FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទេសរដ្ឋមន្រ្តី កែវ​ រ៉េមី៖ សម្ដេចតេជោ និងសម្ដេចធិបតី ផ្ដល់តម្លៃខ្ពស់ចំពោះជីវិត និងសុខសុវត្ថិភាព របស់ប្រជាជនតាមរយៈប្រកាន់យកការអត់ធ្មត់ជាអតិបរមា និងជម្រើសដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ

26-05-2026 21:23

(បាត់ដំបង)៖ ទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជា ទាំងសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់តម្លៃយ៉ាងខ្ពស់ចំពោះអាយុជីវិត សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូប តាមរយៈប្រកាន់យកការអត់ធ្មត់ជាអតិបរមា និងជម្រើសនៃការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ដោយសន្ដិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។

ករគូសបបញ្ជាក់បែបនេះរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ក្នុុងឱកាសបានអញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា «ផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីយន្តការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR)» ក្រោមកិច្ចសហការវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយរដ្ឋបាលខេត្តបាត់ដំបង នៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក យឹម សៀប អភិបាលរងខេត្តបាត់ដំបង តំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរ តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានា អង្គការសង្គមស៊ីវិល ព្រមទាំងយុវជន ស.ស.យ.ក. ខេត្ត សរុប៣២០នាក់។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ទេសរដ្ឋមន្រ្តី កែវ រ៉េមី បានបញ្ជាក់ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាពទឹកដី និងសិទ្ធិសេរីភាពរបស់ប្រជាជនកម្ពុជា តាមរយៈការចេញញត្តិថ្កោលទោស និងដាក់ពាក្យបណ្តឹងទៅកាន់យន្តការសិទ្ធិមនុស្សតំបន់ និងអន្តរជាតិចំនួន ៦០ច្បាប់ ព្រមទាំងការបំពេញបេសកកម្មសិទ្ធិមនុស្សនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីខែមីនា ឆ្នាំ២០២៦ ផងដែរ។

ថ្លែងក្នុងឱកាសនោះទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា យន្តការ UPR គឺជាយន្តការដ៏សំខាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលផ្តល់ឱកាសឱ្យប្រទេសសមាជិកទាំងអស់ចែករំលែកនូវឧត្តមានុវត្តន៍ និងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើវិស័យសិទ្ធិមនុស្ស។

ទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីអាទិភាពនានា ដើម្បីធានាស្ថិរភាពសង្គម និងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ គឺជាបុរេលក្ខខណ្ឌនៃសិទ្ធិមនុស្ស និងស្របតាមអនុសាសន៍ដែលកម្ពុជាបានទទួលយកក្នុងក្របខណ្ឌ UPR។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី បានលើកឡើងពីចំណុចជាអាទិភាព និងឈានមុខគេរបស់កម្ពុជា ក្នុងវិស័យសិទ្ធិមនុស្ស រួមមាន ការផ្តល់សច្ចាប័នលើលិខិតុបករណ៍សិទ្ធិមនុស្សអន្តរជាតិដ៏ច្រើនលើសលប់ ការអនុញ្ញាតឱ្យមានវត្តមានការិយាល័យ OHCHR អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាព​សិទ្ធិមនុស្ស​ប្រចាំកម្ពុជា ការលុបចោលទោសប្រហារជីវិត សុខដុមនីយកម្មសាសនា និងការបើកទូលាយចំពោះសិទ្ធិសេរីភាពរបស់ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា ជាដើម។

ជាងនេះទៀត ទេសរដ្ឋមន្រ្តី កែវ​ រ៉េមី បានលើកទឹកចិត្តដល់យុវជនឱ្យចូលរួមបំពេញកាតព្វកិច្ចយោធាឱ្យបានពេញលេញ ដោយចាត់ទុកថានេះជាឱកាសក្នុងការរួមចំណែកក្នុងការការពារបូរណភាពទឹកដី ក៏ដូចជាដើម្បីពង្រឹងសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត ហើយត្រូវចៀសវាងជឿតាមការឃោសនាអកុសលណាមួយក្នុងចេតនាបន្ទច់បន្អាក់ការពង្រឹងខឿនការពារជាតិរបស់កម្ពុជាពីសំណាក់បច្ចាមិត្ត។

ទេសរដ្ឋមន្រ្តីបានស្នើឱ្យបន្ដជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយរាល់បញ្ហា ព្រមទាំងត្រូវរួបរួមសាមគ្គីគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាលក្នុងការការពារ និងកសាងជាតិឱ្យរីកចម្រើនជាលំដាប់៕