FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កសិកម្មខ្នាតតូចដាំបន្លែចម្រុះ របស់ពលរដ្ឋនៅស្រុកកោះញ៉ែក ជួយលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ការពារធម្មជាតិ ដោយឈប់ចូលព្រៃកាប់ឈើ បរបាញ់សត្វ និងបរិស្ថាន

25-05-2026 14:44

(មណ្ឌលគិរី)៖ ការអភិវឌ្ឍសហគមន៍មូលដ្ឋាន ចូលរួមលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងសហគមន៍តំបន់ការពារធម្មជាតិ។ ខណៈប្រជាសហគមន៍ដាំបន្លែចម្រុះ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី អះអាងថា ពួកគេមិនបានចូលព្រៃ ដើម្បីកាប់ឈើ និងបរបាញ់សត្វដូចអតីតកាលទៀតទេ បន្ទាប់ពីអនុវត្តរបរកសិកម្មដាំបន្លែចម្រុះ ដើម្បីលើកស្ទួយជីវភាពគ្រួសារ។

ការប្រកបរបរកសិកម្មខ្នាតតូចដាំបន្លែរបស់ប្រជាពលរដ្ឋ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី គឺផ្តោតសំខាន់លើការធ្វើកសិកម្មសរីរាង្គ ការគ្រប់គ្រងធនធានធម្មជាតិ ដែលជាផ្នែកមួយសំខាន់សម្រាប់វិស័យបរិស្ថាន និងជួយលើកកម្ពស់ជីវភាពគ្រួសារ។ ការធ្វើកសិកម្មដែលមានផ្ទៃដីតូចតាមលក្ខណៈគ្រួសារនេះក៏បានកំពុងចូលរួមចំណែកយ៉ាងសំខាន់ដល់វិស័យបរិស្ថានឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់។

លោក ម៉ន សាមាន ប្រធានសហគមន៍កសិកម្មរីកចម្រើន ដែលដាំបន្លែចម្រុះវិលជុំ នៅភូមអបួន ឃុំអបួលលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន២៦គ្រួសារ នៅក្នុងសហគមន៍នេះ បាននាំគ្នាដាំបន្លែចម្រុះមានទាំងបន្លែប្រភេទជាផ្លែឈើ បន្លែស្លឹក ដើម្បីទ្រទ្រង់ជីវភាពគ្រួសារជំនួសឱ្យការចូលព្រៃដូចកាលគ្រាដើម ដើម្បីកាប់ឈើ និងបរបាញ់សត្វព្រៃ ដែលជាទង្វើខុសច្បាប់។ ប្រជាពលរដ្ឋបានប្រកបរបរកសិកម្ម ដោយក្នុងមួយគ្រួសារ មានផ្ទៃដីដាំដុះយ៉ាងហោចណាស់ចំនួន១ហិកតា។

ប្រធានសហគមន៍រូបនេះបានអះអាងថា ជីវភាពប្រជាពលរដ្ឋមដែលបានអនុវត្តរបរកសិកម្មខ្នាតតូចនេះ មានភាពប្រសើរខ្លាំង ផ្ទុយពីកន្លងមក ដែលធ្លាប់តែធ្វើស្រែចម្ការ រួចចូលព្រៃ ដើម្បីបរបាញ់សត្វនិងកាប់ឈើ ឬក៏អាស្រ័យលើអនុផលព្រៃឈើ។

បើតាមលោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន និងក្នុងឱកាសអញ្ជើញជាតំណាងលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ចុះសួរសុខទុក្ខប្រជាពលរដ្ឋស្រុកកោះញែក ខេត្តមណ្ឌលគិរី នាពេលថ្មីៗនេះ បានឱ្យដឹងថា ចំពោះគំនិតផ្តួចផ្តើមទាំងនេះបានកំពុងជួយលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការពារព្រៃឈើ និងធានាសន្តិសុខស្បៀង តាមរយៈគម្រោងសំខាន់ៗដូចជាកសិកម្មសរីរាង្គ និងខ្សែសង្វាក់ផ្គត់ផ្គង់គ្រួសាររបស់កសិករខ្នាតតូចតាមសហគមន៍។

មន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «យើងបានលើកស្ទួយកសិកម្មខ្នាតតូចបែបនេះ គឺមិនត្រឹមតែលើកកម្ពស់ដល់ជីវភាពគ្រួសារពួកគាត់ទេ និង ថែមទាំងជួយគាំពារបរិស្ថានរបស់យើងផង ជាពិសេសឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុតែម្តង»។

លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ក្រៅពីនេះក្រសួងលើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងការដកហូតអនុផលព្រៃឈើ ដើម្បីធ្វើយ៉ាងណាឱ្យមាននិរន្តភាពក្នុងនេះដូចជាប្រជាកសិកររកឃ្មុំពោលគឺគាត់ប្រើប្រាស់បច្ចេកទេសបែបបុរាណដោយមិនដុត ឬបំផ្លាញសំបុកឃ្មុំដោយបន្សល់ទុកសំបុកឃ្មុំខ្លះ ដើម្បីបន្តពូជជាដើម។ នេះជាបច្ចេកទេសមួយដែលប្រជាសហគមន៍យើងអនុវត្តទាំងអស់គ្នាកន្លងមក។​ «ក្រៅពីនេះពួកគាត់បានបង្កានូវការឆេះព្រៃ ដែលនាំឱ្យបាត់បង់ធនធានធម្មជាតិ និងសត្វព្រៃរបស់យើង។ធនធានធម្មជាតិទាំងនេះគឺជាមរតកដ៏មានតម្លៃរបស់ដូនតាយើងក៏ដូចសម្រាប់ប្រទេសកម្ពុជា»

លោកបណ្ឌិត Dipankar Chyau Patnaik នាយកអង្គការ WWF-កម្ពុជា បានថ្លែងថា បេសកកម្មរបស់អង្គការ WWF-កម្ពុជា គឺធានាឱ្យមានការចូលរួម និងការគាំទ្រពី មនុស្សគ្រប់រូប ក្នុងការអភិរក្សជីវៈចម្រុះដ៏សម្បូរបែបនៅក្នុងព្រះរាជាណាចក្រ កម្ពុជា។ អង្គការ WWF-កម្ពុជា ក៏លើកកម្ពស់ឱកាសថ្មីៗ ដែលផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍។

គួរបញ្ជាក់ថា ការចូលរួមបណ្តុះបណ្តាល និងពង្រឹងចំណេះជំនាញវិជ្ជាជីវៈដល់សហគមន៍លើការងារគ្រប់គ្រងធនធានធម្មធម្មជាតិប្រកបដោយនិរន្តរភាព និងប្រែក្លាយសហគមន៍គោលដៅលំហែបៃតង ផ្តល់ភាពជាម្ចាស់ដល់សហគមន៍ និងជួយលើកកម្ពស់ជីវភាពសហគមន៍។ យុទ្ធសាស្រ្តនេះបានជួយកែប្រែទំលាប់របស់ប្រជាសហគមន៍ពីការចូលព្រៃកាប់ឈើ បរបាញ់សត្វ មកប្រកបមុខរបរថ្មី ដូចជាអ្នកផ្តល់សេវាទេសចរណ៍ អាចបង្កើនចំណូលសម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន កាន់តែប្រសើរថែមទៀត។

បច្ចុប្បន្នតំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួនរហូតដល់ ៧៣តំបន់ គ្របដណ្តប់លើផ្ទៃដីប្រមាណ៧,៣លានហិកតា ដែលជាមូលដ្ឋានក្នុងការបង្កើតសហគមន៍ការពារធម្មជាតិ ដើម្បីចូលរួមការពារធនធានធម្មជាតិ បានល្អប្រសើរសម្រាប់កូនចៅតជំនាន់។ ក្រសួងបរិស្ថានបានអនុវត្តន៍ និងសហការអនុវត្តន៍ជាមួយស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនលើការលើកកម្ពស់ជីវភាព រស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីផ្តល់ឱកាសដល់គ្រួសារសហគមន៍ស្វែងរកចំណូលគ្រប់គ្រាន់សម្រាប់ចិញ្ចឹមគ្រួសារ ជាពិសេសបង្កលលទ្ធភាពបញ្ជូនកូនចៅទៅសាលារៀន ដែលផ្តល់នូវក្តីសង្ឃឹមថាកូនចៅជំនាន់ក្រោយ នឹងលែងអាស្រ័យផល និងប្រើប្រាស់ធនធានធម្មជាតិមកបង្កើនជីវភាពតាមរយៈមុខរបរថ្មី ហើយទន្ទឹមនោះនឹងកាត់បន្ថយការដាក់សម្ពាធន៍មកលើធនធានធម្មជាតិ និងជីវចម្រុះ ហើយបង្កើនក្តីស្រឡាញ់ជាតិ មាតុភូមិរបស់ខ្លួនកាន់តែខ្លាំង៕