បញ្ហាព្រំដែនកម្ពុជា-ថៃ មិនត្រូវបានកប់ទុកចោលឡើយ សម្តេចមហាបវរធិបតី បន្តប្រាប់ទៅទូតស្វីស
26-05-2026 16:47
(ភ្នំពេញ)៖ បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនត្រូវបានកប់ទុកចោលនោះឡើយ ហើយនៅតែស្ថិតក្នុងកិច្ចការចម្បងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ សម្តេចប្រមុខរាជរដ្ឋាភិបាល នៅតែបន្តរំលេចនូវបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ក្នុងពេលជួបជាមួយភ្ញៀវនៃប្រទេសជាមិត្ត។
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងជំនួបជាមួយលោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំកម្ពុជា ដែលចប់អាណត្តិការងារនោះ សម្តេចមហាបវរធិបតី បានលើកពីការវិវត្តថ្មីៗ នៃស្ថានភាពព្រំដែនកម្ពុជា-ថៃ។ សម្តេចមហាបវរធិបតី ក៏បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
ឆ្លើយតបទៅនឹងបញ្ហាព្រំដែលកម្ពុជា និងថៃ ដែលសម្តេចមហាបវរធិបតី បានលើកឡើងនេះ លោកឯកអគ្គរដ្ឋទូតប្រទេសស្វី បានគូសបញ្ជាក់ថា រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។
សូមបញ្ជាក់ថា បើទោះបីមានជំនួបត្រីភាគីរវាងមេដឹកនាំកម្ពុជា ថៃ និងហ្វីលីពីន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីដើមខែឧសភានេះយ៉ាងណាក្តី តែដំណោះស្រាយលើបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនទាន់មានការវិវត្តជាវិជ្ជមាននៅឡើយទេ។ ផ្ទុយទៅវិញក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបន្ទាប់ព្រំដែនរវាងប្រទេសទាំងពីរមានសេចក្តីរាយការណ៍បន្តបន្ទាប់នៃការផ្ទុះសំឡេងអាវុធ។ ភាគីថៃ បានព្យាយាមចោទថាសំឡេងផ្ទុះបង្កពីខាងកម្ពុជា តែត្រូវក្រសួងការពារជាតិកម្ពុជា ចេញមកច្រានចោលជាបន្តបន្ទាប់៕







