រដ្ឋមន្ត្រីបរិស្ថាន៖ កម្ពុជាបំប្លែងពីភាពងាយរងនៃការប្រែប្រួលអាកាសធាតុ ទៅជាកាលានុវត្តភាព ដើម្បីសម្រេចសសរត្ថម្ភទី៣ គឺចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន
26-05-2026 21:31
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះបំផុតដោយសារការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេសជាច្រើនទៀត ប៉ុន្តែ កម្ពុជាបានបំប្លែងពីការប្រឈមទៅជាឱកាសឈានឆ្ពោះទៅសម្រេចបាន សសរត្ថម្ភចីរភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាននៅលើឆាកអន្តរជាតិ និងមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។
ការលើកឡើងរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីបើក «សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ បានដាក់ចេញនូវការអភិវឌ្ឍប្រកបដោយចីរភាពជាស្នូលនៃការផ្លាស់ប្តូរសេដ្ឋកិច្ច។ ស្របតាមទិសដៅនេះក្រសួងបរិស្ថានបានដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដែលផ្តោតលើសសរស្តម្ភ៣ គឺភាពស្អាត ភាពបៃតង និងចីរភាព ហើយដើម្បីសម្រេចបាននូវចីរភាពរបស់កម្ពុជា រាជរដ្ឋាភិបាលបានរៀបចំផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។
ការកំណត់ជាក់លាក់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ឱ្យបានរហូតដល់ ៥៥% នៅត្រឹមឆ្នាំ២០៣៥ ដែលនឹងត្រូវចំណាយទុនវិនិយោគបៃតងជាង ៣២ប៊ីលានដុល្លារអាមេរិកក្នុងរយៈពេល ១០ឆ្នាំខាងមុខ គឺជាយន្តការដ៏មានសារសំខាន់ក្នុងការកៀរគរធនធានថវិកាពីបណ្តាប្រទេសអភិវឌ្ឍដែលជាប់កាតព្វកិច្ច។ គិតមកទល់ពេលនេះ ទុនសរុបដែលត្រូវបានប្រកាសផ្តល់ និងកៀរគរក្រោមយន្តការ GCF មានចំនួនលើសពី ៣០ប៊ីលានដុល្លារអាមេរិក ដូចនេះការរួមគ្នាបង្កើត «ឧបករណ៍ហិរញ្ញវត្ថុច្នៃប្រឌិត» សំដៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវអនាគតមួយដែល មានភាពស្អាត ភាពបៃតង មានភាពធន់ និងមានចីរភាព គឺជាទិសដៅសំខាន់សម្រាប់សិក្ខាសាលា «សិក្ខាសាលាកសាងសមត្ថភាព និងចែករំលែកចំណេះដឹងក្រោមមូលបទ ប្រព័ន្ធវដ្តករសាស្រ្តហិរញ្ញវត្ថុប្រកបដោយចីរភាពស្តង់ដារការលាតត្រដាងព័ត៌មានអំពីចីរភាព (IFRS)៕












