FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកបណ្ឌិត ខែក វីរៈ៖ ពីគុយវ៉ែត ១៩៩១ ដល់អ៊ីរ៉ង់ ២០២៦៖ តើឥទ្ធិពលអាមេរិកកំពុងស្រុតចុះ ឬកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ?

27-05-2026 17:37

(ភ្នំពេញ)៖ លោកបណ្ឌិត ខែក វីរៈ អ្នកជំនាញភូមិសាស្រ្តនយោបាយ បានបង្ហាញការស្រាវជ្រាវមួយមកកាន់បណ្ដាញព័ត៌មាន Fresh News ជុំវិញសំណួរដែលចោទសួរថា «តើឥទ្ធិពលអាមេរិកកំពុងស្រុតចុះ ឬកំពុងផ្លាស់ប្តូរយុទ្ធសាស្ត្រ ពីគុយវ៉ែត ១៩៩១ ដល់អ៊ីរ៉ង់ ២០២៦»?

មួយផ្នែកសំខាន់នៃគ្រឹះសេដ្ឋកិច្ច ដែលបានជួយឱ្យសហរដ្ឋអាមេរិកពង្រឹង និងពង្រីកឥទ្ធិពលរបស់ខ្លួនដល់កម្រិតបច្ចុប្បន្ន គឺពាក់ព័ន្ធយ៉ាងជិតស្និទ្ធជាមួយតំបន់មជ្ឈឹមបូព៌ា។ ប្រសិនបើយើងត្រឡប់ទៅពិនិត្យអតីតកាល នោះយើងនឹងឃើញថា ប្រទេសដែលមានធនធានប្រេងសម្បូរបែបនៅតំបន់នេះ បានដើរតួនាទីសំខាន់ក្នុងការរក្សាជំហរអាមេរិកលើឆាកអន្តរជាតិ។

ជាក់ស្តែងក្នុងអំឡុងសង្គ្រាមត្រជាក់នៅទសវត្សរ៍១៩៧០ បន្ទាប់ពីអាមេរិកគាំទ្រអ៊ីស្រាអែល ប្រទេសនៅតំបន់ឈូងសមុទ្របានប្រើប្រាស់ប្រេងជាឧបករណ៍នយោបាយ ដែលបានបង្កើតវិបត្តិតម្លៃប្រេង និងប៉ះពាល់ដល់សេដ្ឋកិច្ចអាមេរិក និងអឺរ៉ុបយ៉ាងខ្លាំង។ បន្ទាប់មក នៅចុងសង្គ្រាមត្រជាក់ ប្រទេសនៅមជ្ឈឹមបូព៌ាក៏ត្រូវបានចាត់ទុកថាជាកត្តាមួយក្នុងចំណោមកត្តាសំខាន់ៗផ្សេងទៀត ដែលមានឥទ្ធិពលលើសេដ្ឋកិច្ចសហភាពសូវៀត តាមរយៈការប្រែប្រួលតម្លៃប្រេង ដែលបានបង្កើនសម្ពាធលើប្រព័ន្ធសេដ្ឋកិច្ចរបស់សហភាពសូវៀត។

ក្នុងបរិបទនៃការប្រែប្រួលប្រព័ន្ធនយោបាយពិភពលោកនោះ ប្រទេសអ៊ីរ៉ាក់ក្រោមការដឹកនាំរបស់លោក សាដាំ ហ៊ូសេន បានវាយលុកកាន់កាប់ប្រទេសគុយវ៉ែត ដោយចោទប្រកាន់ថា មានការរំលោភលើធនធានប្រេង។ ការគណនានយោបាយរបស់លោក សាដាំ ក្នុងពេលនោះត្រូវបានអ្នកវិភាគជាច្រើនយល់ថា ជាការមិនត្រឹមត្រូវឡើយ ហើយផ្ទុយទៅវិញ វាបានបើកផ្លូវឱ្យសហរដ្ឋអាមេរិកពង្រឹងវត្តមានយោធា និងឥទ្ធិពលរបស់ខ្លួននៅមជ្ឈឹមបូព៌ាឱ្យកាន់តែរឹងមាំ។

ជាក់ស្តែង បើទោះបី សាដាំហ៊ូសេន បានសន្និដ្ឋានថា អាមេរិកអាចនឹងមិនចូលរួមដោយផ្ទាល់ក្នុងជម្លោះនេះក៏ដោយ ក៏ស្ថានការណ៍បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ សហរដ្ឋអាមេរិកមិនត្រឹមតែចូលរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានដឹកនាំសម្ព័ន្ធមិត្តអន្តរជាតិ ដើម្បីបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីគុយវ៉ែត។ ជាលទ្ធផល អាមេរិកបានបង្កើតវត្តមានយោធាយូរអង្វែងនៅតំបន់ឈូងសមុទ្រ និងត្រូវបានប្រទេសក្នុងតំបន់យកអាម៉េរិកធ្វើជាអ្នកធានាសន្តិសុខសំខាន់។

ប៉ុន្តែនៅឆ្នាំ២០២៦ សំណួរសំខាន់មួយដែលត្រូវបានលើកឡើងដោយអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិចោទសួរគឺថា ៖ តើឥទ្ធិពលអាមេរិកនៅមជ្ឈឹមបូព៌ាកំពុងស្រុតចុះ ឬកំពុងផ្លាស់ប្តូរទិសដៅយុទ្ធសាស្ត្រ?

ដើម្បីឆ្លើយសំណួរនេះ អាចពិនិត្យតាមនិន្នាការសំខាន់ៗមួយចំនួន៖
១. ស្ថានការណ៍ជម្លោះ ដែលពាក់ព័ន្ធនឹងអ៊ីរ៉ង់ បង្ហាញពីភាពស្មុគស្មាញខ្ពស់ និងមិនទាន់មានលទ្ធផលនយោបាយច្បាស់លាស់។ អ៊ីរ៉ង់នៅតែអាចប្រើប្រាស់ទីតាំងយុទ្ធសាស្ត្ររបស់ខ្លួន ដូចជា ច្រកសមុទ្រហ័រមូស ជាឧបករណ៍សម្រាប់ចរចានយោបាយ។
២. បើប្រៀបធៀបទៅនឹងសង្គ្រាមអតីតកាល ដែលអាមេរិកអាចសម្រេចជ័យជម្នះយ៉ាងឆាប់រហ័ស ស្ថានការណ៍បច្ចុប្បន្នបង្ហាញថា ការប្រើអំណាចយោធាមិនតែងតែអាចបំលែងទៅជាលទ្ធផលនយោបាយយូរអង្វែងបានទៀតឡើយ។
៣. ការប្រឆាំងរបស់អ៊ីរ៉ង់ក៏បានបង្កើនភាពទាក់ទាញ និងឥទ្ធិពលមួយកម្រិតនៅក្នុងតំបន់ ដែលបង្ហាញពីការកើនឡើងនៃការប្រកួតប្រជែងអំណាច។
៤. ប្រទេសនៅតំបន់ឈូងសមុទ្រមួយចំនួន បង្ហាញនិន្នាការប្រុងប្រយ័ត្ន និងពង្រីកជម្រើសយុទ្ធសាស្ត្ររបស់ខ្លួន ជាពិសេសក្នុងការកាត់បន្ថយការពឹងផ្អែកលើអាមេរិកតែមួយ។
៥. សម្ព័ន្ធមិត្តអឺរ៉ុបមួយចំនួនក៏បង្ហាញភាពប្រុងប្រយ័ត្នខ្ពស់ក្នុងការគាំទ្រយុទ្ធសាស្ត្រអាមេរិក ដែលបង្ហាញពីភាពខុសគ្នានៃអាទិភាពនយោបាយ។
៦. ការចំណាយយោធាយ៉ាងច្រើន និងការចូលពាក់ព័ន្ធយូរអង្វែង អាចបង្កសម្ពាធលើសេដ្ឋកិច្ច និងសមត្ថភាពយុទ្ធសាស្ត្ររបស់អាមេរិក ខណៈដែលអំណាចផ្សេងៗកំពុងកើនឡើង។
៧. កត្តានយោបាយក្នុងស្រុក និងការផ្លាស់ប្តូរនៃមតិសាធារណៈ ក៏មានឥទ្ធិពលលើការសម្រេចចិត្តនយោបាយក្រៅប្រទេសរបស់អាម៉េរិកផងដែរ។
៨. សម្ព័ន្ធមិត្តអាមេរិកទាំងមូលក៏បង្ហាញនិន្នាការប្រុងប្រយ័ត្នខ្ពស់ជាងមុន ក្នុងការកំណត់ទំនាក់ទំនងយុទ្ធសាស្ត្រជាមួយអាម៉េរិក។

សរុបសេចក្តីមក អាចនិយាយបានថា ឥទ្ធិពលរបស់សហរដ្ឋអាមេរិកនៅ មជ្ឈឹមបូព៌ា អាចមាននិន្នាការស្រុតចុះនូវទិដ្ឋភាពខ្លះៗ ប៉ុន្តែមិនមែនមានន័យថាបាត់បង់ទាំងស្រុងនោះទេ។ អាមេរិក នៅតែមានឧត្តមភាពលើឆាកអន្តរជាតិ ប៉ុន្តែបញ្ហាសំខាន់នោះគឺថា ការផ្លាស់ប្តូរនៃទំនុកចិត្ត និងបរិបទយុទ្ធសាស្ត្រ ដែលអាចក្លាយជាកត្តាសំខាន់បំផុត ក្នុងការកំណត់ឥទ្ធិពលរបស់អាម៉េរិកនៅមជ្ឈឹមបូព៌ានាពេលអនាគត។

ក្នុងន័យនេះ បញ្ហាមិនមែនស្ថិតនៅលើថា អាមេរិកកំពុងចាញ់ ឬឈ្នះនោះទេ ប៉ុន្តែស្ថិតនៅលើរបៀបដែលអំណាចរបស់ខ្លួនកំពុងត្រូវបានកំណត់ឡើងវិញក្នុងបរិបទពិភពលោកថ្មី៕