ថ្នាក់ដឹកនាំក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនកម្មករនិយោជិតដែលរងគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តស្វាយរៀង
25-05-2026 10:16
(ស្វាយរៀង)៖ ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមជាមួយមន្ត្រីពាក់ព័ន្ធ នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងអំណោយរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដល់បងប្អូនកម្មករនិយោជិតដែលបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងខេត្តស្វាយរៀង។
ក្នុងឱកាសចុះសួរសុខទុក្ខនេះ គណៈប្រតិភូបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនិយោជិតចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង និងគ្រួសារកងទ័ពទិសព្រះវិហារចំនួន ១នាក់ ដែលសរុបមានចំនួន ៣៣នាក់ ក្នុងនោះមានអ្នករងគ្រោះម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។ ក្រុមការងារបានប្រគល់ថវិកាឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រួមជាមួយគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តមរដ្ឋមន្ត្រី ដើម្បីរួមចំណែកសម្រាលទុក្ខលំបាក និងការចំណាយផ្សេងៗក្នុងអំឡុងពេលសម្រាកព្យាបាល។
បច្ចុប្បន្នស្ថានភាពសុខភាពជារួមរបស់បងប្អូនកម្មករភាគច្រើនមានសភាពធូរស្រាលជាបណ្ដើរៗ ដោយក្នុងនោះមានកម្មករចំនួន ៥នាក់ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅលំនៅឋានវិញជាបន្តបន្ទាប់។ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនពរឱ្យបងប្អូនកម្មករនិយោជិតទាំងអស់ឆាប់បានជាសះស្បើយ និងវិលត្រឡប់មកប្រកបការងារវិញដោយសុវត្ថិភាព៕





