FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋសាទរ ក្រោយបានផ្លូវបេតុងថ្មីមួយខ្សែទៀត ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ព្រោះងាយស្រួលធ្វើដំណើរ និងកាត់បន្ថយការកកស្ទះ

25-05-2026 14:38

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យការស្ថាបនាផ្លូវលេខ១២៣-១៣ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ក្នុងពេលចុះត្រួតពិនិត្យ អភិបាលខេត្តបានជំរុញ និងអំពាវនាវដល់សប្បុរសជន ចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងរួមចំណែក កាត់បន្ថយការកកស្ទះចរាចរណ៍ ស្របពេលដែលខេត្តព្រះសីហនុ កំពុងមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាបន្តបន្ទាប់។

ផ្លូវបេតុងដែលកំពុងស្ថាបនាជិតរួចរាល់នេះ មានបណ្ដោយជាង ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ១តឹកកន្លះ ព្រមទាំងមានប្រព័ន្ធលូរំដោះទឹកអមសងខាងផ្លូវ។ គម្រោងនេះ ត្រូវបានឧបត្ថម្ភថវិកាសាងសង់ដោយលោកជំទាវ ប្រាក់ ចាន់សុខា ដោយចំណាយថវិកាអស់ជាង ១០ម៉ឺនដុល្លារ។

លោក ម៉ាង ស៊ីណេត បានថ្លែងអំណរគុណចំពោះសប្បុរសជន និងបានណែនាំដល់ក្រុមការងារបច្ចេកទេស និងក្រុមជាង ឱ្យយកចិត្តទុកដាក់លើគុណភាព សោភ័ណភាព និងស្តង់ដារបច្ចេកទេសនៃការស្ថាបនាផ្លូវ ព្រមទាំងការរៀបចំប្រព័ន្ធលូបង្ហូរទឹកឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវភាពរឹងមាំ និងអាចប្រើប្រាស់បានយូរអង្វែងសម្រាប់សាធារណជន។

ជាមួយគ្នានេះ លោក កាន់ ឡឹង បានលើកឡើងថា ផ្លូវមួយខ្សែនេះ មានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយជួយសម្រួលការធ្វើដំណើរ កាត់បន្ថយការកកស្ទះចរាចរណ៍ និងភ្ជាប់ការធ្វើដំណើររវាងតំបន់នានាឱ្យកាន់តែងាយស្រួល។

លោកចៅសង្កាត់បានបន្ថែមថា គម្រោងផ្លូវនេះ នឹងផ្តល់ផលប្រយោជន៍ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ៤ពាន់គ្រួសារ ក្នុងមូលដ្ឋានសង្កាត់លេខ៣។ ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត និងសប្បុរសជន ដែលបានចូលរួមកសាងផ្លូវបេតុងនេះ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕