FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អញ្ជើញដឹកនាំកិច្ចប្រជុំការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ (Video inside)

27-05-2026 19:18

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិក កាកបាទក្រហមកម្ពុជា នារសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី «ការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា»។

ពិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដែលមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ សមាជិក សមាជិកានៃគណៈកម្មការ អនុគណៈកម្មការត្រៀមរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ប្រមាណ៤០នាក់។

កិច្ចប្រជុំខាងលើនេះបានផ្តោតលើចំណុចសំខាន់ចំនួន ៣រួមមាន៖ ១). ពិនិត្យពិភាក្សាលើខ្លឹមសារ និងផែនការអនុវត្តការងារភារកិច្ចរបស់អនុគណៈកម្មការនីមួយៗក្នុងការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ២). មតិណែនាំរបស់លោកស្រី​បណ្ឌិត អ៊ុក ម៉ាលី និង៣). បញ្ហាផ្សេងៗ។

នាឱកាសនោះលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានណែនាំដល់សមាជិក សមាជិក និងក្រុមការងារពាក់ព័ន្ធទាំងអស់ ត្រូវបំពេញការងារដោយមានការផ្ទៀងផ្ទាត់ខ្ពស់ ទាំងលើការងារផលិតកម្រងវីដេអូជាចម្រៀង និងរបាំរាំថ្វាយព្រះពរ ដើម្បីយកទៅចាក់ផ្សាយនៅតាមបណ្ដាញស្ថានីយទូរទស្សន៍ និងសង្គមនានា ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែមិថុនា ឆ្នាំ២០២៦ខាងមុននេះ។ ពិសេសជាងនេះទៅទៀតលើការងាររៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នាពេលខាងមុខប្រកបដោយភាពល្អប្រសើរ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ដើម្បីអរ​អរសាទរ​ព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរ​រាជមាតា​ជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្តីថ្លៃថ្នូរ និង សុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែងរៀបចំចាត់ចែងឱ្យមានពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ ដែលប្រារព្ធធ្វើឡើងនៅទីស្នាក់ការកាកបាទក្រហមកម្ពុជា និងបានប្រគេននូវចង្ហាន់ ទេយ្យទាន និងបច្ច័យ នៅតាមបណ្ដាវត្ដអារាមមួយចំនួននៅរាជធានីភ្នំពេញ និងបណ្ដាខេត្ដ ហើយការប្រារព្ធពិធីនេះ ក៏មានការធ្វើឡើងនៅតាមសាខាកាកបាទក្រហមកម្ពុជាខេត្ដផងដែរ៕