គណៈកម្មការចំពោះកិច្ចចុះត្រួតពិនិត្យទីតាំង ២កន្លែងនៅកោះកុង និងព្រះសីហនុ សង្ស័យជាប់ពាក់ព័ន្ធ ONLINE SCAMS, ឃាត់ខ្លួនជនសង្ស័យចំនួន ៦៦នាក់
25-05-2026 13:17
(ព្រះសីហនុ)៖ លោកបណ្ឌិត យ៉េត វីណែល អគ្គលេខាធិការ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) ជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងជាប្រធានក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះ លេខាធិការដ្ឋាន គ.ប.ឆ.ប. បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យជាក់ស្ដែងនៅទីតាំងចំនួន ២ នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ ដែលសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ការចុះត្រួតពិនិត្យជាក់ស្ដែងនៅទីតាំងចំនួន ២នេះ ធ្វើឡើង កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី លោកសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រី ជាអនុប្រធានប្រចាំការ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប.) និងជាប្រធានលេខាធិការដ្ឋាន គ.ប.ឆ.ប.។
ទីតាំងដែលបានចុះត្រួវពិនិត្យរួមមាន ទីតាំងទី១៖ នៅផ្ទះវីឡាផ្លូវចូលឆ្នេរកុកហាវ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកអភិបាលរង តំណាងលោកស្រី ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តអភិបាល និងកម្លាំងចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង។
ក្នុងប្រតិបត្តិការនេះ កងកម្លាំងបានពិនិត្យឃើញមានសម្ភារមួយចំនួន រួមមាន Monitor ចំនួន ១៣ គ្រឿង, ឧបករណ៍តបណ្តាញ Network ចំនួន ២, CPU ចំនួន ២, ឧបករណ៍ចាប់អ៊ិនធឺណែតតាមប្រព័ន្ធផ្កាយរណប (STARLINK) ចំនួន ១ ព្រមទាំង តុកៅអី គ្រែពីរជាន់ និងម៉ាស៊ីនត្រជាក់។ ឧបករណ៍ និងសម្ភារមួយចំនួន ត្រូវបានដកហូត និងប្រគល់ជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដើម្បីពិនិត្យ និងបន្តនីតិវិធី។ ដោយឡែក, ទីតាំងខាងលើត្រូវបានសម្រេចបិទសៀល ព្រមទាំងផ្តាច់ប្រព័ន្ធអគ្គីសនី, ទឹក និងអ៊ីនធឺណែត ជាបណ្តោះអាសន្ន រហូតមានសេចក្តីសម្រេចជាថ្មី។
ទីតាំងទី២៖ នៅកាស៊ីណូ យីង ហ័ង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានការចូលរួមពី កងរាជអាវុធហត្ថខេត្តព្រះសីហនុ និង សម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងខេត្តព្រះសីហនុ។ ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ៦៦ នាក់ ភេទប្រុស (ជនជាតិចិនចំនួន ៦៤ នាក់ និងជនជាតិខ្មែរចំនួន ២ នាក់) និង បានដកហូតវត្ថុតាងរួមមាន កុំព្យួទ័រចំនួន ៦២ គ្រឿង, ទូរសព្ទដៃ ៤២៨ និងសម្ភារមួយចំនួនទៀត។ ក្រោយពីបានពិនិត្យលើឧបករណ៍អេឡិចត្រូនិចខាងលើ, ក្រុមការងារសន្និដ្ឋានថា មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (Online Scams)។
សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាអាទិភាពខ្ពស់មួយពាក់ព័ន្ធដោយផ្ទាល់ទៅនឹងសន្តិសុខសង្គម សុវត្ថិភាពប្រជាពលរដ្ឋ និងកិតិ្តយសជាតិលើឆាកអន្តរជាតិ។
ក្នុងស្មារតីនេះ លេខាធិការដ្ឋាន គ.ប.ឆ.ប. ប្តេជ្ញាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត តាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដោយបន្តសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីបន្តចុះប្រតិបត្តិការ ត្រួតពិនិត្យ ឆែកឆេរ និងចាត់វិធានការដោយមិនមានករណីលើកលែងចំពោះទីតាំងទាំងឡាយណា ដែលសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងអំពើខុសច្បាប់ និងជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ៕







