FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មេសិទ្ធិមនុស្សកម្ពុជា៖ កម្ពុជា ចូលរួមយ៉ាងសកម្មក្នុងយន្ដការសិទ្ធិមនុស្សអន្តរជាតិ UN និងចូលរួមផ្តល់អនុសាសន៍លើក​របាយការណ៍ជាង២០០ ដែលភាគច្រើន​កោតសរសើរកម្ពុជា

27-05-2026 16:30

(បន្ទាយមានជ័យ)៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានលើកឡើងថា យន្តការ UPR គឺជាយន្តការដ៏សំខាន់តែមួយគត់របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។ កម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងយន្ដការនេះចំនួន ៤ជុំរួចមកហើយ ជាក់ស្ដែងសម្រាប់ជុំទី៤ មានប្រទេស​សមាជិកអង្គការសហប្រជាជាតិចំនួន១០០ បានចូលរួមផ្តល់អនុសាសន៍លើក​របាយការណ៍ជាតិ​របស់​កម្ពុជាចំនួន ២៧៥អនុសាសន៍ ដែលអនុសាសន៍ភាគច្រើន​ជាការកោតសរសើរ លើកទឹកចិត្ត និងជំរុញ​ឱ្យ​កម្ពុជា បន្តអនុវត្តកម្មវិធីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តផ្សេងៗបន្តទៀតសំដៅពង្រឹងវឌ្ឍនភាពលើគ្រប់វិស័យ។

ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានបន្តថា ការណ៍នេះ បានឆ្លុះបញ្ចាំងពីការទទួលស្គាល់នូវកិច្ច​ខិតខំប្រឹងប្រែង និងការដាក់ចេញនូវចក្ខុវិស័យដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីអតីតតាលដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតមកដល់បច្ចុប្បន្នក្រោមការដឹកនាំប្រកប​ដោយ​ភាពឆ្លាតវៃ​របស់សម្តេចមហាបវរធិតបតី ហ៊ុន ម៉ាណែត ក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សរបស់ប្រជាជនទូទៅស្របតាមច្បាប់​ និងលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ រួមទាំងបរិបទជាក់ស្ដែងនៃសង្គមកម្ពុជា។

ការលើកឡើងរបស់ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីបើកសិក្ខាសាលា «ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)» ក្រោមកិច្ចសហការរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ អង្គភាព តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុប ២០០នាក់។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៉ីស ដោយជួបពិភាក្សាទ្វេភាគីចំនួន ២៩ជំនួប ជាមួយបណ្តាប្រទេស​សមាជិក​ ក្រុមប្រឹក្សាសិទ្ធិមនុស្ស និងថ្នាក់ដឹកនាំនៃស្ថាប័ននានារបស់អង្គការសហប្រជាជាតិ កាលពីខែមីនា ឆ្នាំ២០២៦ កន្លងទៅ ព្រមទាំង​ចុះសួរសុខទុក្ខកងទ័ព និងជនភៀសសឹកចំនួន ១០លើក ផងដែរ។

ទន្ទឹមនេះ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ក៏បានសម្ដែងនូវការកោតសរសើរ​ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ ព្រមទាំងដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋរងគ្រោះយ៉ាងមានប្រសិទ្ធភាពក្នុងអំឡុងពេលឈ្លានពាន​របស់ភាគីថៃទាំងពីរលើករហូតមកដល់បច្ចុប្បន្ន។

ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអំណរគុណ ចំពោះកិច្ចសហការរបស់រដ្ឋបាលខេត្ត ក្នុងការផ្សព្វផ្សាយ​របាយការណ៍ UPR នាពេលនេះ ដែលបង្ហាញពីការយកចិត្តទុកដាក់និងជាការរួមចំណែកក្នុងការបំពេញកាតព្វកិច្ចក្រោមច្បាប់និងយន្ដការសិទ្ធិមនុស្សអន្តរជាតិជាមួយរដ្ឋាភិបាលក្នុងការអនុវត្តអនុសាសន៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកិត្យានុភាពជាតិនៅឆាកតំបន់និងអន្តរជាតិ ក៏ដូចជាឧត្តមប្រយោជន៍របស់ប្រជាជនខ្មែរទូទៅផងដែរ៕