អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដឹកនាំកិច្ចប្រជុំពង្រឹងវិធានការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃ និងបង្ក្រាប Scam Online បើសិនរកឃើញ
26-05-2026 17:08
(ព្រះវិហារ)៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ដើម្បីពិភាក្សា និងដាក់ចេញវិធានការ ពាក់ព័ន្ធនឹងការទប់ស្កាត់ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ព្រមទាំងការណែនាំពង្រឹងការបង្ក្រាបសកម្មភាព SCam Online ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត។
កិច្ចប្រជុំនេះ មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីរួមគ្នាពិនិត្យស្ថានភាពជាក់ស្តែង និងដាក់ចេញវិធានការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងកិច្ចប្រជុំ លោកអភិបាលស្រុកជាំក្សាន្ត បានណែនាំឱ្យអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលាចំពោះសកម្មភាពកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ដោយត្រូវអនុវត្តវិធានការច្បាប់ យ៉ាងម៉ឺងម៉ាត់ចំពោះជនល្មើស ដើម្បីការពារធនធានធម្មជាតិ។
អនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ និងការណែនាំពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត លោក ចិន ខន្តី ក៏បានថ្លែងណែនាំដល់កម្លាំងមានសមត្ថកិច្ច ត្រូវបង្កើនការស្រាវជ្រាវ និងបង្ក្រាបសកម្មភាព SCam Online ដែលអាចបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋាន។
លោក ចិន ខន្តី បានថ្លែងសង្កត់ធ្ងន់ថា គណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធ អនុវត្តតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងការអភិរក្សធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ រដ្ឋបាលស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ទីតាំងជួលផ្ទះស្នាក់នៅ ទាំងអស់ ក្នុងស្រុក ដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមាន ឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល ឬលើសពីនេះ ទៅតាមស្ថានភាពល្មើស (ច្បាប់ក៏បានអនុវត្ត ចំពោះទីតាំងមួយចំនួនរួចហើយ ដោយគ្មានការលើកលែងជាដាច់ខាត)។
ប្រសិនបើរកឃើញមានការសហការបើក Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត។ កុំដើម្បីប្រយោជន៍តិចតួចបំផ្លាញកិត្តិយសខេត្ត និងជាតិខ្លួនឯង អាជ្ញាធរ មានសមត្ថកិច្ចនឹងស្រាវជ្រាវ អនុវត្តច្បាប់គ្រប់ទីកន្លែងដោយមិនលើកលែង។
គណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់ថ្នាក់ នៃខេត្តព្រះវិហារ បានសច្ចាធានាជូនសម្តេចធិបតី នាយករដ្ឋមន្ត្រីរួចហើយ ហើយប្តេជ្ញា បោសសំអាត Scam online ឲ្យអស់ពីមូលដ្ឋាន ស្រុក ក្រុង និងខេត្ត ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជាយើង។
សូមជូនជ្រាបដល់ម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និង មន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់ សូមកុំពាក់ព័ន្ធ កុំនៅពីក្រោយ កុំអន្តរាគមន៍ និងសូមសហការរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីប្តេជ្ញាចិត្តរួមគ្នា រៀបចំសម្អាតផ្ទះយើងអោយបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចជាតិ ឲ្យបានរឹងមាំបន្ថែមទៀត។
សូមបងប្អូន ទំនាក់ទំនងនិងផ្តល់ព័ត៌មាន តាមរយៈលេខទូរស័ព្ទ៖០១១ ២៨៨ ២៨៧, ០៩៧ ៧៧៧៧ ៥៣៤ និងHot line 4333













