លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ជំរុញឱ្យយុវជនចាប់យកជំនាញ STEM និងឱកាសសិក្សានៅបរទេសដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ
25-05-2026 21:27
(ភ្នំពេញ)៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា លើកទឹកចិត្តយ៉ាងខ្លាំងឱ្យយុវជនងាកមកចាប់អារម្មណ៍ និងជ្រើសរើសរៀនជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ព្រោះជំនាញទាំង៤នេះ កំពុងមានតម្រូវការទីផ្សារខ្ពស់ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឱ្យការអភិវឌ្ឍសង្គម ស្របតាមបរិបទពិភពលោកនាពេលបច្ចុប្បន្ន និងទៅអនាគត។
ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែរ លោកបណ្ឌិតចូលរួមជាវាគ្មិនពិសេស ក្នុងវេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «កសាងខ្លួនថ្ងៃនេះ ដើម្បីក្លាយជាមូលធនមនុស្សរបស់កម្ពុជា នាពេលអនាគត» នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥។
នៅក្នុងឱកាសនោះលោកបណ្ឌិត ក៏បានលើកទឹកចិត្តដល់សិស្ស-និស្សិត កុំឱ្យបោះបង់ក្តីស្រមៃដោយសារតែកត្តាជីវភាព ដោយលោកបណ្ឌិតបានពន្យល់ថា ជីវភាពមិនមែនជាឧបសគ្គកំណត់កម្រិតនៃការសិក្សា និងចំណេះដឹងនោះឡើយ។ បច្ចុប្បន្នមានអាហារូបករណ៍ពេញថ្លៃ (Full Scholarship) ជាច្រើនដែលផ្តល់ការរ៉ាប់រងទាំងស្រុងលើការស្នាក់នៅ ហូបចុក និងមានប្រាក់ឧបត្ថម្ភប្រចាំខែ ដែលអាចឱ្យសិស្សក្រីក្រមានឱកាសស្មើភាពគ្នា។ បន្ថែមពីនេះ ក្នុងយុគសម័យឌីជីថល ឯកឧត្តមបានជំរុញឱ្យយុវជនចាប់យក និងពង្រឹងជំនាញបច្ចេកវិទ្យាថែមទៀតផង។
អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានបន្ថែមថា ការដែលយុវជនទៅបន្តការសិក្សានៅក្រៅប្រទេសពុំមែនបញ្ជាក់ថា ប្រទេសកម្ពុជាមានវិស័យអប់រំខ្សោយនោះទេ ប៉ុន្តែវាជាឱកាសកម្រមួយសម្រាប់យុវជនក្នុងការទៅក្រេបជញ្ជក់ចំណេះវិជ្ជាពីខាងក្រៅឱ្យបានទូលំទូលាយ ក្នុងន័យយកមកអភិវឌ្ឍប្រទេសជាតិវិញ។ ដោយឯកឧត្តមពោលថា «ស្គាល់គេ ដូចស្គាល់ខ្លួនឯង»។
ក្នុងវេទិកាចែករំលែកចំណេះដឹងនេះដែរ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការរង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា បានលើកផ្ដល់នូវគន្លឹះមួយចំនួនដល់ប្អូនសិស្សានុសិស្ស និងនិស្សិតដែលកំពុងត្រៀមខ្លួន និងមានបំណងចង់ប្រឡងយកអាហារូបករណ៍បន្តការសិក្សានៅក្រៅប្រទេស នោះគឺ ទី១. ការពង្រឹងភាសាបរទេស៖ ត្រូវពង្រឹងភាសាអង់គ្លេស និងភាសានៃប្រទេសដែលខ្លួនមានបំណងចង់ទៅសិក្សា ព្រោះភាសាគឺជាស្ពានចម្លងដ៏សំខាន់បំផុត។ ទី២. ពង្រឹងជំនាញឯកទេស៖ ត្រូវមានជំនាញពិតប្រាកដមួយឱ្យបានច្បាស់លាស់ និងពូកែ និងទី៣. ចំណេះដឹងទូទៅ៖ ត្រូវមានការយល់ដឹងទូទៅឱ្យបានទូលំទូលាយពីមជ្ឈដ្ឋានជុំវិញខ្លួន និងពិភពលោក។
សូមជម្រាបជូនថា «វេទិកាឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦» ត្រូវបានរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសហព័ន្ធនិស្សិតកម្ពុជានៅបរទេស សហគមន៍អ្នកស្ម័គ្រចិត្តខេមអេកស៍ (CAMEX) និងក្រុមហ៊ុនសាលាថេក (SalaTech)។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ)។ វេទិកាដ៏មានសារៈសំខាន់នេះ រៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ជាក់ស្តែង ជួយតម្រង់ទិសសិស្ស-និស្សិតក្នុងការជ្រើសរើសមុខជំនាញ ផ្តល់បច្ចេកទេស និងព័ត៌មានលម្អិតជុំវិញឱកាសអាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេស ការអភិវឌ្ឍអាជីព សហគ្រិនភាព និងជំនាញចាំបាច់សម្រាប់អនាគត៕














