ព្រះកោសល្យវិទូបណ្ឌិត ទេព កុសល នាំអំណោយស្បៀងសម្ភារ ចែកជូនវីរកងទ័ព វីរនគរបាល ជួរមុខ ១៤គោលដៅ នៅលើភ្នំប្រាសាទព្រះវិហារ
25-05-2026 09:03
(ព្រះវិហារ)៖ ព្រះកោសល្យវិទូបណ្ឌិត ទេព កុសល ប្រធានមូលនិធិមេត្តាធម៌ ដើម្បីវីរកងទ័ពជួរមុខ ជនក្រីក្រ និងជនភៀសសឹក តំណាងឱ្យវត្តខ្មែរពោធិការ៉ាម នៅក្រុងអូតាវ៉ា ប្រទេសកាណាដា និងជាអនុប្រធាន ធុតង្គសន្តិភាពកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ បាននាំយកអំណោយស្បៀងអាហារ និងសម្ភារជាច្រើន ចែកជូនវីរកងទ័ព វីរនគរបាល ចំនួន១៤គោលដៅ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅលើភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អំណោយដែលបាននាំយកទៅប្រគល់ជូននាពេលនេះ គឺដើម្បីលើកទឹកចិត្ត និងចូលរួមគាំទ្រដល់វីរកងទ័ព វីរនគរបាល ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា នៅតាមខ្សែបន្ទាត់ព្រំដែន។
ព្រះកោសល្យវិទូបណ្ឌិត ទេព កុសល បានមានសង្ឃដីកាថា៖ស្បៀងអាហារ និងសម្ភារទាំងនេះ កើតចេញពីទឹកចិត្តស្រលាញជាតិ មាតុភូមិ របស់សហគមខ្មែរ នៅប្រទេសកាណាដា ដែលបានគៀងគរថវិកាបានជាង៨លានរៀល សម្រាប់ទិញស្បៀង សម្ភារៈ មកចែកជូននាពេលនេះ ហើយនេះជាការចុះចែកលើកទី៨របស់មូលនិធិមេត្តាធម៌ផងដែរ។
ព្រះកោសល្យវិទូបណ្ឌិតព្រះអង្គមានសង្ឃដីកាថា៖«អំណោយទាំងនេះ គឺជាទឹកចិត្តសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ និងសប្បុរសជន ដែលចង់ចូលរួមលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងបុព្វហេតុការពារទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ»។
ក្នុងឱកាសនោះ ព្រះកោសល្យវិទូបណ្ឌិត ទេព កុសល ក៏បានថ្លែងអំណរគុណចំពោះព្រះអង្គគ្រូចៅអធិការវត្តគីរីស្វារៈ និងព្រះអង្គគ្រូចៅអធិការវត្តបុរីស្វារៈ ដែលបានចូលរួមគាំទ្រ និងសហការយ៉ាងសកម្មក្នុងសកម្មភាពមនុស្សធម៌នេះ។
ព្រះអង្គក៏បានប្រសិទ្ធពរជ័យជូនដល់វីរកងទ័ពទាំងអស់ សូមឱ្យមានកម្លាំងកាយមាំមួន ស្មារតីរឹងប៉ឹង និងទទួលបានជោគជ័យក្នុងបេសកកម្មការពារបូរណភាពទឹកដីជាតិ ព្រមទាំងសូមឱ្យប្រទេសកម្ពុជាបន្តមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនជានិច្ច៕🇨🇦❤️🇰🇭✍️


























