រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ តាហ្ស៊ីគីស្ថាន
25-05-2026 18:47
(តាហ្ស៊ីគីស្ថាន)៖ នាព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋតាហ្ស៊ីគីស្ថាន លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួង ជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ លោក Sirojiddin Muhriddi រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋតាហ្ស៊ីគីស្ថាន។
ក្នុងកិច្ចជំនួប ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទឹក និងរបៀបវារៈទឹកសាកល ដោយផ្តោតលើចំណុចសំខាន់ៗដូចជា៖
១. ការផ្លាស់ប្តូរទស្សនៈលើការពន្លឿនការអនុវត្តទសវត្សរ៍សកម្មភាពទឹក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦ តាមរយៈការអភិវឌ្ឍ និងការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ការពង្រឹងសន្តិសុខទឹកជនបទ ការគ្រប់គ្រងអាងទន្លេរួមបញ្ចូលគ្នា ការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងហានិភ័យទឹកជំនន់ និងគ្រោះរាំងស្ងួត និងការពង្រឹងសេវាធារាសាស្ត្រ-ឧតុនិយម និងសេវាព្រមានទុកជាមុន។
២. ការពិភាក្សាអំពីវឌ្ឍនភាព និងការតាមដានពីសន្និសីទទឹកអង្គការសហប្រជាជាតិឆ្នាំ២០២៣ និងការរៀបចំឆ្ពោះទៅសន្និសីទទឹកអង្គការសហប្រជាជាតិឆ្នាំ២០២៦ រួមទាំងការប្តេជ្ញាចិត្តទាក់ទងនឹងសន្តិសុខទឹក ភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព។
៣.ការចែករំលែកបទពិសោធន៍លើផលប៉ះពាល់អាកាសធាតុ រួមទាំងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត នៅកម្ពុជា។
៤.ការបញ្ជាក់ពីសារៈសំខាន់នៃការកសាងភាពធន់ វិធានការសម្របខ្លួន និងហេដ្ឋារចនាសម្ព័ន្ធដែលមាននិរន្តរភាព។
៥. កិច្ចសហប្រតិបត្តិការនាពេលអនាគតដែលរួមមាន ការគ្រប់គ្រងធនធានទឹកចម្រុះ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ ការគ្រប់គ្រងហានិភ័យទឹកជំនន់និងគ្រោះរាំងស្ងួត សេវាកម្មធារាសាស្ត្រ-ឧតុនិយម អភិបាលកិច្ចទឹក និងការអភិវឌ្ឍគោលនយោបាយ និងការកសាងសមត្ថភាពនិងការផ្លាស់ប្តូរបច្ចេកទេស។
សូមជម្រាបថា កិច្ចជំនួបពិភាក្សាបានផ្លាស់ប្តូរនូវបទពិសោធន៍គ្នាទៅវិញទៅមកប្រកបដោយផ្លែផ្កា ខណៈភាគីទាំងបានបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងការចូលរួមទ្វេភាគី និងការផ្លាស់ប្តូរការទូតរវាងប្រទេសទាំងពីរ កម្ពុជានិងតាហ្ស៊ីគីស្ថាន បន្តកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិនិងក្របខ័ណ្ឌអន្តរជាតិទាក់ទងនឹងទឹក លើកកម្ពស់ភាពជាដៃគូលើភាពធន់នឹងអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាពនិងសន្តិសុខទឹក និងការស្វែងយល់ពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសនាពេលអនាគតនិងគំនិតផ្តួចផ្តើមចែករំលែកចំណេះដឹង៕







