FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងទេសចរណ៍ និង Wuhan Central Group ពង្រឹងកិច្ចសហការបណ្តុះជំនាញទេសចរណ៍ ស្របតាមស្តង់ដាអន្តរជាតិ

26-05-2026 20:27

(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Li Jun អគ្គនាយកក្រុមហ៊ុន Wuhan Central Group នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ ព្រមទាំងការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីកិច្ចសហប្រតិបត្តិការជាមួយសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបពិភាក្សានេះ លោក Li Jun បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះសក្តានុពលវិស័យទេសចរណ៍ដ៏ទាក់ទាញរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ ដែលមានសក្តានុពលទាក់ទាញភ្ញៀវទេសចរចិន និងអន្តរជាតិ។

ភាគីក្រុមហ៊ុន ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់គុណភាពការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាលាវិជ្ជាជីវៈទេសចរណ៍ និងស្ថាប័នអប់រំនានានៅប្រទេសចិន ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ស្របតាមទិសដៅនៃការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា។

ជាកិច្ចឆ្លើយតប លោករដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើម និងការចូលរួមដ៏សកម្មរបស់ក្រុមហ៊ុន Wuhan Central Group ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ និងភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា៕