រដ្ឋមន្ត្រី ឈាង រ៉ា៖ ភាពជាអ្នកដឹកនាំ មិនមែនស្ថិតតែលើអំណាច ឬតួនាទីប៉ុណ្ណោះទេ ប៉ុន្តែជាចក្ខុវិស័យ ភាពក្លាហាន ការទទួលខុសត្រូវ និងសមត្ថភាព
27-05-2026 16:24
(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ថា ភាពជាអ្នកដឹកនាំ មិនមែនស្ថិតតែលើអំណាច ឬតួនាទីប៉ុណ្ណោះទេ ប៉ុន្តែគឺជាចក្ខុវិស័យភាពក្លាហាន ការទទួលខុសត្រូវ និងសមត្ថភាព ក្នុងការជំរុញអ្នកជំវិញឱ្យយល់ក្នុងភាពជាម្ចាស់ ដើម្បីរួមដំណើរឆ្ពោះទៅសម្រេចគោលដៅច្បាស់លាស់មួយ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ នាឱកាសអញ្ជើញជាអធិបតីធ្វើបាឋកថា ចែករំលែកចំណេះដឹងក្រោមប្រធានបទស្តីពី «បទពិសោធន៍នៃភាពជាអ្នកដឹកនាំក្នុងវិស័យសុខាភិបាល» ជូនដល់សិស្សមន្ត្រីជាន់ខ្ពស់ សិស្ស មន្ត្រី ក្រមការ និងកម្មសិក្សាការីឆ្នាំ២០២៦ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៨០០អង្គ/នាក់ ទាំងចូលរួមដោយផ្ទាល់នៅក្នុងសហសាល និងពីចម្ងាយតាមប្រព័ន្ធអនឡាញ Microsoft Teams ។
លោកសាស្ត្រាចារ្យ ឈាង រ៉ា បានបន្ថែមថា ភាពជាអ្នកដឹកនាំពិតប្រាកដ ត្រូវបានកសាងឡើងតាមរយៈបទពិសោធន៍ វិន័យ ការស្តាប់ ភាពអត់ធ្មត់ និងការប្តេជ្ញាចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។ ការចែករំលែកទាំងនេះនឹងជំរុញ និងលើកទឹកចិត្តដល់អ្នកដឹកនាំជំនាន់ថ្មីរបស់កម្ពុជា ប្រកបដោយឧត្តមភាព សុចរិតភាព និងការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍជាតិ។
បើតាមរបាយការណ៍របស់លោក សុខ សេងយ៉ន បានបញ្ជាក់ឱ្យដឹងថា កម្មវិធីបាឋកថានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ រួមមាន៖ (១) ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការីបានជួបប្រាស្រ័យ និងទទួលការណែនាំ ពីលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី និង (២) ជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារដ៏សម្បូរបែបក្នុងវិស័យសាធារណៈ ពិសេសវិស័យសុខាភិបាលពីលោកសាស្ត្រាចារ្យ រដ្ឋមន្ត្រី ផងដែរ។
លោក សុខ សេងយ៉ន បានបន្ថែមថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថាត្រូវបានចាត់ទុកជា វេទិកាសំខាន់មិនអាចខ្វះបានដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។
តាមរយៈវេទិកានេះថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ ផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធទៅនឹងចក្ខុវិស័យ ទស្សនាទាន និងឧត្តមានុវត្តន៍ លើការដឹកនាំ និងការគ្រប់គ្រងក្នុងវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំនិងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោបាយ ទាំងឡាយរបស់ក្រសួង ស្ថាប័ន ស្របតាមការតម្រង់ទិសនៃ ផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី១ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ៕
















