ក្រុមការងារមន្ទីរសាធារណការខេត្តព្រះវិហារ ធ្វើតេស្តសមត្ថភាពទ្រទម្ងន់ស្រទាប់គ្រឹះផ្លូវ ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស Benkelman Beam លើកំណាត់ផ្លូវជាតិលេខ៦២
26-05-2026 21:36
(ព្រះវិហារ)៖ ក្រុមការងារបច្ចេកទេសនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានចុះធ្វើការពិសោធន៍វាស់សមត្ថភាពទ្រទម្ងន់នៃស្រទាប់គ្រឹះផ្លូវ ដោយប្រើប្រាស់ឧបករណ៍បច្ចេកទេស Benkelman Beam លើកំណាត់ផ្លូវជាតិលេខ៦២ ចន្លោះគីឡូម៉ែត្រ ១២០+៦០០ ដល់ ១២១+២០០ ស្ថិតក្នុងក្រុងព្រះវិហារ ដែលជាទីតាំងកំពុងអនុវត្តគម្រោងថែទាំខួប និងជួសជុលពង្រីកផ្លូវ។
ការចុះពិនិត្យ និងធ្វើតេស្តបច្ចេកទេសនេះ គឺដើម្បីធានាថា ការសាងសង់ និងជួសជុលផ្លូវអនុវត្តស្របតាមស្តង់ដារបច្ចេកទេស និងមានគុណភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង កាត់បន្ថយការខូចខាតឡើងវិញ និងធានាសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ជួសជុលថែទាំផ្លូវ ដែលគ្រប់គ្រងដោយមន្ទីរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋបានធ្វើដំណើរ និងដឹកជញ្ជូន មានភាពស្រួល។
លោក សំ លាងទ្រី បានបន្តថា ពាក់ព័ន្ធនឹងការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅតាមការដ្ឋាន គឺជាកត្តាសំខាន់ក្នុងការធានាគុណភាពសំណង់ផ្លូវ ដើម្បីឱ្យគម្រោងអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។
ប្រធានមន្ទីរបានបញ្ជាក់ថា៖ «មន្ទីរតែងតែយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យគុណភាពការងារសាងសង់ និងជួសជុលផ្លូវ ដើម្បីធានាថា ផ្លូវដែលស្ថាបនារួច មានភាពរឹងមាំ ប្រើប្រាស់បានយូរ និងអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព»។
ជាមួយគ្នានេះដែរ លោក សំ លាងទ្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ កុំលុបលូ លុបប្រឡាយទឹក និងកុំចាក់ដីខ្ពស់ជាងផ្លូវ ពិសេសរាលពេលបើកបរសូមចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរស្ថិតក្នុងស្ថានភាពស្រវឹង៕








