FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្ដីព័ត៌មាន ជំរុញការពង្រឹងសមត្ថភាពអ្នកសារព័ត៌មាន ដើម្បីឆ្លើយតបនឹងការចម្រើនឌីជីថល និងការប្រឆាំងព័ត៌មានក្លែងក្លាយ

25-05-2026 15:49

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងដំណាក់កាលនៃការរីកចម្រើនផ្នែកប្រព័ន្ធឌីជីថល កម្ពុជា គឺត្រូវការអ្នកសារព័ត៌មាន ដែលមានគុណភាព សមត្ថភាព ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងប្រទេស និងគ្រប់គ្រងសាធារណមតិនៅលើឆាកអន្តរជាតិ។

ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ធ្វើឡើងក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ជំនាញបច្ចេកទេសសារព័ត៌មាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីពង្រឹងសមត្ថភាព និងចំណេះ ដឹងផ្នែកសារព័ត៌មាន លើជំនាញសរសេរព័ត៌មាន ជំនាញសម្ភាសន៍​​ និងប្រមូលព័ត៌មាន ព្រមទាំងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងប្រព័ន្ធផ្សព្វផ្សាយ និងលើកកម្ពស់សីលធម៌វិជ្ជាជីវៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ជូនដល់មន្ត្រីរាជការ និងអ្នកសារពត៌មាន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្នកសារព័ត៌មាន មានតួនាទីយ៉ាងសំខាន់ ដើម្បីតស៊ូមតិ និងបង្ហាញការពិតពីកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានជំរុញឱ្យមន្ត្រីទទួលបន្ទុកព័ត៌មាន និងអ្នកសារព័ត៌មានពង្រឹងសមត្ថភាព និងធ្វើទំនើបកម្មដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា និងការវិវឌ្ឍនៃសង្គម ហើយការពង្រឹងសមត្ថភាពមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានក្នុងសម័យឌីជីថល គឺជាភាពចាំបាច់ដើម្បីបង្កើនប្រសិទ្ធភាព គុណភាពព័ត៌មានជូនដល់សាធារណជន និងប្រឆាំងព័ត៌មានក្លែងក្លាយ។

លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា ការដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សជំនាញនៅក្នុងវិស័យព័ត៌មាន គឺដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ក្នុងការធានាប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ខណៈក្រសួងព័ត៌មានបានដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានរម្លឹកដល់មន្ត្រីទទួលបន្ទុកព័ត៌មាន សាធារណមតិ និងអ្នកសារព័ត៌មាន សូមកុំធុញទ្រាន់ឱ្យសោះចំពោះការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពវិជ្ជាជីវៈ ហើយក៏មិនត្រូវធុញទ្រាន់ចំពោះការអង្គុយសរសេរនោះដែរ។

លោករដ្ឋមន្ត្រី បានបន្តថា ការចំណាយពេលខ្លីរបស់អ្នកពាក់ព័ន្ធនៅពេលនេះនឹងធ្វើឱ្យពួកគេប្រសើរឡើងក្នុងរយៈពេលយូរ។ «ក៏ប៉ុន្តែ បើអ្នកទាំងអស់គ្នា មិនលះបង់ទេ ហើយខ្ចិលនោះអ្នកនឹងមិនអាចរីកចម្រើននោះទេ តែអ្នកខិតខំប្រឹងប្រែងនឹងបោះជំហានទៅមុខ»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ក្រសួងព័ត៌មាន មិននឿយណាយក្នុងបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សលើវិស័យព័ត៌មាន និងសោតទស្សន៍។ ចំពោះកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យវិស័យព័ត៌មាន ធ្វើឡើងដើម្បីឆ្ពោះទៅពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននឹងកំពុងអនុវត្តមិនត្រឹមតែជួយជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ហើយវាក៏ជាការរៀបចំនូវកម្លាំងបន្តវេនប្រកបដោយបុរេសកម្ម សកម្ម និងធានាបាននូវប្រសិទ្ធភាពការងារផងដែរ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា ការធ្វើព័ត៌មាន មិនមែនត្រឹមតែធ្វើព័ត៌មានឱ្យតែបាននោះទេ មិនមែនទៅយកព័ត៌មានផ្សព្វផ្សាយ ហើយសរសេរព័ត៌មានត្រឹមតែឃើញនោះទេ ក៏ប៉ុន្តែ ការសរសេរព័ត៌មានគឺចាំបាច់ណាស់ដែលត្រូវដាក់ជាសំណួរថាតើសរសេរព័ត៌មានដើម្បីអ្វី? តើមានគោលបំណងអ្វី? តើមានផលប្រយោជន៍អ្វីសម្រាប់អ្នកអាន អ្នកស្តាប់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថាអ្វីដែលសំខាន់ទៀតនោះ នៅពេលដែលយើងផ្សាយចេញទៅវាមានផលវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះនៅក្នុងការងារព័ត៌មាន និងគ្រប់គ្រងសាធារណមតិរបស់យើង៕