FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈប្រតិភូសមាគមមិត្តភាពកម្ពុជា-ចិន ចូលរួមកិច្ចប្រជុំ ថ្នាក់ដឹកនាំអង្គការមិត្តភាពប្រជាជន និងប្រជាជនអាស៊ាន-ចិន លើកទី៥ នៅខេត្តជាំងស៊ី ប្រទេសចិន

26-05-2026 16:07

(ជាំងស៊ី, ចិន)៖ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ តបតាមការអញ្ជើញសមាគមប្រជាជនចិន ដើម្បីមិត្តភាពជាមួយបរទេសលោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ចាត់តាំង លោក ឡាវ វ៉ាន់ អនុប្រធានសមាគម ដឹកនាំគណៈប្រតិភូ ចូលរួមក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំអង្គការ មិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន លើកទី៥ ដែលប្រារព្ធនៅទីក្រុងជីងទឺចិន ខេត្តជាំងស៊ី ប្រទេសចិន ដោយមានការចូលរួម ពីថ្នាក់ដឹកនាំអង្គការ និងសមាគមមិត្តភាពជាមួយប្រទេសចិន មកពីបណ្តាប្រទេសសមាជិកអាស៊ាន។

ថ្លែងក្នុងសុន្ទរកថា លោក ឡាវ វ៉ាន់ បានគូសបញ្ជាក់ថា កិច្ចប្រជុំពេលនេះ បង្ហាញពីតួនាទីយ៉ាងសំខាន់របស់អង្គការ និងសមាគមមិត្តភាព តាមរយៈការចូលរួមពង្រឹង ទំនាក់ទំនងការទូត ពង្រឹងចំណងមិត្តភាពវប្បធម៌ ការកសាងទំនុកចិត្ត ការជំរុញការសន្ទនា ការលើកកម្ពស់ ការរៀនសូត្រទៅវិញទៅមក និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន ធ្វើឱ្យភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ អាស៊ាន-ចិន កាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកបានសង្កត់ធ្ងន់ថា មិត្តភាពរវាងរដ្ឋនិងរដ្ឋ គឺផ្តើមចេញពីមនោសញ្ចេតនា រវាងប្រជាជន និងប្រជាជន ហើយកម្ពុជានិងចិន ជាមិត្តដែកថែប ដែលជឿទុកចិត្តគ្នាទៅវិញទៅមក និងគាំទ្រគ្នាគ្រប់កាលៈទេសៈ។ ចំណងមិត្តភាពជាប្រពៃណីកម្ពុជា-ចិន ត្រូវបានពូនជ្រំ និងថែរក្សាយ៉ាង យកចិត្តទុកដាក់និងថ្នាក់ដឹកនាំកម្ពុជា និងចិន ពីមួយជំនាន់ទៅមួយជំនាន់។

គួររំលេចផងដែរថា កិច្ចប្រជុំលើកទី៥នេះ ត្រូវបានចាត់ទុកថា ជាវេទិកាដ៏សំខាន់មួយ សម្រាប់ការពង្រឹងទំនាក់ទំនងមិត្តភាព ការផ្លាស់ប្តូរបទពិសោធន៍ និងការបង្កើនកិច្ចសហប្រតិបត្តិការ របស់ថ្នាក់ដឹកនាំអង្គការ និងសមាគមមិត្តភាពជាមួយប្រទេសចិន មកពីបណ្តាប្រទេសសមាជិកអាស៊ាន សំដៅរួមចំណែក ថែរក្សាសន្តិភាព មិត្តភាព និងសហប្រតិបត្តិការឈ្នះឈ្នះក្នុងតំបន់៕