សកម្មជន និងភ្នាក់ងារសង្កេតការណ៍គាំទ្របក្សភ្លើងទៀន ៣៨រូប នៅខេត្តកំពង់ស្ពឺ សម្រេចដើរចេញពីបក្ស និងសុំរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
25-05-2026 11:37
(កំពង់ស្ពឺ)៖ លោក ទី ប៊ុនថេង ទីប្រឹក្សារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាក្រុមការងារស្នូលរបស់ក្រុមចលនាកសាងសមាជិកបក្សស្នាក់ការកណ្ដាល នៅរសៀលថ្ងៃអាទិត្យទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានចុះទទួលសកម្មជន និងភ្នាក់ងារសង្កេតការណ៍ គាំទ្រគណបក្សភ្លើងទៀន ចំនួន៣៨នាក់ នៅខេត្តកំពង់ស្ពឺ ដែលសម្រេចចិត្តដើរចេញពីបក្សប្រឆាំង និងមកសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ពិធីនេះមានការយកចិត្តទុកដាក់ខ្ពស់ពីលោក យូ សិរីវុឌ្ឍ បេសកជនពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានរាជធានី-ខេត្ត និងលោក ភឺន ផល្លា ជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកបក្សរាជធានី-ខេត្ត។
បេក្ខជនភ្នាក់ងារ និងសកម្មជនគាំទ្រគណបក្សភ្លើងទៀនសរុបចំនួន៣៨រូប ដែលសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា មកពីឃុំចំនួនពីរ គឺឃុំដំបូករូងចំនួន ២៧រូប និងឃុំយាយម៉ៅពេជ្រនិល ចំនួន ១១រូប ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានសម្រេចលាឈប់ពីគណបក្សរបស់ខ្លួនឈរឈ្មោះ និងសម្រេចស្ម័គ្រចិត្តគោរពស្នើសុំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សូមចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ មានការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។
ភ្នាក់ងារសង្កេតការណ៍ និងសកម្មជនគាំទ្រ គណបក្សភ្លើងទៀន ចំនួន៣៨រូប បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោក ទី ប៊ុនថេង ឥតមានការបង្ខិតបង្ខំ ឬទិញដូរអ្វីឡើយ។ ពីព្រោះពួកគាត់ទាំងអស់គ្នា លែងជឿលើពួកទណ្ឌិតក្បត់ជាតិដែលរត់ចោលស្រុកដែលមានគំនិតទុច្ចរិក ចង់បំបែកបំបាក់ស្មារតីសាមគ្គីភាពខ្មែរនិងខ្មែរ បំផ្លាញសុខសន្តិភាព ទើបលោក លោកស្រីសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងសូមគោរពគាំទ្រយ៉ាងពេញទំហឹងចំពោះសម្ដេចតេជោ និងសម្ដេចធិបតីក្នុងការដោះស្រាយបញ្ហាព្រំដែនទឹកដីកម្ពុជា។
ភ្នាក់ងារ និងសកម្មជនគាំទ្រនៅតាមមូលដ្ឋាន ដែលទើបភ្ញាក់រលឹកខាងលើ បានអះអាងថា សកម្មភាពនយោបាយរបស់ទណ្ឌិតក្បត់ជាតិ សម រង្ស៉ី និងក្រុមប្រឆាំង មានតែបំភ្លិចបំផ្លាញជាតិ និងមិនបានជួយអ្វីដល់ជាតិនោះឡើយ។ «ដោយយើងខ្ញុំទាំងអស់គ្នាសូមគោរពដឹងគុណដ៏ធំធេងខ្ពស់បំផុតនូវវីរភាពរបស់សម្ដេចតេជោ ហ៊ុន សែន ដែលហ៊ានយកអាយុជីវិតធ្វើជាដើមទុនដើម្បីប្តូរយកសន្តិភាពជូនជាតិមាតុភូមិ និងគោរពជឿជាក់រដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។
ការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះលោក លោកស្រី ក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្មភាពនយោបាយទៅមុខបន្តទៀត។ពេលនេះលោក លោកស្រី បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។
នៅក្នុងឱកាសនោះ លោក ទី ប៊ុនថេង នមតិស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះវត្តមានរបស់លោក លោកស្រីទាំងអស់ ដែលបានស្ម័គ្រចិត្តរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន និងចំណាយពេលវេលា ដោយទទួលខុសត្រូវយ៉ាងមុតមាំរបស់ក្រុមការងារទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តភារកិច្ចការងារដែលបានប្រគល់ជូនដ៏មានតម្លៃក្នុងឱកាសនេះ ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់និងគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពណ៌សម្បុរឬសាសនាអ្វីឡើយ។
លោក ទី ប៊ុនថេង បានបន្តថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានប្រវត្តិយូរជាងគេ និងបានអភិវឌ្ឍន៍សមិទ្ធផលរីកចម្រើនយ៉ាងច្រើនឥតគណនា ចំពោះប្រទេសជាតិ ប្រឆាំងអាណានិគម និងការឈ្លាពានរបស់បរទេសគ្រប់ជំនាន់ រំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ការបញ្ចប់សង្គ្រាម និងបង្រួបបង្រួមជាតិ នាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍរហូតបច្ចុប្បន្ន៕






