ច្បាប់ «កាតព្វកិច្ចយោធា»៖ អ្នកគេចវេសត្រូវជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ (ប្រទេសមានសន្ដិភាព) និងពី ២ឆ្នាំ ទៅ៥ឆ្នាំ (ប្រទេសមានសង្គ្រាម) (Video inside)
25-05-2026 13:15
(ភ្នំពេញ)៖ បន្ទាប់ពីប្រើរយៈប្រមាណមួយខែក្នុងការឆ្លងការពិនិត្យ និងសម្រេចរបស់គណៈរដ្ឋមន្ត្រី រហូតដល់ព្រឹទ្ធសភានោះ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ ច្បាប់ស្ដីពី «កាតព្វកិច្ចយោធា» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រ ចុះហត្ថលេខាដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។
ច្បាប់ស្តីពីកាតព្វកិច្ចយោធាមានចំនួន៨ជំពូក ស្មើនឹង ២០មាត្រា។ ច្បាប់ស្តីពីកាតព្វកិច្ចយោធា កំណត់អំពីវិធាននៃការអនុវត្តកាតព្វកិច្ចយោធា ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចាំបាច់ និងជាកិត្តិយសដ៏ឧត្តុង្គឧត្តមរបស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រភពកសាងកម្លាំងសម្រាប់វិស័យការពារជាតិ និងការអភិវឌ្ឍកាយសម្បទា ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការអប់រំផ្នត់គំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។
ច្បាប់នេះមានវិសាលភាពអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរគ្រប់រូបមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ ដែលត្រូវបំពេញកាតព្វកិច្ចយោធាតាមការកំណត់នៃច្បាប់។ ការបំពេញកាតព្វកិច្ចយោធារបស់ប្រជាពលរដ្ឋខ្មែរជាស្ត្រី ត្រូវផ្អែកតាមគោលការណ៍ស្ម័គ្រចិត្ត។
ដោយឡែកប្រជាពលរដ្ឋខ្មែរដែលមានសញ្ញាតិច្រើន ហើយដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញកាតព្វកិច្ចយោធាក្នុងព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋខ្មែរដែលត្រូវចូលបំពេញកាតព្វកិច្ចយោធា ត្រូវមានលក្ខណសម្បត្តិដូចយោធិនអាជីព ដូចមានចែងក្នុងច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ។
ច្បាប់ស្តីពីកាតព្វកិច្ចយោធា បានចែងថា ការបំពេញកាតព្វកិច្ចយោធា មានរយៈពេលកំណត់ ២៤ខែ គិតពីថ្ងៃចូលបំពេញកាតព្វកិច្ច។ ក្នុងករណីចាំបាច់ កាតព្វកិច្ចយោធាអាចបន្តបានដោយមិនឱ្យលើសពី ៦ខែ តាមការកំណត់របស់រាជរដ្ឋាភិបាល។
ដោយឡែកចំនួនប្រជាពលរដ្ឋ និងលក្ខខណ្ឌទាំងឡាយក្នុងការចូលបំពេញកាតព្វកិច្ចយោធា សម្រាប់វគ្គនីមួយៗរៀងរាល់ឆ្នាំ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។
យោធិនដែលបានបញ្ចប់កាតព្វកិច្ចយោធាហើយ ត្រូវអនុញ្ញាតឱ្យទៅកាន់ជីវភាពស៊ីវិលវិញ ប៉ុន្តែត្រូវស្ថិត
ក្នុងបញ្ជីយោធិនបម្រុង រហូតដល់អាយុ ៤៥ឆ្នាំ។ យោធិននេះក៏អាចស្ថិតនៅក្នុងអាជីពយោធាបន្តទៅទៀតបាន ទៅតាមតម្រូវការរបស់ក្រសួងការពារជាតិ និងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងស្ថានភាពជាយោធិនបម្រុងនេះ សាមីជនត្រូវមកបំពេញភារកិច្ចក្នុងកងយោធពលខេមរភូមិន្ទ តាមការអញ្ជើញគ្រប់ពេលវេលា តាមការចាំបាច់របស់ប្រទេសជាតិ តាមគ្រប់រូបភាព និងតាមកាលៈទេសៈតម្រូវ តាមការកំណត់របស់រាជរដ្ឋាភិបាល។
ក្នុងច្បាប់ស្តីពីកាតព្វកិច្ចយោធា ក៏បានចែងពីការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធាដែរ។
មាត្រា៨ បានចែងថា ការអនុញ្ញាតឱ្យរួចផុតពីកាតព្វកិច្ចយោធា ត្រូវអនុវត្តចំពោះ៖
- ព្រះសង្ឃ បព្វជិតនៃសាសនាផ្សេងៗ ដែលមានការទទួលស្គាល់ពីក្រសួងធម្មការនិងសាសនា
- ប្រជាពលរដ្ឋដែលមានសមត្ថភាពឬទេពកោសល្យពិសេស ក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង
នវានុវត្តន៍ដែលមានការបញ្ជាក់ពីក្រសួង ស្ថាប័នមានសមត្ថកិច្ច
- អ្នកឯកទេសជំនាញដែលបានចុះកិច្ចសហប្រតិបត្តិការបំពេញបេសកកម្មស្រាវជ្រាវឬអនុវត្តផ្ទាល់
នូវកិច្ចការដែលជាប្រយោជន៍ផ្នែកសាធារណៈនៃកងយោធពលខេមរភូមិន្ទ ដែលមានរយៈពេលកំណត់
ស្មើនឹងរយៈពេលបំពេញកាតព្វកិច្ចយោធាដូចមានកំណត់ក្នុងច្បាប់នេះ
- ប្រជាពលរដ្ឋដែលបានបញ្ចប់សេវាជាយោធិនជាប់កិច្ចសន្យាស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន
- ប្រជាពលរដ្ឋដែលមានកាយសម្បទាមិនគ្រប់គ្រាន់តាមការតម្រូវ ដោយមានការត្រួតពិនិត្យជាក់ស្ដែង
ក្នុងច្បាប់នេះ ក៏បានចែងពីការដាក់ទោសទណ្ឌចំពោះជនគេចវេសពីការអនុវត្តកាតព្វកិច្ចយោធាដែរ។ ជនទាំងឡាយណា ដែលគេចវេសមិនបំពេញកាតព្វកិច្ច នឹងត្រូវដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ ក្នុងករណីប្រទេសសន្ដិភាព ប៉ុន្ដែប្រសិនបើការគេចវេសនេះ ក្នុងអំឡុងពេលប្រទេសមានសង្គ្រាម ឬរងនូវការឈ្លានពានពីកម្លាំងបរទេស ត្រូវដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំ ព្រមទាំងបូកបញ្ជូលការពិន័យជាប្រាក់ខែថែមទៀត។
ក្នុងមាត្រាដដែលនេះ បានកំណត់ថា ប្រជាពលរដ្ឋគ្រប់រូប ដែលត្រូវបានអញ្ជើញឱ្យចូលបំពេញកាតព្វកិច្ចយោធា ហើយមិនបានមកបង្ហាញខ្លួនតាមការអញ្ជើញក្នុងរយៈពេល៣០ថ្ងៃ គិតពីថ្ងៃដែលសាមីខ្លួនបានទទួលដំណឹង ត្រូវចាត់ទុកជាជនគេចវេះពីកាតព្វកិច្ចយោធា លើកលែងតែមានមូលហេតុត្រឹមត្រូវដែលជននោះពុំអាចមកបង្ហាញខ្លួនបានតាមការកំណត់។
ក្រៅពីផ្តន្ទាទោសដាក់ពន្ធនាគារហើយនោះ សម្រាប់ជនគេចវេស ក៏នឹងត្រូវពិន័យជាប្រាក់ពី ១ ០០០ ០០០ (មួយលាន) រៀល ទៅ ៤ ០០០ ០០០ (បួនលាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្ត ក្នុងកាលៈទេសៈដែលប្រទេសមានសន្តិភាព។ ពិន័យជាប្រាក់ពី ៤ ០០០ ០០០ (បួនលាន) រៀល៤ ទៅ ១០០០០ ០០០ (ដប់លាន) រៀល ប្រសិនបើអំពើនេះ ត្រូវបានប្រព្រឹត្តក្នុងកាលៈទេសៈ ដែលប្រទេសមានសង្គ្រាមឬរងការឈ្លានពានពីកម្លាំងបរទេស។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងសម័យប្រជុំរដ្ឋសភាកាលពីថ្ងៃទី១២ ខែឧសភា បានគូសរំលេចថា ច្បាប់កាតព្វកិច្ចយោធា ផ្តល់នូវអត្ថប្រយោជន៍សំខាន់ចំនួន៣ចំណុច រួមមាន៖
* ទី១៖ អត្ថប្រយោជន៍ផ្ទាល់លើវិស័យការពារជាតិ៖ បង្កើតជាប្រព័ន្ធ និងយន្តការមួយច្បាស់លាស់ដែលជាប្រភពកសាងកម្លាំងការពារជាតិដ៏រឹងមាំ ប្រកបដោយសមត្ថភាព មានវិជ្ជាជីវៈខ្ពស់ និងមានប្រសិទ្ធភាពឆ្លើយគ្រប់កម្រិត និងទាន់ពេលទៅនឹងសេចក្តីត្រូវការ ជាពិសេសការគំរាមកំហែងពីខាងក្រៅ ដោយភាពជឿជាក់ និងសក្តិសិទ្ធភាព។
* ទី២៖ អត្ថប្រយោជន៍ចំពោះយុវជនខ្លួនឯងផ្ទាល់ និងគ្រួសារ៖ បានក្លាយជាយុវជនដែលមានកាយសម្បទារឹងមាំ មានការអប់រំផ្លូវចិត្តប្រកបដោយសីលធម័ សុជីវធម៍ និងឥរិយាបថល្អ ទទួលបានការតម្រង់ទិសក្នុងការកំណត់គោលជំហរ និងអត្តសញ្ញាណច្បាស់លាស់ ភាពជឿជាក់ និងភាពម្ចាស់ការ និងទទួលបានការបំពាក់ស្មារតី ទម្លាប់រស់នៅ និងធ្វើការជាក្រុម ព្រមទាំងភាពពេញវ័យ និងចាស់ទុំ ប្រកបដោយការទទួលខុសត្រូវ និងគុណតម្លៃខ្ពស់។
* ទី៣៖ អត្ថប្រយោជន៍សម្រាប់សង្គមជាតិ៖ ទទួលបានយុវជនដែលជាពលរដ្ឋល្អ និងជាកម្លាំងចលនករប្រកបដោយថាមពល, ទទួលបានយុវជនដែលជាពលរដ្ឋប្រកបដោយស្មារតីសហគមន៍ និងការស្រលាញ់ការងារសង្គម និងដើម្បីទទួលបានជាពលរដ្ឋមានផ្នត់គំនិតបំរើជាតិ៕
