FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្រដល់ការ​អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា (Video inside)

26-05-2026 16:23

(ភ្នំពេញ)៖ លោក Pedro ZWAHLEN ឯកអគ្គរដ្ឋទូតប្រទេសស្វីសប្រចាំកម្ពុជា ដែលចប់​អាណត្តិ​ការងារ បានគូសបញ្ជាក់ថា រដ្ឋាភិបាលស្វីស នឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូតចប់អាណត្តិការងារនៅកម្ពុជា បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសចូល​ជួប​ជម្រាបលា​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើន​យ៉ាងរហ័ស​របស់​កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូត​នៅ​កម្ពុជា ជាមួយការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិ​វប្ប​ធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិ​បត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការ​អភិវឌ្ឍ​សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ដែល​បានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់លោកនៅកម្ពុជា។

សម្ដេចមហាបវរធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជន​ស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេច​ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក​ការ​ពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិ​ភាពដ៏សំខាន់ និងចាំបាច់របស់កម្ពុជា។

បន្ថែមពីលើនេះ សម្ដេចមហាបវរធិបតី បានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជា និងស្វីស នៅ​មានសក្តានុពលជាច្រើនទៀតក្នុងការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុង​​វិស័យសេដ្ឋកិច្ច, វិនិយោគ,​ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​៕