FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មនុស្ស១ម៉ឺននាក់ បោះជំហានរួមគ្នាក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅខេត្តស្ទឹងត្រែង

25-05-2026 16:07

(ស្ទឹងត្រែង)៖ រូបភាព នៃមនុស្សម្នារាប់ម៉ឺននាក់មកពីគ្រប់ទិសទី បានបង្កើតទៅជាទិដ្ឋភាពដ៏រស់រវើក និងមហាសាមគ្គីមួយនៅលើទឹកដីខេត្តស្ទឹងត្រែង ក្នុងព្រឹត្តិការណ៍ «១ម៉ឺនជំហាន ១ម៉ឺននាក់» កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។

ព្រឹត្តិការណ៍ដ៏ធំសម្បើមនេះ ត្រូវបានប្រារព្ធឡើងនៅសួននាគជ័យតេជោសន្តិភាព មុខសាលាខេត្តស្ទឹងត្រែង ក្រោមប្រធានបទដ៏មានអត្ថន័យ «រត់ ដើរ ដើម្បីលើកម្ពស់ការអាន និងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន និងដើម្បីសុខភាព»

​នៅក្នុងឱកាសដ៏អធិកអធមនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានសង្កត់ធ្ងន់ថា «នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត ក្នុងការលើកកម្ពស់វិស័យកីឡា និងជាការបណ្តុះស្មារតី ដើម្បីឈានទៅធ្វើឲ្យខេត្តស្ទឹងត្រែង មានអត្តពលឹកកាន់តែច្រើន និងមានសមត្ថភាពខ្ពស់ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិមហាសង្ក្រាន្តខាងមុខ»

​វាក៏ជាមោទនភាពថ្មីមួយទៀតសម្រាប់ខេត្តភាគឦសានមួយនេះផងដែរ ដ្បិតអីកន្លងមក ខេត្តស្ទឹងត្រែងត្រូវបានក្រសួងទេសចរណ៍ជ្រើសរើសជារឿយៗ ក្នុងការរៀបចំព្រឹត្តិការណ៍ធំៗកម្រិតអន្តរជាតិ ដូចជា៖ ព្រឹត្តិការណ៍ធាក់ស៊ីក្លូភ្នំពេញ-ស្ទឹងត្រែង និងការបើករថយន្តឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡានឆាង ដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន នាដើមឆ្នាំ២០២៦នេះជាដើម។

​គួរបញ្ជាក់ថា ព្រឹត្តិការណ៍រត់-ដើរ «១ម៉ឺនជំហាន ១ម៉ឺននាក់» មិនត្រឹមតែធ្វើឡើង ដើម្បីសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបណ្តុះវប្បធម៌អាន ការសិក្សាស្រាវជ្រាវ និងការយល់ដឹងពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ តាមរយៈការទស្សនាសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ទៀតផង។

​ដើម្បីឱ្យមហាព្រឹត្តិការណ៍នេះលេចចេញជារូបរាង និងជោគជ័យយ៉ាងត្រចះត្រចង់ រដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាព អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានចាប់ដៃសហការគ្នាយ៉ាងស្អិតរមួត ជាមួយប្រតិភូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត (Amret) ក្នុងការសម្របសម្រួល បង្កើតបានជាទិដ្ឋភាពដ៏សប្បាយរីករាយ មានសុវត្ថិភាពខ្ពស់ និងទទួលបានផ្លែផ្កាយ៉ាងរលូនតាមការគ្រោងទុក៕