សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានតា អំពាវនាវពុទ្ធបរិស័ទ និងសប្បុរសជន ចូលរួមបរិច្ចាគបច្ច័យពង្រីកទីធ្លាសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅស្រុកអង្គស្នួល
25-05-2026 17:12
(កណ្ដាល)៖ សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណគណៈធម្មយុត្តិកនិកាយខេត្តកណ្តាល ជាព្រះសាកលវិទ្យាធិការ សាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានអំពាវនាវបិណ្ឌបាត្រសប្បុរសជន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ សូមចូលរួមទ្រទ្រង់ទាំងអស់គ្នា នូវការកសាងសាកលវិទ្យាល័យដំបូងគេបង្អស់ ដែលផ្ដល់អាហារូបករណ៍សម្រាប់ សិស្សានុសិស្សមកពីគ្រប់ទិសទីទាំងអស់ ដែលជាកូនចៅប្រជាពលរដ្ឋក្រីក្រសិក្សានៅទីនេះ ដែលមិនមានលទ្ធភាពទៅរៀន នៅសាកលវិទ្យាល័យផ្សេងៗទៀត។
សម្ដេចសង្ឃបានមានដីកាបិណ្ឌបាត្របែបនេះ ក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីបុណ្យខួបគម្រប់១៧ឆ្នាំ នៃបង្កេីតវត្តព្រះឥន្ទសាមគ្គីធម៌ ដេីម្បីកសាងអគាសិក្សា និងពង្រីកទីធ្លាសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅភូមិរការធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
សម្ដេចព្រះមង្គលទេពាចារ្យ វង្ស អានេតា មានដីកាបន្តថា ថវិកាដែលប្រជាពលរដ្ឋ និងពុទ្ធបរិស័ទទាំងអស់ បានចូលរួមទ្រទ្រង់សម្រាប់សាកលវិទ្យាល័យនេះ បានជួយដល់សិស្សសានុសិស្ស ដែលមានជីវភាពខ្វះខាត អាចមកសិក្សានៅទីនេះបាន ទន្ទឹមនឹងនេះការជួយទ្រទ្រង់សាកលវិទ្យាល័យសម្ដេចព្រះសង្ឃរាជ្យ បួរ គ្រី ធ្វើឱ្យសាកលវិទ្យាល័យ មានសាស្ត្រាចារ្យល្អៗ ដែលជាធនធានមនុស្សគ្រប់គ្រាន់ ក្នុងការបង្រៀនដល់សិក្សានុសិស្សទាំងអស់គ្នា។
ការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នាពេលនេះ គឺបានសបញ្ជាក់ឱ្យឃើញថា ការផ្សារភ្ជាប់យ៉ាងរឹងមាំរវាងវិស័យអាណាចក្រ និងពុទ្ធចក្រ ព្រោះថាសាកលវិទ្យាល័យនេះ ផ្តួចផ្តើមបង្កើតឡើងក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃកម្ពុជា ដែលកម្មវិធីសិក្សា គឺអនុវត្តដូចគ្រឹះស្ថានឧត្តមសិក្សាទូទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង អប់រំ យុវជន និងកីឡា។ សាកលវិទ្យាល័យនេះ កំពុងឈានទៅរកកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាមួយបណ្ដាប្រទេសនានានៅក្នុងពិភពលោក។
សូមជម្រាបថា សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បង្កើតឡើងក្នុងបុព្វហេតុវិស័យអប់រំជាឧត្តមប្រយោជន៍ដល់កូនខ្មែរគ្រប់ជំនាន់តទៅ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតកុលបុត្រខ្មែរគ្រប់រូប បានបន្តការសិក្សារៀនសូត្រថ្នាក់បរិញ្ញាបត្រ ដោយមិនតម្រូវឱ្យមានការបង់ថ្លៃសិក្សានោះទេ ពោលគឺសាកលវិទ្យាល័យបានផ្តល់ជូននិស្សិតនូវអាហារូបករណ៍សិក្សា១០០% ពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ ដែលជាឆ្នាំបញ្ចប់ការសិក្សា។
ក្នុងបេសកកម្ម នៃការរបណ្តុះបណ្តាលនិស្សិតដោយមិនស្វែងរកប្រាក់ចំណេញនេះ សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានធានានូវគុណភាព នៃការអប់រំ ក្នុងក្របខ័ណ្ឌ នៃកិច្ចការដ៏ឧត្ដុង្គឧត្តមនេះ បញ្ញវន្តខ្មែរដែលជាសាស្ត្រាចារ្យ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានសច្ចាធានាឱ្យបាននូវគុណវុឌ្ឍវិទ្យាសាស្ត្រ និងគរុសភា ដែលជាកត្តាសារវន្តនៃការអប់រំ ការបណ្តុះបណ្តាល ការសិក្សា និងការស្រាវជ្រាវ ក្នុងថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីឱ្យនិស្សិតដែលបានសិក្សាចប់មានក្រមសីលធម៌ល្អ មានសមត្ថភាព ចំណេះដឹង ជំនាញ និងបទពិសោធន៍ពេញលេញ ហើយអាចទទួលបានជោគជ័យក្នុងពិភពការងារ។
បន្ថែមលើសនេះ សាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ក៏មានការសហការជាមួយសាកលវិទ្យាល័យបរទេសជាច្រើនផងដែរ សំដៅដល់ការបញ្ជូននិស្សិតទៅសិក្សាឆ្នាំទី៣ នៅសាកលវិទ្យាល័យបរទេសណានោះឱ្យតែប្រឡងជាប់ ពិសេសគឺភាសាអង់គ្លេសជាចម្បង។
សាកលវិទ្យាល័យនេះ មានមហាវិទ្យាល័យចំនួន០៦ រួមមាន៖ មហាវិទ្យាល័យសិល្បៈ មនុស្សសាស្ត្រ និងភាសា, មហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, មហាវិទ្យាល័យ វិទ្យាសាស្ត្រសង្គម, មហាវិទ្យាល័យវិស្វកម្ម និងស្ថាបត្យកម្ម មហាវិទ្យាល័យសិក្សាអភិវឌ្ឍ និង ទេសចរណ៍ និងមហាវិទ្យាល័យវិទ្យាសាស្រ្តសេដ្ឋកិច្ច និងធុរកិច្ច ដែលមានមុខជំនាញសរុប ៣២ជំនាញ និងកំពុងសិក្សាបើកថ្នាក់ជំនាញមួយទៀត គឺជំនាញផ្នែកដឹកជញ្ជូន៕







