FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហួត ហាក់៖ កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិនអន្តរជាតិ ដែលមនបំណងទេសចរ និងធុរកិច្ចយ៉ាងពិតប្រាកដ

27-05-2026 16:51

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូចិនដឹកនាំដោយលោកស្រី Sun Guizhen ប្រធានសមាគម និងជាអគ្គលេខាធិការនៃសមាគមសេវាដឹកជញ្ជូនចិន ដែលមកចូលរួមក្នុងជំនួបផ្លាស់ប្តូរពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series)។

ជំនួបពិភាក្សាការងារនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍,ឧកញ៉ា ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍ ,ឧកញ៉ា ហ៊ី សុធា ប្រធានថ្នាក់ជាតិសមាគមសណ្ឋាគារកម្ពុជា, លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាហ្វិកប្រចាំកម្ពុជា, លោក Jean Claude Dhez ប្រធានសមាគមស្ប៉ា និងសុខមាលភាពកម្ពុជា និងលោក លោកស្រី គណៈប្រតិភូនៃបណ្តាក្រុមហ៊ុន១៧ មកពីសាធារណរដ្ឋប្រជាមានិត សរុបប្រមាណ ៤០នាក់។

រដ្ឋមន្ត្រី ហួត ហាក់ បានលើកឡើងស្តីពី Pilot Project Free Visa តាមរយៈយុទ្ធនាការរយៈពេល ៤ខែនេះ កម្ពុជា រំពឹងទុក អាចទាក់ទាញភ្ញៀវទេសចរចិនបន្ថែម ឱ្យបានចំនួនយ៉ាងហោចណាស់ ៥០ម៉ឺននាក់ ដែលរាជរដ្ឋាភិបាល និង វិស័យឯកជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ក្នុងការត្រៀមទទួលភ្ញៀវចិន ក្នុងអំឡុងពេលសាកល្បង ៤ ខែនេះ។

រដ្ឋមន្ត្រី ហួត ហាក់ បានបន្តថា លោកនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅរដ្ឋធានីប៉េកាំង នៅថ្ងៃទី៤ ខែមិថុនា ខាងមុខ ដើម្បីរៀបចំកម្មវិធីប្រកាសជាផ្លូវការនៃការអនុវត្ត Pilot Project Free Visa នេះ ពោលគឺឯកឧត្តមរដ្ឋមន្ត្រី នឹងស្វាគមន៍ការផ្សព្វផ្សាយរួមគ្នាបន្ថែមទៀតរវាងវិស័យឯកជន ចិន និងកម្ពុជាផងដែរ ហើយអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ត្រៀមដាក់ដំណើរការនូវ smart gate នៅអាកាសយានដ្ឋានអន្តរជាតិតេជោ និងសៀមរាបដើម្បីទទួលភ្ញៀវចិន។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសុវត្ថិភាព សន្តិសុខ និងគុណភាពសេវាកម្មទេសចរណ៍ ដែលរាជរដ្ឋាភិបាលកម្ពុជា មានការប្តេជ្ញាចិត្តមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹង online Scam ៖ zero scam online policy, មានច្បាប់ប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, និងដាក់ចេញវិធានការក្តៅបង្ក្រាប online scam នៅទូទាំងប្រទេស។

លោកបានគូសបញ្ជាក់បន្ថែមចំពោះគុណភាពសេវាកម្មទេសចរណ៍ កម្ពុជានឹងរៀបចំ យន្តការ China Ready៖ ក្រសួងទេសចរណ៍ បានចុះវាយតម្លៃលើអាជីវកម្មទេសចរណ៍ ផ្តល់វិញ្ញាបនបត្រ China Ready ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរចិន និងភ្ញៀវចិនអាចទទួលបានសេវាកម្មប្រកបដោយភាពទុកចិត្តផងដែរ។

សូមជម្រាបថា ជំនួបពាណិជ្ជកម្មទេសចរណ៍កម្ពុជាឆ្នាំ២០២៦ (CTM 2026 Mini-Series) ត្រូវបានអនុវត្តក្រោមកិច្ចសហការដ៏រឹងមាំរវាងក្រសួងទេសចរណ៍ សហព័ន្ធទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (ជាអ្នករៀបចំកម្មវិធី / Lead Organizer)។CTM 2026 Mini-Series ជាយុទ្ធនាការទីផ្សារគោលដៅជាយុទ្ធសាស្ត្រ ពេញមួយឆ្នាំ ក្រោមប្រធានបទ “កម្ពុជាទៅកាន់ពិភពលោក (Cambodia to the World)” ជាការធ្វើទីផ្សារបន្តបន្ទាប់គ្នា ជាវេទិកាស្រូបទាញ ភ្ញៀវទេសចរ កំណត់យកទីតាំងកម្ពុជាជាគោលដៅប្រកបដោយពិពិធកម្ម និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារទេសចរណ៍ពិភពលោក។ ព្រឹត្តិការណ៍ CTM 2026 Mini-Series នឹងដំណើរការជារៀងរាល់ខែដោយមានកម្មវិធីពាណិជ្ជកម្មទេសចរណ៍យ៉ាងពិសេស រួមបញ្ចូលនូវការរំលេចគោលដៅ និងកិច្ចសហការលើគ្រប់វិស័យពេញមួយឆ្នាំ។ នៅក្នុងកម្មវិធីទាំងនេះ មានការធ្វើទំនាក់ទំនងគ្នាដោយផ្ទាល់រវាងអ្នកទិញអន្តរជាតិ (buyers) ជាមួយអ្នកផ្គត់ផ្គង់ កម្ពុជា (suppliers/sellers៕