FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ចាម ចុះអន្ដរាគមន៍ពិនិត្យករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅស្រុកកំពង់សៀម

25-05-2026 14:29

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២៦នេះ បានចុះជួយអន្តរាគមន៍ ក្នុងការពន្លត់អគ្គិភ័យមួយកន្លែង ស្ថិតនៅចំណុចភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា នៅម៉ោង ៨៖៥០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលអំពិល បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍ថា មានករណីអគ្គិភ័យឆេះផ្ទះ។ ក្រោយពីទទួលព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់បទបញ្ជាឲ្យលោកអធិការនគរបាលស្រុកកំពង់សៀម ដឹកនាំកម្លាំងចេញអន្តរាគមន៍ជាបន្ទាន់ ដល់កន្លែងកើតហេតុ ដោយមានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជំនួយ។

អគ្គិភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង ៩៖៤០នាទី ដោយមានកម្លាំងអន្តរាគមន៍ស្រុកកំពង់សៀម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល និងប្រជាការពារជាជួយធ្វើការពន្លត់អោយរលត់ជាស្ថាពរ។ ករណីអគ្គិភ័យខាងលើ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៦គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ៣គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ២គ្រឿង និងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ១គ្រឿង ប្រើប្រាស់ទឹកអស់១២ស៊ីទែន។

សមត្ថកិច្ចបានឲ្យដឹងផងដែរថា ម្ចាស់ផ្ទះទី១ ឈ្មោះ សុំ ពេជ្រ ភេទប្រុស អាយុ៦៣ឆ្នាំ រងការខូចខាតផ្ទះមានទំហំទទឹង ៦ គុណ១២ម៉ែត្រ មូលហេតុ ឆ្លងចរន្តអគ្គិសនី។ បន្ទាប់មកបានឆេះរៀដាលដល់ផ្ទះអ្នកជិតខាងចំនួន២ផ្ទះ ដែលម្ចាស់ផ្ទះទី២ ឈ្មោះ ស៊ឹង ស្រី ភេទស្រី អាយុ៥៣ឆ្នាំ ខូចខាតផ្ទះមានទំហំទទឹង៧ គុណ១២ម៉ែត្រ និងម្ចាស់ផ្ទះទី៣ ឈ្មោះ អោក សារ៉ូ ភេទស្រី អាយុ៧២ឆ្នាំ ខូចខាតផ្ទះមានទំហំទទឹង ៤ គុណ៥ម៉ែត្រ (ឆេះឡាបជញ្ជាំង១ម៉ែត្រ)។

ករណីខាងលើនេះ ម្ចាស់ផ្ទះ មានការបាត់បង់ថវិកា និងឯកសារមួយចំនួន និងបណ្ដាលអោយរបួសម្ចាស់ផ្ទះ ចំនួន១នាក់ (របួសស្រាល)៕