FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពត និងអគ្គនាយក ARDB ពិភាក្សាគ្នាអំពីសក្តានុភាពវិស័យកសិកម្ម និងការអភិវឌ្ឍន៍, ខេ្តកំពតក្រៅពីទេសចរណ៍ និងសេវាកម្ម មានសក្តានុពលលើផ្នែកចិញ្ចឹមសត្វ និងដាំដុះបន្លែ

26-05-2026 16:55

(កំពត)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅព្រឹកថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី ចូលជួបសម្តែងការគួរសម ជាមួយនិងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីពិភាក្សាអំពីវិស័យកសិកម្ម និងការអភិវឌ្ឍន៍។

ក្នុងជំនួបសម្តែងការគួរសមនោះ លោកបណ្ឌិត ម៉ៅ ធនិន ក៏បានលើកឡើងពីបច្ចុប្បន្នភាព នៃការរីកចម្រើនសេដ្ឋកិច្ចខេត្ត ព្រមទាំងកំណើនជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាពិសេស សក្តានុពលលើវិស័យទេសចរណ៍ សេវាកម្ម កសិកម្ម ការចិញ្ចឹមសត្វ និងផលិតផលគ្រឿងសមុទ្រ ដែលផ្តល់ចំណូលដោយផ្ទាល់ដល់កសិករក្នុងស្រុកផងដែរ។

សម្រាប់លោកបណ្ឌិត កៅ ថាច ក្នុងនាមជាធនាគារបម្រើគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏បានចែករំលែកបទពិសោធន៍ និងពីព័ត៌មានថ្មីៗ លើវិស័យកសិកម្មថា កសិករយើង នៅតាមបណ្តាខេត្ត ដែលធ្វើកសិកម្មជួបបញ្ហាសឹងតែភាគច្រើនមិនថា ការផលិតស្រូវ ដាំដុះបន្លែ និងចិញ្ចឹមសត្វនោះទេ គឺផលិតបានហើយ មិនដឹងខ្លួនឯងបានចំណេញឬខាតនោះឡើយ ព្រោះមិនបានគិតពីថ្លៃដើមផលិតដែលជាកង្វល់ធំសម្រាប់ពួកគាត់។

ជាមួយគ្នានោះ លោកបណ្ឌិត កៅ ថាច បានបញ្ជាក់ទៀតថា ដោយឡែកក្នុងចំណោមសក្តានុពលជាច្រើន ខេត្តកំពតក្រៅពីទេសចរណ៍ និងសេវាកម្ម ហើយលើសពីនេះការចិញ្ចឹមសត្វ ដាំដុះបន្លែគ្រប់ប្រភេទក៏ជាតម្រូវការដ៏ធំ សម្រាប់ការផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុកផងដែរ ជាពិសេស ជាខេត្តជាប់ព្រំដែនប្រទេសជិតខាងយើង មិនត្រូវពឹងផ្អែកលើផលិតផលគេ នាំចូលនោះទេ ដោយត្រូវពង្រឹងខ្លួន ជំរុញការវិនិយោគលើវិស័យកសិកម្ម ដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរឡើង តាមរយ:ការផលិតក្នុងស្រុក៕