អភិបាលស្រុកស្ទោង៖ ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលច្រើនស្អេកស្កះក្នុងវត្តព្រះពុទ្ធសាសនា ជាការរួបរួមសាមគ្គី និងលះបង់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត
26-05-2026 21:25
(កំពង់ធំ)៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានលើកឡើងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលច្រើនស្អេកស្កះក្នុងវត្ត គឺជាការរួបរួមសាមគ្គីនិងលះបង់ខ្ពស់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត។
ការលើកឡើងដូច្នេះរបស់លោក សាយ គឹមឡម បានធ្វើឡើងក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តទួលព្រះស្រី ស្ថិតនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
ជាមួយគ្នានេះ លោកបានអំពាវនាវបន្ថែមទៀតដល់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយត្រូវបន្តវប្បធម៌ដ៏ល្អផូរផង់នេះដើម្បីឱ្យវត្តអារាម កាន់តែរីកចម្រើន ជាពិសេសតម្កល់ព្រះពុទ្ធសាសនាឱ្យបានរុងរឿងគ្រប់ ៥,០០០ព្រះវស្សា តាមពុទ្ធានុញ្ញាត ហើយត្រូវធ្វើការអភិវឌ្ឍវត្តអារាមតាមប្លង់មេច្បាស់លាស់ ជាពិសេសទៀតជាទីអារាមដែលខៀវបំព្រងដោយធម្មជាតិរុក្ខជាតិសួនច្បារចម្រុះពណ៌ និងជាទីមនោរម្យរបស់ពុទ្ធបរិស័ទ។
លោកបានក្រើនរំលឹកដល់ព្រះគ្រូចៅអធិការ អាចារ្យគណៈកម្មការវត្តគ្រប់វត្ត និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ត្រូវពិនិត្យបានហ្មត់ចត់ និងច្បាស់លាស់បំផុតក្នុងការយក បរិវេណវត្តអារាមធ្វើចេតិយជាលក្ខណៈបុគ្គលដែលបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពុទ្ធបរិស័ទ អាចក្លាយជាទម្រង់សំណង់អាណាធិបតេយ្យថែមទៀត ហើយលោកនឹងឱ្យសហការីធ្វើជំរឿនចេតិយនៅតាមបណ្ដាវត្តអារាមនានាឱ្យបានជាក់លាក់បំផុត។
លើសពីនេះលោកអភិបាលស្រុកបានលើកទឹកចិត្តដល់យុវជន សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពដើម្បីក្លាយជាទំពាំងស្នងឬស្សី ក្នុងបរិបទបច្ចេកវិទ្យាទំនើបដើម្បីជ្រោងសេដ្ឋកិច្ចជាតិឱ្យបានរឹងមាំ ជាមូលធនមនុស្សក្នុងការការពារមរណភាពទឹកដីពីសត្រូវឈ្លានពានថែមទៀត ហើយឪពុក ម្ដាយ អាណាព្យាបាលត្រូវជំរុញ និងលើកទឹកចិត្តការសិក្សានេះឱ្យបានទូលំទូលាយ បន្តតាមដានការសិក្សារៀនសូត្ររបស់កូនចៅ ឱ្យក្លាយជាមនុស្សប្រកបដោយសីលធម៌ គុណធម៌ ចាកផុតពីអបាយមុខ និងក្មេងទំនើង។
លោក សាយ គឹមឡម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាពិសេសសិស្សានុសិស្ស និងយុវជនត្រូវ បន្តធ្វើពហិការទំនិញ ឬផលិតផលរបស់ប្រទេសសៀម និងលើកកម្ពស់ ផលិតផលក្នុងស្រុក ផលិតផលនៅក្នុងមូលដ្ឋានដើម្បីចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន សេដ្ឋកិច្ចជាតិទាំងមូលថែមទៀត។
សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ លោកអភិបាលស្រុកស្ទោង ព្រមទាំងសហការី និងព្រះមន្ត្រីសង្ឃ សាលាអនុគុណស្រុក បានចូលរួមបុណ្យនូវបច្ច័យចំនួន ២លាន ១២ម៉ឺនរៀល និង១០ដុល្លារអាមេរិកផងដែរ៕











