមុខនេះ ដែលជាបង្ហាញនូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា និងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។
ការបង្ហាញចំណាប់អារម្មណ៍វិនិយោគក្នុងខេត្តស្វាយរៀងនេះ ធ្វើឡើងក្នុងឱកាសដែលអភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូរដ្ឋបាលខេត្តធ្វើដំណើរទស្សនកិច្ចការងារនៅខេត្តសានដុង និងនៅក្រុងZibo នៃសាធាររដ្ឋប្រជាមានិតប្រទេសចិន ចាប់ពីថ្ងៃទី២៥-២៧ ខែឧសភាឆ្នាំ២០២៦នេះ។ លោកប៉េង ពោធិ៍សា បានចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន ចូលរួមកម្មវិធី «Shandong International Friendship Cities Cooperation and Exchange Week and 7th China-CEEC Local Leaders’ Meeting»និងកម្មវិធីវេទិការពិភាក្សារវាងថ្នាក់ដឹកនាំខេត្ត ក្រុងសម្ព័ន្ធមិត្តនៅទីក្រុងជីណាន (Jinan) ខេត្តសានទុង (Shandong)។
ទន្ទឹមគ្នានេះ លោកបានជួបប្រជុំជាមួយថ្នាក់ដឹកនាំមកពីបណ្តាប្រទេសនានានៅក្រោមប្រធានបទ«Meet you in Zibo»និងធ្វើបទបង្ហាញស្តីពីសក្តានុពលរបស់ខេត្តស្វាយរៀង ដើម្បីទាក់ទាញអ្នកវិនិយោគ ននិងចូលរួមជំនួបពិភាក្សាការងារជាមួយអ្នកវិនិយោគនៅខេត្តសានដុង។
លោកប៉េង ពោធិ៍សា បានថ្លែងនូវក្តីរីករាយដែលបានទទួលនូវការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំខេត្តសានដុង និងដៃគូវិនិយោគនានាដែលមានចំណាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា ជាពិសេសខេត្តស្វាយរៀង។
លោកបានបន្ថែមថា រដ្ឋបាលខេត្តសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុនចំនួនពីរដែលបានប្តេជ្ញាចិត្តក្នុងការដាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសឈីលូ (Qilu SEZ) នាពេលឆាប់ៗខាងមុខនេះ។ ទាំងនេះបានស្តែងឱ្យឃើញបានកាន់តែច្បាស់នូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលជាការបោះជំហានទៅមុខមួយទៀតក្នុងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍឧស្សាហកម្ម នៅក្នុងខេត្ត។
ក្រុមហ៊ុនទាំងពីរដែលបានសម្រេចដាក់ទុនវិនិយោគនៅក្នុងតំបន់ឈីលូ រួមមាន៖
១-Shanghai Qixiang New Materials Technology Co.,Ltd.
២-Runze Packaging Materials Co,.Ltd. ជាក្រុមហ៊ុនផលិតវត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ ទៅដល់រោងចក្រផលិតសំបកកង់ឡាន៕


















