FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិហុងគ្រី៖ កម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី (Video inside)

26-05-2026 16:12

(ភ្នំពេញ)៖ លោក Tibor BALOGHDI ឯកអគ្គរដ្ឋទូតប្រទេសហុងគ្រីប្រចាំនៅកម្ពុជា ដែលទើប​ចប់​អាណត្តិការងារ បានចាត់​ទុកប្រទេសកម្ពុជា គឺជាដៃគូដ៏ជិតស្និទ្ធរបស់ប្រទេសហុងគ្រី។

លោកឯកអគ្គរដ្ឋទូតហុងគ្រី បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជួបជម្រាបលាសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព​ នៃទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​រវាងកម្ពុជា និងហុងគ្រី។ លោកបានគូសបញ្ជាក់ថា ទំនាក់​ទំនង​នេះ ​បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃ​គូ​ដ៏​ជិត​ស្និទ្ធ។ ជាក់ស្ដែងការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុង​ក្រប​ខ័ណ្ឌ​ស្ថាប័ន​នីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនងរវាងវិនិយោគិន​នៃប្រទេស​ទាំងពីរ គឺស្ដែង​ឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា​ដែលជាមូល​ដ្ឋាន​គ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។

លោកឯកអគ្គរដ្ឋទូត ក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រី នឹងនៅតែបន្តពង្រឹង​ភាពជាដៃគូដ៏រឹង​មាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌ​តំបន់ និងសកល។ លោកឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជ​រដ្ឋា​ភិ​បាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ​យ៉ាងល្អ​ប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន​ ដែល​ផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

សម្ដេចមហាបវរធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់លោកឯកអគ្គរដ្ឋទូត ដែលបាន​ចូល​រួម​ចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិ​ការរ​វាង​ប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់លោក។

សម្ដេចមហាបវរធិបតី ក៏បានសម្ដែងនូវ​ការ​ពេញ​ចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិត​ខ្ពស់​រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននី​តិ​ប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែង​អំណរ​គុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែល​បាននិងកំពុងបន្តផ្ដល់អាហារូបករណ៍​ និង​យក​ចិត្ត​ទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​ និងរដ្ឋ គឺ​ពិត​​ជាមានសារៈសំខាន់ តែ​ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ក៏មានតួនាទី​សំខាន់ដូចគ្នា​ ក្នុង​ការជំរុញចំណងមិត្តភាព​​ សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។

សម្ដេចមហាបវរធិបតី បានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តពូនជ្រំទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ​ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេច​មហាបវរ​ធិបតី ក៏បានជំរុញឱ្យកម្ពុជា និង​ ហុងគ្រី បន្តផ្សារភ្ជាប់ទំនាក់​ទំនងរវាង​វិស័យ​ឯកជន និងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោត​លើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។​

សម្ដេចមហាបវរធិបតី ​​ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន​ហុងគ្រី ស្វែងរកឱកាស​វិនិយោគ​បន្ថែម​ទៀត​នៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕