ស្ថានទូតអង់គ្លេស ស្វាគមន៍ចំពោះការព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ក្នុងការកាត់ទោសដាក់ពន្ធនាគារ លើរូបលោក កឹម សុខា
27-05-2026 17:19
(ភ្នំពេញ)៖ ស្ថានទូតអង់គ្លេស បានតាមដានសំណុំរឿងផ្លូវច្បាប់ប្រឆាំងនឹងលោក កឹម សុខា យ៉ាងយកចិត្តទុកដាក់ ហើយបានតស៊ូមតិ ឱ្យមានការដោះលែងលោកពីការឃុំខ្លួន និងសេរីភាពនយោបាយ របស់លោកត្រូវបានស្ដារឡើងវិញ។
ស្ថានទូតអង់គ្លេស បានបន្ថែមថា នៅក្នុងបរិបទនេះ យើងសូមស្វាគមន៍ចំពោះការព្រះរាជទាន ការលើកលែងទោសពីព្រះមហាក្សត្រ ក្នុងការកាត់ទោសដាក់ពន្ធនាគារលើរូបលោក។
សូមរំលឹកថា ប្រមុខរដ្ឋស្តីទី សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ!។ ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារដែលជាមូលទោសប៉ុណ្ណោះ។
លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
មុននឹងទទួលបានការលើកលែងទោស លោកត្រូវបានសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមសាលាដំបូង និងផ្តន្ទាទោសបន្ថែមដោយហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល ៥ឆ្នាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦៕
