FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ឈាង វណ្ណី ចំពោះមរណភាពឧត្តមនាវីទោ យឹម គឹមនី អតីតនាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលត្រូវជាស្វាមី

27-05-2026 18:24

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខ ជូនលោកស្រី ឈាង វណ្ណី និងក្រុមគ្រួសារ ចំពោះមរណភាពឧត្តមនាវីទោ យឹម គឹមនី អតីតនាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាអតីតសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន ដែលត្រូវជាឧត្តមស្វាមី របស់លោកស្រី។

សារលិខិតរំលែកមរណទុក្ខ បានសរសេរថា «ខ្ញុំ និងភរិយា ពិតជាមានសេចក្ដីក្ដុកក្ដួល និងសោកស្តាយជាពន់ពេកចំពោះដំណឹងមរណភាព របស់ឯកឧត្តមឧត្តមនាវីទោ យឹម គឹមនី អតីតនាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាអតីតសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន ដែលត្រូវជាឧត្តមស្វាមី របស់លោកជំទាវ កាលពីថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៖១៥នាទីរសៀល ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាពោរពេញដោយទុក្ខក្រៀមក្រំ និងសេចក្តីអាឡោះអាល័យបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយលោកជំទាវ និងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុក ជីតា និង សាច់ញាតិក្រុមគ្រួសារ ប្រកបដោយឧបការគុណ ព្រហ្មវិហារធម៌ និងគុណធម៌ដ៏ឧត្តុង្គឧត្តម។

ឯកឧត្តមឧត្តមនាវីទោ យឹម គឹមនី គឺជាមន្ត្រីដ៏ល្អម្នាក់ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និង មានភាពរស្មោះត្រង់ក្នុងការបម្រើជាតិ មាតុភូមិ ដើម្បីការពារអធិបតេយ្យភាពជាតិ និងសន្តិសុខតាមដែន សមុទ្រប្រកបដោយភាពអង់អាចក្លាហាន និងការទទួលខុសត្រូវខ្ពស់។ វីរភាពរបស់ឯកឧត្តមឧត្តមនាវីទោ ដែលបានរួមវិភាគទានក្នុងការការពារនិងអភិវឌ្ឍប្រទេសជាតិ នឹងស្ថិតនៅក្នុងការចងចាំ និងជាគំរូដល់ កងទ័ពជើងទឹកជំនាន់ក្រោយ។

យើងខ្ញុំសូមឧទ្ទិសកុសល និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមឧត្តមនាវីទោ យឹម គឹមនី ទទួលបាននូវភាពត្រជាក់ត្រជំនៃតេជះបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងឆាប់បានចាប់បដិសន្ធិក្នុង សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ និងក្រុមគ្រួសារ ទទួលនូវការស្រឡាញ់រាប់អានពីខ្ញុំ»៕