FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញេីសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ

25-05-2026 08:51

(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៩២ឆ្នាំ ឈានចូល ៩៣ឆ្នាំ របស់សម្ដេច ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ។

សារលិខិតគោរពជូនពរនោះ មានខ្លឹមសារថា ៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្ដុង្គឧត្តម នៃពិធីចម្រើនជន្មាយុគម្រប់ ៩២ ឈានចូល ៩៣ឆ្នាំ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងនាមខ្ញុំផ្ទាល់ និងសមាជិក សមាជិកានៃគណៈកម្មាធិការកណ្តាល ព្រមទាំងមន្ត្រី បុគ្គលិក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមគោរពជូននូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការ ជូនចំពោះ សម្តេចអគ្គមហាពញាចក្រី សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងកាយមាំមួន បញ្ញាញាណឈ្លាសវៃ និងមានជន្មាយុយឺនយូរ ប្រកបដោយពលានុភាព ដើម្បីបំពេញភារកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិកម្ពុជា ជារៀងដរាបតទៅ។

ក្នុងពិធីចម្រើនជន្មាយុវឌ្ឍនមង្គលដ៏វិសេសវិសាលនេះ ខ្ញុំសូមសម្តែងនូវគុណូបការៈដ៏ធំធេង និងការគោរពដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចអគ្គមហាពញាចក្រី ដែលជាអគ្គមគ្គុទេសក៍រដ្ឋដ៏ឆ្នើមនៃកម្ពុជា ហើយកន្លងមក សម្ដេច បានលះបង់កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងបានជម្នះរាល់ការលំបាកគ្រប់បែបយ៉ាង ប្រកបដោយឆន្ទៈ មនសិការស្នេហាជាតិមោះមុត ក្នុងបេសកកម្មតស៊ូរំដោះប្រទេសជាតិ និងប្រជាជន រួមទាំងការស្តារ កសាង អភិវឌ្ឍន៍ និងរួមចំណែកស្វែងរកសន្តិភាព រហូតទទួលបានស្ថិរភាពពេញលេញ ជូនជាតិ មាតុភូមិ ជាពិសេស ក្នុងការខិតខំប្រឹងប្រែងបន្តបំពេញភារកិច្ចដ៏ឧត្ដុង្គឧត្ដម ក្នុងនាមជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនៃពិធីសិរីសួស្តីដ៏ថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា នៃកាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាង រាក្យសាទេវី សូមជួយអភិបាលប្រោះព្រំ គ្រងរក្សា សម្តេចអគ្គមហាពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រា បុត្រី និងចៅៗ ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ»។

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតគោរពជូនពររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពជូន សម្តេចអគ្គមហាសេនាពញាចក្រី ហេង សំរិន៖