Fresh Exclusive: ការលើកលែងទោសលោក កឹម សុខា៖ ជំហាននយោបាយថ្មីមួយក្នុងការពង្រឹងសាមគ្គីជាតិ និងគុណធម៌នៃការដឹកនាំ! (Video inside)
26-05-2026 17:12
(ភ្នំបេញ)៖ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានព្រះរាជក្រឹត្យ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ធ្វើការលើកលែងទោសកំហុសជាប់ពន្ធនាគារទាំងស្រុង។ ការសម្រេចចិត្តនេះ ត្រូវបានគេមើលឃើញថា ជាសញ្ញានៃគុណធម៌នយោបាយ ការបន្ធូរភាពតានតឹង និងការលើកកម្ពស់ស្មារតីផ្សះផ្សាជាតិនៅកម្ពុជា។
Fresh Exclusive មានអត្ថបទស៊ីជម្រៅមួយជុំវិញបញ្ហានេះ៖
ក្នុងបរិបទដែលពិភពលោកជាច្រើនកំពុងប្រឈមមុខនឹងការបែកបាក់ផ្ទៃក្នុង ការប្រឈមនយោបាយ និងការបាត់បង់ទំនុកចិត្តរវាងអ្នកនយោបាយនិងប្រជាជន, កម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញសញ្ញានយោបាយមួយដែលមានអត្ថន័យដ៏ធំធេង នោះ គឹ ការលើកលែងទោសអតីតអ្នកនយោបាយម្នាក់ ដែលជាសញ្ញានៃ «គុណធម៌នយោបាយ» និង «ស្មារតីផ្សះផ្សាជាតិ» ដែលកំពុងត្រូវបានលើកកម្ពស់ជាថ្មី។
ការចេញព្រះរាជក្រឹត្យលើកលែងទោសឱ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយប្រមុខរដ្ឋស្តីទី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន តាមសំណើរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនមែនគ្រាន់តែជាវិធានការផ្លូវច្បាប់នោះទេ ប៉ុន្តែជាសារនយោបាយមួយដ៏សំខាន់មួយ ដែលបញ្ជាក់ថា កម្ពុជា កំពុងព្យាយាមបង្កើតបរិយាកាសនយោបាយដែលផ្អែកលើ «មនុស្សធម៌ សន្តិភាព និងសាមគ្គីភាពជាតិ»។
*ពីរឿងច្បាប់ ទៅកាន់គុណធម៌នយោបាយ
លោក កឹម សុខា ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ហើយសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ បានតម្កល់សាលក្រមសាលាដំបូង និងបន្ថែមការហាមឃាត់មិនឱ្យចេញក្រៅប្រទេសរយៈពេល៥ឆ្នាំ។
យោងតាមព្រះរាជក្រឹត្យលើកលែងទោស ការលើកលែងនេះអនុវត្តចំពោះ «ទោសដាក់ពន្ធនាគារ» ដែលជាមូលទោសប៉ុណ្ណោះ។ មានន័យថា ទោសដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ដែលតុលាការបានផ្តន្ទាទោសលើលោក កឹម សុខា ត្រូវបានលើកលែងទាំងស្រុង។
ការលើកលែងទោសនេះ បានបង្កការភ្ញាក់ផ្អើល និងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណមតិ ពីព្រោះមនុស្សជាច្រើនធ្លាប់គិតថា ករណីរបស់លោក កឹម សុខា អាចនឹងបន្តស្ថិតក្នុងបរិយាកាសតានតឹងផ្នែកនយោបាយអស់រយៈពេលយូរទៀត។ ប៉ុន្តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសផ្លូវមួយផ្សេងទៀត នោះគឺផ្លូវនៃ «គុណធម៌នយោបាយ» និង «ការបន្ធូរភាពតានតឹងជាតិ» ក្នុងគោលដៅជំរុញស្មារតីផ្សះផ្សាជាតិ និងពង្រឹងសាមគ្គីភាពរវាងខ្មែរ និងខ្មែរ។
ក្នុងន័យនយោបាយ ការសម្រេចចិត្តនេះ ក៏អាចត្រូវបានមើលឃើញថា ជាសញ្ញាមួយបង្ហាញពីបំណងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតបរិយាកាសនយោបាយដែលស្ងប់ស្ងាត់ជាងមុន និងបន្តលើកកម្ពស់ស្ថិរភាព សន្តិភាព និងឯកភាពជាតិ ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសរយៈពេលវែង។
នៅលើបណ្តាញសង្គមផ្លូវការ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរបង្ហាញអត្ថ ន័យនៃការលើកលែងទោសនេះថា «ជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។
ប្រយោគនេះខ្លីមែន ប៉ុន្តែមានអត្ថន័យនយោបាយដ៏ជ្រាលជ្រៅណាស់ ពីព្រោះបង្ហាញថា ការលើកលែងទោស មិនត្រូវបានមើលឃើញថាជាការចាញ់ឈ្នះនយោបាយទេ ប៉ុន្តែជាការប្រើប្រាស់អំណាចរដ្ឋក្នុងន័យមនុស្សធម៌ ដើម្បីបន្ថយភាពបែកបាក់ និងពង្រឹងស្មារតីឯកភាពជាតិរវាងខ្មែរ និងខ្មែរ។
ក្នុងន័យមួយទៀត សាររបស់សម្តេចនាយករដ្ឋមន្ត្រី ក៏កំពុងបញ្ជាក់ផងដែរថា សន្តិភាព និងសាមគ្គីភាពជាតិ នៅតែជាគោលដៅធំបំផុត ដែលរាជរដ្ឋាភិបាលកម្ពុជា ចង់ថែរក្សា និងពង្រឹងបន្តទៅមុខ។
*នាយករដ្ឋមន្ត្រីកម្ពុជា និងនយោបាយមនុស្សធម៌
អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន គឺលោក ជា ធីរិទ្ធ បានបញ្ជាក់ថា ការលើកលែងទោសលោក កឹម សុខា កើតឡើងបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទូលថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំការលើកលែងទោស។
ក្នុងន័យនយោបាយ នេះគឺជាចំណុចដ៏សំខាន់មួយ ព្រោះវាបង្ហាញថា ការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងព្យាយាមបង្កើតបរិយាកាសនយោបាយថ្មីមួយ ដែលផ្អែកលើ «ការបន្ធូរភាពតានតឹង», «ការផ្សះផ្សាជាតិ» និង «មនុស្សធម៌» ជាជាងការបន្តវដ្តនៃការប្រឈមនយោបាយ។
លោក ជា ធីរិទ្ធ បានលើកឡើងថា៖
«ការលើកលែងទោសចំពោះលោក កឹម សុខា គឺជារឿងដែលយើងសាទរ វាបង្ហាញអំពីគុណធម៌នយោបាយដ៏ជ្រាលជ្រៅរបស់រាជរដ្ឋាភិបាល ជាពិសេសគឺគុណធម៌នយោបាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត»។
សារនេះ មានអត្ថន័យនយោបាយយ៉ាងជ្រាលជ្រៅ ព្រោះបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មិនចង់ឱ្យសង្គមខ្មែរ បន្តរស់នៅក្នុងបរិយាកាសនៃការបែកបាក់ ការប្រឈម និងការសងសឹកផ្នែកនយោបាយនោះទេ ប៉ុន្តែចង់ឃើញការកសាងបរិយាកាសដែលខ្មែរ អាចរស់នៅជាមួយគ្នា ក្រោមស្មារតីសន្តិភាព និងការគោរពគ្នាទៅវិញទៅមក។
អ្វីដែលធ្វើឱ្យការលើកលែងទោសនេះ កាន់តែរំញោចដល់អារម្មណ៍សាធារណៈនោះ គឺការលើកឡើងអំពីស្ថានភាពម្តាយរបស់លោក កឹម សុខា ដែលកំពុងស្ថិតក្នុងវ័យចាស់ជរា និងដំណាក់កាលចុងក្រោយនៃជីវិត។
លោក ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមត្រង់ចំណុចនេះថា៖
«រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយកូនមានទោសទៀតនោះ គឺជារឿងដែលសម្ដេចមហាបវរធិបតីមិនចង់ឃើញ»។
ប្រយោគនេះ មិនត្រឹមតែជាការពន្យល់អំពីហេតុផលនយោបាយនោះទេ ប៉ុន្តែថែមទាំងបង្ហាញពីភាពមនុស្សធម៌នៃការដឹកនាំផងដែរ។ ក្នុងសង្គមខ្មែរ ដែលតែងផ្តល់តម្លៃខ្ពស់ចំពោះគុណធម៌ ក្តីមេត្តា និងកាតព្វកិច្ចរបស់កូនចំពោះឪពុកម្តាយ ការសម្រេចចិត្តនេះអាចត្រូវបានមើលឃើញថា ជាការប្រើប្រាស់អំណាចរដ្ឋដោយភ្ជាប់ជាមួយមនុស្សធម៌ និងបេះដូង មិនមែនផ្អែកតែលើអំណាចច្បាប់ប៉ុណ្ណោះទេ។
ក្នុងន័យធំជាងនេះ ការលើកលែងទោសលោក កឹម សុខា ក៏អាចត្រូវបានបកស្រាយថា ជាសញ្ញានៃការបើកទំព័រនយោបាយថ្មីមួយ ដែលរាជរដ្ឋាភិបាលចង់ផ្ញើសារទៅសង្គមខ្មែរ និងសហគមន៍អន្តរជាតិថា កម្ពុជា នៅតែជឿលើសន្តិភាព ការផ្សះផ្សា និងសាមគ្គីភាពជាតិ ជាគ្រឹះសម្រាប់ស្ថិរភាព និងការអភិវឌ្ឍរយៈពេលវែង។
*សញ្ញាវិជ្ជមានសម្រាប់សាមគ្គីជាតិ
អ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺសូម្បីតែគណបក្សប្រឆាំង ដូចជា គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ក៏បានចេញសេចក្តីថ្លែងការណ៍អបអរសាទរ។
គណបក្សទាំងពីរ បានចាត់ទុកថា នេះជា៖ «ការវិវត្តមួយ ដែលប្រជាពលរដ្ឋខ្មែរ តែងតែប្រាថ្នា ចង់ឃើញការបន្ធូរបន្ថយភាពតានតឹងផ្នែកនយោបាយ និងការផ្សះផ្សាជាតិពិតប្រាកដ»។
ទោះបីជាពួកគេនៅតែមានការព្រួយបារម្ភខ្លះៗអំពីសិទ្ធិនយោបាយរបស់លោក កឹម សុខា ក៏ដោយ ការអបអរសាទរនេះបានបង្ហាញថា ការលើកលែងទោសអាចក្លាយជាចំណុចចាប់ផ្តើមថ្មីមួយសម្រាប់ការបង្កើតបរិយាកាសនយោបាយដែលស្ងប់ស្ងាត់ជាងមុន។
*កម្ពុជា ត្រូវការសាមគ្គីភាព មិនមែនការបែកបាក់
ក្នុងរយៈពេលជាច្រើនទសវត្សរ៍ កម្ពុជា បានឆ្លងកាត់សង្គ្រាម សោកនាដកម្ម និងការបែកបាក់ជាច្រើន។ ដូច្នេះ សន្តិភាព និងសាមគ្គីភាពជាតិ មិនមែនជារឿងតូចទេ។
ការលើកលែងទោសលោក កឹម សុខា នៅពេលនេះ អាចត្រូវបានមើលឃើញថា ជាការបន្តនយោបាយផ្សះផ្សាជាតិ ដែលធ្លាប់ធ្វើឱ្យកម្ពុជា ចាកផុតពីសង្គ្រាមស៊ីវិល និងឈានចូលដំណាក់កាលសន្តិភាពពេញលេញ។
សម្រាប់ប្រជាជនខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ អ្វីដែលពួកគេចង់ឃើញ មិនមែនជាការប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរទៀតទេ ប៉ុន្តែជាបរិយាកាសដែលអ្នកនយោបាយអាចរស់នៅក្នុងការគោរពគ្នា និងដោះស្រាយភាពខុសគ្នាតាមផ្លូវសន្តិវិធី។
សេចក្តីសន្និដ្ឋាន
ការលើកលែងទោសលោក កឹម សុខា គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយសម្រាប់កម្ពុជា ឆ្នាំ២០២៦។ វាបង្ហាញថា ទោះបីមានភាពខុសគ្នានយោបាយយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា នៅតែអាចជ្រើសរើសផ្លូវនៃគុណធម៌ មនុស្សធម៌ និងសាមគ្គីភាពជាតិ។ សាររបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបញ្ជាក់ថា «ជំហានមួយបន្ថែម ក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ» ប្រហែលជាកំពុងបញ្ជាក់ថា កម្ពុជា ចង់បើកទំព័រនយោបាយថ្មីមួយ ដែលផ្អែកលើការបន្ធូរភាពតានតឹង ការគោរពគ្នា និងការរួមគ្នាកសាងអនាគតជាតិ។
ក្នុងពេលដែលពិភពលោកជាច្រើនកំពុងបែកបាក់ កម្ពុជា កំពុងព្យាយាមបង្ហាញថា «សាមគ្គីភាពជាតិ» នៅតែជាកម្លាំងធំបំផុតសម្រាប់ការពារសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេស៕
