រដ្ឋបាលខេត្តពោធិ៍សាត់ ជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០
25-05-2026 12:23
(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំកោះសំពៅមាស (សាលប្រជុំជាន់ទី១ អគាររដ្ឋបាលខេត្ត) លោក ពៅ ពិសិដ្ឋ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត។
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ត្រួតពិនិត្យ និងវាយតម្លៃលើលទ្ធផលការងារដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំលើកទី២ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦, ផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំផែនការសកម្មភាព ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ នៅថ្នាក់ក្រោមជាតិ និងពិភាក្សាលើការកែសម្រួលក្បាលដីកម្មសិទ្ធិ ដែលប្រជាពលរដ្ឋបានស្ម័គ្រចិត្តបរិច្ចាគដីមួយផ្នែកសម្រាប់ជាប្រយោជន៍សាធារណៈ។
យោងតាមរបាយការណ៍វឌ្ឍនភាព និងការអនុវត្តទិសដៅពីកិច្ចប្រជុំលើកទី២ (ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦) អង្គប្រជុំក៏បានធ្វើការពិនិត្យ និងវាយតម្លៃលើលទ្ធផលនៃការអនុវត្ត ការពន្លឿនការដាក់ស្លាកសញ្ញាឈ្មោះផ្លូវតាមបណ្តាស្រុក (តាមស្តង់ដារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត) ក្នុងនោះស្រុកវាលវែង បានដំឡើងស្លាកសញ្ញាឈ្មោះផ្លូវរួចរាល់ ចំនួន០២ខ្សែ គឺផ្លូវលេខ១០ និងផ្លូវលេខ៥៥, ស្រុកបាកាន បានដំឡើងស្លាកសញ្ញាឈ្មោះរួចរាល់ ចំនួន០២ខ្សែ គឺផ្លូវលេខ៥ និងផ្លូវលេខ៥៥, ស្រុកក្រគរ បានរៀបចំដាក់ស្លាកសញ្ញាឈ្មោះផ្លូវរួចរាល់ ដោយបច្ចុប្បន្នកំពុងរង់ចាំការបោះពុម្ព ក្នុងនោះរួមមាន ឃុំអន្សាចំបក់, ឃុំក្បាលត្រាច, ឃុំអន្លង់ត្នោត, ឃុំស្នាអន្សា, ឃុំអូរសណ្តាន់, ឃុំបឹងកន្ទួត និងឃុំត្នោតជុំ (ដោយឡែក ចំពោះស្លាកសញ្ញាឈ្មោះផ្លូវចេញពីផ្លូវជាតិ គឺតម្រូវឱ្យភូមិធ្វើដោយខ្លួនឯង)។ ការរៀបចំសេចក្តីព្រាងឈ្មោះផ្លូវក្នុងក្រុងពោធិ៍សាត់ (ពុំទាន់មានរបាយការណ៍បញ្ជាក់លទ្ធផលនៅឡើយទេ)។ នៅក្នុងឆ្នាំ២០២៦នេះ មានរដ្ឋបាលឃុំ/សង្កាត់ ចំនួន១១ បានគ្រោងកញ្ចប់ថវិកា សម្រាប់សាងសង់បន្ទប់ទឹកស្តង់ដារ តាមការណែនាំរបស់ក្រសួងមហាផ្ទៃ រួមមាន៖ ក្រុងពោធិ៍សាត់ ១សង្កាត់, ស្រុកបាកាន ៤ឃុំ, ស្រុកក្រគរ ១ឃុំ, ស្រុកតាលោសែនជ័យ ១ឃុំ, ស្រុកភ្នំក្រវាញ ១ឃុំ, ស្រុកវាលវែង ៣ឃុំ សរុបចំនួន១១ឃុំ/សង្កាត់។ បច្ចុប្បន្ននៅសល់រដ្ឋបាលឃុំ/សង្កាត់ ចំនួន៣៨ទៀត ដែលមិនទាន់បានសាងសង់បន្ទប់ទឹកស្តង់ដារនៅឡើយ។
មានប្រសាសន៍បូកសរុប និងបិទកិច្ចប្រជុំ លោក ពៅ ពិសិដ្ឋ បានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរអង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុងស្រុកទាំងអស់ ដែលបានរួមគ្នាសម្រេចបាននូវសមិទ្ធផលគួរឱ្យកត់សម្គាល់នាពេលកន្លងមក។
ជាមួយគ្នានោះ លោកអភិបាលរងខេត្ត ក៏បានផ្តល់អនុសាសន៍ណែនាំ និងផ្តាំផ្ញើដាស់តឿននូវចំណុចគន្លឹះមួយចំនួន៖
ទី១. ជំរុញឱ្យរដ្ឋបាលក្រុងពោធិ៍សាត់ សហការជាបន្ទាន់ជាមួយមន្ទីរជំនាញ ពន្លឿនការរៀបចំសេចក្តីព្រាងឈ្មោះផ្លូវក្នុងក្រុងឱ្យបានឆាប់រហ័ស ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង និងលើកកម្ពស់សោភ័ណភាពទីក្រុង។ ចំពោះរដ្ឋបាលឃុំ/សង្កាត់ ចំនួន៣៨ ដែលមិនទាន់មានបន្ទប់ទឹកស្តង់ដារ ត្រូវយកចិត្តទុកដាក់បញ្ចូលក្នុងកញ្ចប់ថវិកាឆ្នាំបន្តបន្ទាប់ឱ្យបានត្រឹមត្រូវតាមការណែនាំ របស់ក្រសួងមហាផ្ទៃ។
ទី២. ត្រូវយកចិត្តទុកដាក់ទប់ស្កាត់រាល់សំណង់ទាំងឡាយណា ដែលរំលោភលើដីសាធារណៈរបស់រដ្ឋ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ទី៣. យកចិត្តទុកដាក់លើការកែសម្រួលក្បាលដីជូនពលរដ្ឋ ដោយត្រូវធ្វើការងារនេះ ឱ្យតម្លាភាព និងម៉ឺងម៉ាត់បំផុត។ នៅពេលប្រជាពលរដ្ឋស្ម័គ្រចិត្តបរិច្ចាគដីដើម្បីផលប្រយោជន៍រួម មន្ទីរជំនាញត្រូវជួយសម្រួលរាល់នីតិវិធីគតិយុត្ត ក្នុងការកាត់ចំណែកដី និងកែសម្រួលប្លង់កម្មសិទ្ធិថ្មី ជូនពួកគាត់វិញឱ្យបានលឿន និងមិនត្រូវឱ្យមានការថ្នាំងថ្នាក់ឡើយ។
ទី៤. គ្រប់រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ត្រូវសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅនូវសេចក្តីណែនាំ ស្តីពីការរៀបចំផែនការសកម្មភាពនេះ ដើម្បីធានាថាការអភិវឌ្ឍមូលដ្ឋានរបស់យើង ដើរស្របគ្នាទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាល ពិសេសអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៤-២០៣០ ឱ្យមានប្រសិទ្ធភាព។
ទី៥. គ្រប់រដ្ឋបាលក្រុង/ស្រុកទាំងអស់ ត្រូវសហការជាមួយកងកម្លាំងមានសមត្ថកិច្ច ដើម្បីជម្រុញ និងរឹតបន្តឹងការបង្ក្រាបបទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ (Scam Online) គ្រប់ទម្រង់ ក្នុងភូមិសាស្ត្ររបស់ខ្លួន ធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃគម្រោងអភិវឌ្ឍន៍ទាំងអស់ គឺអាស្រ័យលើស្មារតីសហការ សាមគ្គីភាពផ្ទៃក្នុង និងការទទួលខុសត្រូវខ្ពស់ របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងការបម្រើផលប្រយោជន៍ពិតប្រាកដ ជូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល៕



























