FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភូមិតានន៖ គំរូជោគជ័យនៃកិច្ចសហប្រតិបត្តិការសង្គមស៊ីវិល កម្ពុជា-ចិន

26-05-2026 17:28

(តាកែវ)៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាបឋមសិក្សាអង្គកំនប់ ស្ថិតក្នុងឃុំដូង ស្រុកបាទីខេត្តតាកែវ ជាទីតាំងនៃកិច្ចពិភាក្សារវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និង មូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) បូកសរុប ការងារ រយៈពេល៩ឆ្នាំ ដែលរួមគ្នាអភិវឌ្ឍមូលដ្ឋាន និងលេីកទិសដៅឈានទៅរៀបចំខួប១ទសវត្សរ៍ នៃចំណងមេត្រីភាពរវាងសង្គមស៊ីវិលនៃប្រទេសយេីងទាំងពីរកម្ពុជា -ចិន។

ក្នុងចំណោមរបៀបវារៈទាំងអស់ របៀបវារៈស្តីពីការអភិវឌ្ឍនៅភូមិតានន បានក្លាយជាប្រធានបទដ៏សំខាន់ ដែលភាគីទាំងពីរចាត់ទុកថាជាគំរូដ៏មានអត្ថន័យមួយ ដែលឆ្លុះបញ្ចាំងពីកម្លាំងសាមគ្គី និងការប្រកៀកស្មារគ្នាយ៉ាងជិតស្និទ្ធរវាង វ.ស.ស. និង CFPD ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ តាមរយៈ កិច្ចសហប្រតិបត្តិការដែលផ្តោតលើមនុស្សជាគោលកម្មវិធី និងគម្រោងនានាត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជន ចាប់ពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការអប់រំ សុខាភិបាល ទឹកស្អាត អនាម័យ រហូតដល់ការបង្កើនឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍធនធានមនុស្ស។

ឯកឧត្ដម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានមានប្រសាសន៍ថា ពីភូមិដែលធ្លាប់ប្រឈមនឹងការខ្វះខាត និងការលំបាកក្នុងជីវភាព ប្រជាពលរដ្ឋនៅភូមិតានន បានទទួលអត្ថប្រយោជន៍ជាក់ស្តែងពីគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលមិនត្រឹមតែជួយកាត់បន្ថយភាពក្រីក្រ ប៉ុន្តែថែមទាំងបង្កើនក្តីសង្ឃឹម និងជំនឿចិត្តរបស់ប្រជាជនក្នុងការកសាងអនាគត របស់ខ្លួនផងដែរ។ ការផ្លាស់ប្តូរទាំងនេះ បានបង្ហាញថា នៅពេលសង្គមស៊ីវិលនៃប្រទេសទាំងពីរ ចូលរួមសហការគ្នាដោយស្មោះត្រង់ និងមានទិសដៅរួម នោះអាចបង្កើតបាននូវលទ្ធផលដែលមានឥទ្ធិពលយ៉ាងជ្រាលជ្រៅដល់ជីវភាពប្រជាជននៅមូលដ្ឋាន។

លោក Wang Heming អគ្គលេខាធិការមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ បានកោតសរសេីរភាព ជាដៃគូរបស់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលបានរួមគ្នានាំភូមិតាននបានក្លាយជាទីតាំងគំរូមួយ សម្រាប់បង្ហាញពីទស្សនវិស័យនៃការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងការចែករំលែកផ្លែផ្កានៃការអភិវឌ្ឍទៅដល់ប្រជាជន។ លោកបន្ថែមថា ជោគជ័យនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្តែជាលទ្ធផលនៃការធ្វើការរួមគ្នាយ៉ាងអត់ធ្មត់ ការស្តាប់តម្រូវការពិតពីមូលដ្ឋាន និងការបម្លែងក្តីសង្ឃឹមរបស់ប្រជាជនឱ្យក្លាយជាសកម្មភាពជាក់ស្តែង។

រយៈពេល ពេញ១ថ្ងៃ សង្គមស៊ីវិលនៃប្រទេសទាំងពីរ បានពិភាក្សា និង បានរចនាប្លង់មេប្រកបដោយត្រីវិស័យវិទ្យាសាស្ត្រ ដើម្បីបន្តបេសកកម្មចារឹកសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងក្រាំងមាសនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន។ ភាគីទាំងពីរ កំពុងស្វែងរកលទ្ធភាពបើកសោគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើន ទាំងក្នុងវិស័យអប់រំ សុខភាព កសិកម្ម បច្ចេកវិទ្យា ការអភិវឌ្ឍយុវជន និងការលើកកម្ពស់ជីវភាពសហគមន៍ ដើម្បីអបអរសាទរខួប១០ឆ្នាំ (២០១៧–២០២៧) នៃកិច្ចសហប្រតិបត្តិការដ៏មានអត្ថន័យនេះ។

ខួប១០ឆ្នាំខាងមុខ (ឆ្នាំ ២០២៧) មិនត្រឹមតែជាការរំឭកដល់ដំណើរនៃកិច្ចសហប្រតិបត្តិការដែលទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាចំណុចចាប់ផ្តើមថ្មី សម្រាប់ពង្រីកវិសាលភាពនៃការអភិវឌ្ឍ និងបន្តបង្កើតគម្រោង ដែលអាចផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់ប្រជាពលរដ្ឋកម្ពុជាកាន់តែទូលំទូលាយ។ នេះក៏ជាការបង្ហាញថា កិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល កម្ពុជា-ចិន កំពុងឈានពីកម្រិត «ជួយគ្នា» ទៅកាន់កម្រិត «កសាងអនាគតរួមគ្នា» ប្រកបដោយចីរភាព។

បន្ថែម ជាមួយការចែករំលែកព័ត៌មានពីបណ្តាញសារព័ត៌មាននានក្នុងប្រទេសកម្ពុជា ព្រឹត្តិការណ៍នៅថ្ងៃនេះ ទទួលបានការយកចិត្តទុកដាក់ពីស្ថានីយទូរទស្សន៍មជ្ឈិមចិនបានចុះផ្សព្វផ្សាយ និងបង្ហាញពីគំរូជោគជ័យ នៃការអភិវឌ្ឍរួមគ្នារវាងសង្គមស៊ីវិលកម្ពុជា-ចិន។ ការផ្សព្វផ្សាយនេះ មិនត្រឹមតែជាការចែករំលែកបទពិសោធន៍ជោគជ័យ ទៅកាន់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបញ្ជាក់ពីតម្លៃ និងសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការមិត្តដែកថែប ប្រកបដោយភាពរឹងមាំ និងវិបុលភាពរវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន ដែលកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី៕

វិទ្យុមិត្តភាពកម្ពុជាចិន