រដ្ឋមន្រ្តីក្រសួងទេសចរណ៍៖ វិស័យទេសចរណ៍នៅតែជាសសរស្តម្ភដ៏សំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
25-05-2026 15:09
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា វិស័យទេសចរណ៍នៅតែជាសសរស្តម្ភដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងជាវិស័យយុទ្ធសាស្ត្រក្រោមគោលនយោបាយអភិវឌ្ឍរយៈពេលវែង របស់រាជរដ្ឋាភិបាល។
កម្ពុជាបានបន្តមានកំណើនភ្ញៀវទេសចរអន្តរជាតិយ៉ាងរឹងមាំ ដោយទទួលបានភ្ញៀវចំនួន ៥,៤លាននាក់ក្នុងឆ្នាំ២០២៥ និងជាង ១,៥ លាននាក់ក្នុងត្រីមាសទីមួយឆ្នាំ២០២៦ ដែលបង្ហាញពីសញ្ញាស្ដារឡើងវិញយ៉ាងច្បាស់ បន្ទាប់ពីវិបត្តិសកល។
ការថ្លែងយ៉ាងដូច្នេះរបស់លោក ហួត ហាក់ នៅក្នុង «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ២០២៦» ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៦ នៅផ្សារទំនើប អ៊ីអនម៉លភ្នំពេញ (អ៊ីអន១) ដែលរៀបចំឡើងដោយក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ី ប្រចាំកម្ពុជា ក្រោមការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំទីក្រុងភ្នំពេញ ដោយមានការចូលរួមពីលោក Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងលោកស្រី ពត រ៉ានី ប្រធានក្រុមប្រឹក្សាទេសចរណ៍ម៉ាឡេស៊ីប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្ថែមថា កម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការតភ្ជាប់អាកាសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយរួមជាមួយដៃគូអាស៊ាន រួមទាំងម៉ាឡេស៊ី ដើម្បីជំរុញលំហូរទេសចរណ៍ និងបង្កើនភាពធន់នៃវិស័យនេះ។
លោក ហួត ហាក់ ក៏បានលើកឡើងអំពីយុទ្ធនាការ «Visit Cambodia in Green Season» ដែលមានគោលបំណងលើកទឹកចិត្តទេសចរណ៍ពេញមួយឆ្នាំ និងផ្សព្វផ្សាយសក្តានុពលធម្មជាតិ និងវប្បធម៌របស់កម្ពុជា ក្នុងរដូវកាលក្រៅចំណុចកំពូល។
លោក Shaharuddin Onn បានឱ្យដឹងថា ពិព័រណ៍នេះឆ្លុះបញ្ចាំងពីជម្រៅនៃទំនាក់ទំនងទ្វេភាគី និងសារសំខាន់នៃការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងការរក្សាកិច្ចសហប្រតិបត្តិការយូរអង្វែង។ លោកបានបញ្ជាក់ថា ទេសចរណ៍មិនត្រឹមតែជាវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍សម្រាប់ពង្រឹងការយល់ដឹងគ្នាទៅវិញទៅមករវាងសង្គម និងវប្បធម៌ផ្សេងៗ។
លោកស្រី ពត រ៉ានី បានឱ្យដឹងថា នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលធ្វើឡើងក្នុងគោលដៅសំខាន់ ដើម្បីទាក់ទាញទេសចរ ទៅទស្សនា កម្សាន្តប្រទេសម៉ាឡេស៊ី ផ្សព្វផ្សាយគោលដៅថ្មីៗ និងយល់ដឹងពីសេវាសុខភាពនៅប្រទេសម៉ាឡេស៊ី។ លោកស្រីរីករាយជាខ្លាំង ដែលពិព័រណ៍មួយនេះទាក់ទាញអ្នកទស្សនាជាច្រើន។
លោកស្រី បានបន្ថែមថា ក្នុងពិព័រណ៍នេះ សាធារណជនអាចទស្សនា និងទទួលបានបទពិសោធន៍វប្បធម៌ម៉ាឡេស៊ីដូចជា សំលៀកបំពាក់ម៉ាឡេស៊ី ការបង្ហាញការចម្អិនអាហារម៉ាឡេស៊ី ទស្សនាការសម្តែងសិល្បៈពីសិល្បករមកពីម៉ាឡេស៊ី ការគូរគំនូរ Batik ម៉ាឡេស៊ីដោយឥតគិតថ្លៃ ការចាប់ឆ្នោតដើម្បីឈ្នះរង្វាន់ជាច្រើនរួមទាំងសំបុត្រយន្តហោះ រហូតដល់ការផ្តល់ព័ត៌មានពីដំណើរកម្សាន្ត និងផ្នែកវេជ្ជសាស្តនៅប្រទេសម៉ាឡេស៊ីផងដែរ។
សូមជម្រាបថា គោលបំណង «ពិព័រណ៍ទេសចរណ៍ និងទំនិញម៉ាឡេស៊ីឆ្នាំ ២០២៦» គឺដើម្បីជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍ ណែនាំពីវិស័យសុខាភិបាលដែលពលរដ្ឋខ្មែរអាចទៅពិនិត្យសុខភាព និងព្យាបាលនៅប្រទេសអភិវឌ្ឍន៍មួយនេះ និងវិស័យពាក់ព័ន្ធមួយចំនួនទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ ដែលសាធារណជន ក៏ដូចជាភ្ញៀវទេសចរអាចទស្សនាតាមស្ដង់នីមួយៗ និងសាកសួរព័ត៌មានពីកញ្ចប់ និងសេវាលើវិស័យមួយចំនួននៅប្រទេសម៉ាឡេស៊ី៕

















