FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរព័ត៌មានរាជធានីភ្នំពេញ ដឹកនាំអនុវត្តយុទ្ធនាការ «និយាយថា ទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបាក់ទូក

25-05-2026 15:09

(ភ្នំពេញ)៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យបាក់ទូក ក្រោយយុទ្ធនាការនេះត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយផ្ដោតសំខាន់លើការពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន។

ការផ្សព្វផ្សាយក្នុងក្របខណ្ឌយុទ្ធនាការនេះបានប្រព្រឹត្តទៅដោយមានការចូលរួមពីសំណាក់តំណាងអភិបាលខណ្ឌ៧មករា តំណាងមន្ទីរ អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ សិស្សសាលាជាង ១ ៥០០នាក់ នៅបរិវេណវិទ្យាល័យបាក់ទូក។

ក្រសួងព័ត៌មាន ដឹកនាំការអនុវត្តយុទ្ធនាការនេះនៅទូទាំងប្រទេស ដោយសហការជាមួយក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ខណៈនៅថ្នាក់ក្រោមជាតិមានការសម្របសម្រួលអនុវត្តដោយមន្ទីរព័ត៌មានរាជធានី-ខេត្ត ក្រោមកិច្ចសហការជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី-ខេត្ត មន្ទីរអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។

យុទ្ធនាការជំហានទី២ លើកកម្ពស់អភិក្រមសុវត្ថិភាពព័ត៌មាន ដោយផ្តោតលើការផ្សព្វផ្សាយមាតិកាអប់រំ របៀបនៃការបង្ការ ទប់ស្កាត់ និងការពារខ្លួនពីហានិភ័យនិងគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ។

ក្នុងន័យនេះយុទ្ធនាការលើកទឹកចិត្តឱ្យមានការចូលរួមពីយុវជន និងប្រជាពលរដ្ឋទាំងអស់ដើម្បីលុបបំបាត់វប្បធម៌ចេះតែចែករំលែកតៗគ្នា ញែកព័ត៌មានបំពុល ឬព័ត៌មានក្លែងបន្លំដោយបច្ចេកវិទ្យា AI ចេញពីលំហព័ត៌មានពិត ការពារទិន្នន័យ និងគណនីផ្ទាល់ខ្លួនដោយប្រើមុខងារផ្ទៀងផ្ទាត់ពីរដំណាក់កាល និងរក្សាលេខកូដសម្ងាត់ ទប់ស្កាត់ការសាយភាយព័ត៌មានក្លែងក្លាយ ដោយមិនចែករំលែកព័ត៌មានចចាមអារ៉ាម ព័ត៌មានគ្មានប្រភពច្បាស់លាស់ និងរួមគ្នាចុច Report ខ្លឹមសារបែបបំពុល ញុះញង់ និងឆបោក និងជួយផ្សព្វផ្សាយអក្ខរកម្មព័ត៌មានដល់ក្រុមគ្រួសារ និងសហគមន៍ សំដៅរក្សាសុវត្ថិភាពព័ត៌មានក្នុងសង្គមទាំងមូល។

យុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពេលដែលមានការប្រឈមមុខនឹងហានិភ័យឌីជីថល និងព័ត៌មានក្លែងក្លាយក្នុងបរិយាកាសនៃបច្ចេកវិទ្យាមានការវិវត្តយ៉ាងរហ័ស ហើយដែលយុវវ័យចាំបាច់ត្រូវអភិវឌ្ឍផ្នត់គំនិតតាមអភិក្រមសុវត្ថិភាពព័ត៌មាន ដែលទាមទារឱ្យចេះ គិតពិចារណា និងការយល់ដឹងច្បាស់អំពីប្រព័ន្ធឌីជីថល មធ្យោបាយទទួលព័ត៌មាន ជំនួសឱ្យទម្លាប់នៃការទទួលយកព័ត៌មានដោយអកម្ម។

យុទ្ធនាការនេះ បានដើរតួជាប្រព័ន្ធការពារ និងជាយន្តការយុទ្ធសាស្ត្រផ្នែកអក្ខរកម្មឌីជីថល ដែលផ្តោតលើការលើកកម្ពស់សមត្ថភាពយុវជនក្នុងការទប់ស្កាត់ និងជៀសផុតពីអន្ទាក់នៃឧបាយកលនយោបាយបោកប្រាស់ និងឧក្រិដ្ឋកម្មបច្ចេកវិទ្យាទំនើប។ យុទ្ធនាការនេះ ក៏នឹងបំពាក់ចំណេះដឹងផ្នែកអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងតម្រង់ទិសយុវវ័យឱ្យក្លាយជាភ្នាក់ងារសុវត្ថិភាពព័ត៌មានដែលមានស្មារតីម្ចាស់ការក្នុងការផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយតែព័ត៌មានពិត ប្រកបដោយគុណតម្លៃសម្រាប់គ្រួសារ និងសហគមន៍៕