ថ្នាក់ដឹកនាំ និងសិស្សចូលរួមហាត់ប្រាណក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» នៅខេត្តកំពត
25-05-2026 14:28
(កំពត)៖ រដ្ឋបាលខេត្តកំពត បានរៀបចំកម្មវិធី១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ ក្រោមប្រធានបទ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» ដែលដឹកនាំដោយ លោក មឿង គង្គា អភិបាលរងខេត្ត តំណាងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដោយចូលរួមពីសំណាក់ជួរថ្នាក់ដឹកនាំ និងសិស្ស និស្សិតរាប់ពាន់នាក់ មកពីជុំវិញខេត្តកំពត។ កម្មវិធីខាងលើនេះ បានប្រព្រឹត្តិធ្វើឡើង នៅបរិវេណឆ្នេរមាត់ព្រែកកំពង់បាយ ខាងមុខមន្ទីរទេព្យបង្អែកខេត្ត ស្ថិតក្នុងសង្កាត់កំពង់បាយ និងសង្កាត់កំពុងកណ្ដាល ក្រុងកំពត ខេត្តកំពត នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦។
ក្នុងកម្មវិធីនោះ លោក មឿង គង្គា បានលើកឡើងថា ការហាត់ប្រាណដោយការរត់ និងដើរ គឺជាតម្រូវការចាំបាច់ និងល្អបំផុតសម្រាប់ជួយទ្រទ្រង់សុខភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស ខណៈការអាន គឺជាលំហាត់ប្រាណខួរក្បាល ជួយលើកកម្ពស់ ដល់បញ្ញាស្មារតីឲ្យកាន់តែប្រសើរ។ លោកក៏បានស្នើដល់ពលរដ្ឋគ្រប់រូបឲ្យបង្កើតទម្លាប់ នៃការរត់ ដើរ និងអានប្រចាំថ្ងៃ និងជំរុញសិស្សឲ្យស្វែងយល់ អំពីប្រវត្តិរូបិយវត្ថុខ្មែរ។
លោក មឿង គង្គា បានបន្តថា ក្នុងនាមអាជ្ញាធរខេត្ត តែងតែគាំទ្រ និងជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ និងយុវជន ចេះស្រឡាញ់ និងថែទាំសុខភាព តាមរយៈការទទួលទានអាហារសុខភាព រស់នៅក្នុងបរិស្ថានស្អាត មានអនាម័យល្អ ពិសេសបង្កើតទម្លាប់ហាត់ប្រាណ និងបង្កើតវប្បធម៌ នៃការអានឲ្យច្រើន ដើម្បីបង្កើនបញ្ញាស្មារតី ពង្រឹងចំណេះ ជំនាញ បំណិន ស្វែងយល់របបឲ្យឃើញច្បាស់នៅក្នុងសង្គមជាតិ។
លោក ណម សុខា នាយកគ្រឹះស្ថានមីក្រូហិរញ្ចវត្ថុអម្រិតសាខាខេត្តកំពត បានបញ្ជាក់ថា គោលបំណង់សំខាន់ ដែលអម្រិតជួយឧបត្ថម្ភរៀបចំកម្មវិធី ១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់ «រត់ ដើរ ដើម្បីលើកកម្ពស់ការអាន និងសារមន្ទីរ ស.ស.រ» មានគោលបំណង ផ្សព្វផ្សាយសារៈសំខាន់នៃការអាន ដើម្បីបណ្តុះទម្លាប់អាន ក្នុងជីវិតប្រចាំថ្ងៃ និងជំរុញវប្បធម៌ «អាន» នៅកម្ពុជា។ ផ្តល់ឱកាសឲ្យកុមារកម្ពុជា នៅតាមខេត្ត ចំនួន១ម៉ឺននាក់ ទៅទស្សនាសារមន្ទីរ ស.ស.រ ដើម្បីស្វែងយល់ពីប្រវត្តិសាស្ត្រ រូបិយវត្ថុខ្មែរ។
ចំណែកក្រុមយុវជន និងទេសចរអន្តរជាតិ បានសម្តែងអារម្មណ៍រំភើបរីករាយ និងបានលើកទឹកចិត្តឲ្យពលរដ្ឋទាំងអស់ចូលរួម «រត់ និងដើរ» ហាត់ប្រាណដើម្បីថែទាំសុខភាព និងអានសៀវភៅឲ្យបានច្រើន។
សូមរំលឹកថា «១ម៉ឺនជំហាន ដើម្បីសិស្ស១ម៉ឺននាក់» គឺជាព្រឹត្តិការណ៍រត់ និងដើរកម្សាន្តសប្បុរសធម៌ថ្នាក់ជាតិមួយ ដែលរៀបចំឡើងក្នុងគោលបំណងបំផុសគំនិតលើកកម្ពស់ការអាន និងផ្សព្វផ្សាយប្រវត្តិ និងចំណេះដឹងរូបិយវត្ថុខ្មែរ ដល់សិស្សានុសិស្ស ក៏ដូចជាសាធារណជនទូទៅ៕


















