លោក ជា ធីរិទ្ធ៖ ពង្រឹងសមត្ថភាពខ្លួនឯង ជាភាពកតញ្ញូរបស់យុវជនចំពោះ អាណាព្យាបាល និងសង្គមជាតិ
25-05-2026 19:51
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជានាយករងទី១ ខុទ្ទកាល័យសម្ដេចប្រធានព្រឹទ្ធសភា បានជម្រុញ និងលើកទឹកចិត្តដល់យុវជនត្រូវពង្រឹងសមត្ថភាពខ្លួនឯង ឲ្យបានខ្លាំងក្លា និងមានអត្តចរិត ឥរិយាបទល្អ ប្រកបដោយសីលធម៌ក្នុងនាមជាកូនខ្មែរ នោះហើយជាភាពកតញ្ញូរបស់យុវជនចំពោះអាណាព្យាបាល និងសង្គមជាតិ។
ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបែបនេះ ក៏ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយប្រទេសជាតិ ឆ្លើយតបនិងភាពឈឺចាប់ ដែលយុវជនកម្ពុជា មានការឈឺចាប់ដោយសារតែការមើលឃើញរបស់ជាតិសាសន៍ដទៃលើប្រទេសជាតិរបស់ខ្លួន។ នេះជាការបញ្ជាក់របស់ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជានាយករងទី១ ខុទ្ទកាល័យសម្ដេចប្រធានព្រឹទ្ធសភា នៅក្នុងវេទិការឧត្តមសិក្សាកម្ពុជា និងការសិក្សានៅបរទេស ឆ្នាំ២០២៦ កាលពីថ្ងៃទី២៤ ខែឧសភាកន្លងទៅ។
នៅក្នុងឱកាសនោះលោក ជា ធីរិទ្ធ បានលើកទឹកចិត្តដល់យុវជនកុំបោះបង់ខ្លួនឯង កុំបោះបង់ការសិក្សា ព្រោះនៅពេលដែលយុវជនបោះបង់ខ្លួនឯង បោះបង់ការសិក្សា គឺប្រៀបដូចជាបានបោះបង់ក្រុមគ្រួសារ និងប្រទេសជាតិ៕



