FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តចុះត្រួតពិនិត្យ និងឆែកឆេរផ្ទះវីឡាមួយកន្លែងទៀតនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន៦នាក់ និងដកហូតសម្ភារពាក់ព័ន្ធបទល្មើស Online Scams មួយចំនួន

27-05-2026 16:59

(បន្ទាយមានជ័យ)៖ រសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យដឹកនាំដោយលោក ប្រាក់ ប៉ូលី អភិបាលរងខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ទេព ឃុនឆ័យ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត ដែលមានការចូលរួមពីកម្លាំងជំនាញស្នងការនគរបាលខេត្ត បញ្ជាការកងរាជអាវុធហត្ថខេត្ត អធិការដ្ឋាននគរបាលក្រុង ចៅសង្កាត់ បានចុះត្រួតពិនិត្យនិងឆែកឆេរជាក់ស្ដែងផ្ទះវីឡាកម្ពស់២ជាន់ ស្ថិតនៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រកឃើញសម្ភារសង្ស័យមួយចំនួនពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងរកឃើញជនជាតិចិនចំនួន៦នាក់។

សម្រា​ប់ជនជាតិចិនទាំង៦នាក់នេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុង ដើម្បីបន្ដនីតិវិធី ហើយសមត្ថកិច្ចជំនាញបន្ដស្វែងរកម្ចាស់ទីតាំង និងបិទទីតាំងជាបណ្ដោះអាសន្ន ដើម្បីបន្ដនីតិវិធី។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

សូមបញ្ជាក់ថា កាលពីម្សិលមិញថ្ងៃទី២៦ ខែឧសភា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយកម្លាំង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បន្តរដ្ឋបាលចុះឆែកឆេរនៅតាមអគារ និងទីតាំងចំនួន៣ នៅក្នុងក្រុងប៉ោយប៉ែតផងដែរ ដោយបានរកឃើញជនបរទេស និងសម្ភារមួយចំនួនដែលប្របទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

*ទីតាំងទី១៖ នៅអគារកម្ពស់៤ជាន់ ៧២បន្ទប់ (ពុំមានសម្ភារតាមបន្ទប់) ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ សម្រាប់ទីតាំងនេះ ពុំមានជនបរទេស និងពុំមានសម្ភារសង្ស័យនោះទេ។

*ទីតាំងទី២៖ នៅអគារ «ហ្គូដ វើលដ៏ កាស៊ីណូ និងសណ្ឋាគារ» ដោយពិនិត្យឃើញថា ស្ថានភាពកាស៊ីណូនៅជាន់ផ្ទាល់ដី បើកដំណើរការអាជីវកម្ម អាជ្ញាបណ្ណមានសុពលភាពត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងសណ្ឋាគារមាន ១១៤បន្ទប់ (មានបន្ទប់ស្នាក់នៅ បន្ទប់ CCTV កន្លែងស្ទីមសូណា បន្ទប់ការិយាល័យ) ពុំមានសម្ភារសង្ស័យ។ អប់រំ និងធ្វើកិច្ចសន្យា។

*ទីតាំងទី៣ គឺកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានចូលរួមសហការជាមួយកម្លាំងអគ្គ ស្នងការដ្ឋាននគរបាលជាតិ ចុះត្រួតពិនិត្យបុរីប៉ោវណ្ណៈ ផ្ទះ២ល្វែង ១០បន្ទប់ ស្ថិតនៅភូមិ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញជនបរទេសស្នាក់នៅ ២១នាក់ ស្រី៣ នាក់ (ចិន១៨នាក់ស្រី១នាក់, វៀតណាម១នាក់ស្រី, វ៉ានូអាទូ១នាក់ប្រុស, មីយ៉ាន់ម៉ា ១នាក់ស្រី) ក្នុងនោះជនជាតិចិន៥នាក់ គ្មានលិខិតឆ្លងដែន និងបានរកឃើញមានសម្ភារសង្ស័យពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងម៉្សៅសង្ស័យជាសារធាតុញៀន។

ជនបរទេសទាំង២១នាក់ និងអ្នកគ្រប់គ្រង ជនជាតិខ្មែរ ១នាក់ ភេទប្រុស បានកសាងសំណុំរឿងតាមនីតិវិធី និងបិទសៀល៕