ក្រសួងកសិកម្ម បង្ហាញលទ្ធផលនៃការធ្វើកោសល្យវិច័យលើសពសត្វផ្សោតនៅខេត្តក្រចេះ
26-05-2026 17:07
(ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញលទ្ធផលនៃការពិនិត្យ និងធ្វើកោសល្យវិច័យលើសពសត្វផ្សោតមួយក្បាល ដែលត្រូវបានប្រទះឃើញអណ្តែតទើនៅមាត់ច្រាំងកោះអណ្តូង ស្ថិតក្នុងភូមិកំពង់ក្បឿង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងមក។
តាមរយៈសេចក្ដីប្រកាសនោះ បានឱ្យដឹងថាយោងតាមលទ្ធផលនៃការពិនិត្យសត្វផ្សោតនេះមានលេខសម្គាល់ ៩៤ (ID: 94) ជាប្រភេទផ្សោតញី ដែលធ្លាប់រស់នៅក្នុងអន្លង់ ត្បូងខ្លា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ សត្វផ្សោតនេះមានអាយុប្រមាណ ៣០ឆ្នាំ ប្រវែង ២៣១សង់ទីម៉ែត្រ និងទម្ងន់ ១៧០គីឡូក្រាម។ តាមការពិនិត្យជាក់ស្តែង ផ្សោតនេះមានធ្មេញសឹករេចរិល ក្រពះទទេពុំមានចំណីអាហារ និង ពុំមានស្លាកស្នាមរបួសដោយសារឧបករណ៍នេសាទនៅលើដងខ្លួនឡើយ។
ផ្អែកលើលក្ខណៈជីវសាស្ត្រ សត្វផ្សោត ទឹកសាប (Irrawaddy Dolphin) អាចបន្តពូជបាននៅពេលមានអាយុចាប់ពី ៧ឆ្នាំ និងអាចរស់បានរហូតដល់អាយុ ៣០ឆ្នាំ ព្រមទាំងមានទម្ងន់អតិបរមាចន្លោះពី ១៥០ ទៅ ២០០គីឡូក្រាម។ អាស្រ័យហេតុនេះ ក្រុមការងារជំនាញ បានសន្និដ្ឋានថា ផ្សោតលេខ៩៤ នេះ បានស្លាប់ដោយសារចាស់ជរា។
គិតចាប់តាំងពីមានករណីសត្វផ្សោតស្លាប់ចុងក្រោយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ រហូតមកដល់ករណីស្លាប់ដោយធម្មជាតិនាខែឧសភា ឆ្នាំ២០២៦នេះ គឺមានរយៈពេល ១៩ខែ ដែលពុំមានសត្វផ្សោតស្លាប់ដោយកត្តាផ្សេងៗ ទាល់តែសោះ។
នេះគឺជាលទ្ធផលដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងសកម្មឥតស្រាកស្រាន្ត របស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងឆ្នាំទន្លេ ក្នុងការទប់ស្កាត់យ៉ាងម៉ឺងម៉ាត់ មិនឱ្យមានករណីផ្សោតស្លាប់ដោយសារ កត្តាខាងក្រៅ ដូចជាការជាប់មង ការឆក់ត្រី ឬការមុតរបួសដោយសារស្លាបចក្រកាណូតជាដើម។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនឆ្នាំទន្លេ មន្ត្រី ជលផល អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងការថែរក្សា និងការពារធនធានជល ផលដ៏មានតម្លៃនេះ។
ទន្ទឹមនឹងនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រសិនបើបាន ប្រទះឃើញសត្វផ្សោត (ជាពិសេសកូនផ្សោត) ឬសកម្មភាពនេសាទល្មើសច្បាប់ សូមជួយផ្តល់ព័ត៌មានជាបន្ទាន់មក កាន់សមត្ថកិច្ចជលផល តាមរយៈទូរសព្ទលេខ៖ ០១២ ៨៩៧ ៩៤៣ - ០១១ ៣៥៥ ៨៨៣ - ០៩៩ ៧៩១ ៩១៩ -០៩២ ៩១៨ ១៤៤ និង ០១៧ ៨១៨ ៣៨២៕


