FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានា ដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញ

25-05-2026 14:28

(រតនគិរី)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ កងកម្លាំងសមត្ថកិច្ចចម្រុះ បាន ចុះប្រតិបត្តិការត្រួតពិនិត្យតាមទីតាំងសណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកម្សាន្ត កាស៊ីណូ និងទីតាំងក្រុមហ៊ុននានាដើម្បីទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនឡាញ នៅតាមមូលដ្ឋានក្រុងស្រុកទាំង៩។

ក្នុងឱកាសនេះ កម្លាំងជំនាញ បានពន្យល់ណែនាំដល់ម្ចាស់ទីតាំងទាំងអស់ មិនត្រូវសហការ ឬបើកដៃឱ្យមានការឆបោកតាមអនឡាញ (Online Scam) ឡើយ ហើយប្រសិនបើរកឃើញថា មានការបើកឲ្យមាន
Online Scam ម្ចាស់ទីតាំង នឹងត្រូវប្រឈមទោសទណ្ឌតាមច្បាប់ជាធរមាន។

ការដែលបងប្អូនទទួលភ្ញៀវអន្តរជាតិ ដែលមិនមានឯកសារត្រឹមត្រូវ បើរកឃើញត្រូវទទួលពិន័យម្នាក់ ៤លានរៀល​ ឬលើសពីនេះ ទៅតាមស្ថានភាពល្មើស ដោយគ្មានការលើកលែងជាដាច់ខាត។

ប្រសិន​បើរកឃើញមានការសហការបើក​ Scam Online នោះម្ចាស់ទីតាំងនឹងជាប់ទោសទណ្ឌបន្ថែមទៀត, ដូច្នេះម្ចាស់ទីតាំង បងប្អូនប្រជាពលរដ្ឋ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់​ សូមកុំពាក់ព័ន្ធ​ កុំនៅពីក្រោយ​ កុំអន្តរាគមន៍ និងសូមសហការ​រាយការណ៍​មកអាជ្ញាធរមានសមត្ថកិច្ច​ ដើម្បីប្តេជ្ញាចិត្តរួមគ្នា​ រៀបចំសម្អាតផ្ទះយើងឲ្យបានស្អាត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍ​ប្រទេស និងសេដ្ឋកិច្ចជាតិ ឲ្យបានរឹងមាំបន្ថែមទៀត។

មន្រ្តីនគរបាលខេត្តរតនគិរិ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការចុះរដ្ឋបាលនេះ មិនឃើញមានទីតាំងណាមួយដែលលួចប្រព្រឹត្តបទល្មើស Scam Online នោះឡើយ ហើយឲ្យម្ចាស់ទីតាំងបន្តដំណើរអាជីវកម្ម និងបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំង ដើម្បីចូលរួមទាំងអស់គ្នាទប់ស្កាត់បទល្មើសមួយនេះ៕