FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ បន្តប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅកាស៊ីណូ «យីងហ័ង» ចាប់ខ្លួនជនជាតិចិនជាង៦០នាក់

25-05-2026 08:44

(ព្រះសីហនុ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញ គ.ល.ក បន្តចុះបង្រ្កាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅចំណុចកាស៊ីណូ យីងហ័ង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិន និងខ្មែរសរុបចំនួន៦៦នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមការចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេស, សន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) (គ.ប.ឆ.ប), លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ។

យោងរបាយការណ៍របស់បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា កាលពីរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ចំនួន ៤០នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង វុទ្ធី មេបញ្ជាការរង និងជានាយសេនាធិការ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា និងលោក កង ធីរ៉េម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត និងចូលរួមពីលោក ម៉ី ច័ន្ទវាសនា ប្រធាននាយកដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក) និងសមាជិកក្រុមការងារទី២ ចម្រុះលេខាធិកាដ្ឋាន នៃ គ.ប.ឆ.ប បានចុះបង្រ្កាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) នៅចំណុចកាស៊ីណូ យីងហ័ង ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលជាលទ្ធផលឃាត់ខ្លួនជនជាតិចិន៦៤នាក់ និងខ្មែរ២នាក់។

សម្រាប់ប្រតិបត្តិការ កម្លាំងសមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖

១-កុំព្យូទ័រ ចំនួន ៦២គ្រឿង
២-ទូរសព្ទដៃ ចំនួន ៤២៨គ្រឿង
៣-អាវុធខ្លី ចំនួន ០១ដើម
-ម៉ាក LOCK 19 ពណ៌ខ្មៅ លេខ X4YKZG1YS01-2202043
៤-បង់ចំនួន១
៥-គ្រាប់ ចំនួន ០៨គ្រាប់
៦-លិខិតឆ្លងដែន ចំនួន ២៥ក្បាល
៧-កាតមួយចំនួន។

សម្រាប់មនុស្សដែលត្រូវបានឃាត់ខ្លួន មានមេក្លោងចំនួន៣នាក់ ជាជនជាតិចិន ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធី រួមមាន៖

ទី១៖ ឈ្មោះ WANG YU អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាស៊ីណូ យីងហ័ង (ធ្លាប់ជាប់ពន្ធនាគារ ក្នុងឆ្នាំ២០២៤ ពីបទចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់)
ទី២៖ ឈ្មោះ DENG HUI អាយុ៣៩ឆ្នាំ ជនជាតិចិន មុខរបរបុគ្គលកាស៊ីណូ (ធ្លាប់ជាប់ពន្ធនាគារ ក្នុងឆ្នាំ២០២៤ ពីបទ សមគំនិតកាន់កាប់អាវុធ និងប្រ់ប្រាស់គ្រឿងញៀន)
ទី៣៖ ឈ្មោះ DENG BING អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរថៅកែកាស៊ីណូ យីងហ័ង។

ចំពោះជនសង្ស័យចំនួន៦៣នាក់ទៀត កម្លាំងជំនាញអាវុធហត្ថខេត្តកំពុងបន្តនីតិវិធី៕