ស្នងការដ្ឋាននគរបាលខេត្តរតនគិរី អំពាវនាវដល់ម្ចាស់អគារ ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ទីតាំងអាជីវកម្ម បង្កេីនការប្រុងប្រយ័ត្នមុនជួលទីតាំងឱ្យជនបរទេស
24-05-2026 21:10
(ភ្នំពេញ)៖ ដោយបច្ចុប្បន្នមានករណីជនបរទេស មួយចំនួន អាចលួចលាក់ស្នាក់នៅ និងប្រើប្រាស់ទីតាំងជួលដើម្បីប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Scam Online) ដែលជាបទល្មើសឆ្លងដែន បង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងកិត្តិយសរបស់កម្ពុជាស្នងការដ្ឋាននគរបាលខេត្តរតនគិរី អំពាវនាវដល់ម្ចាស់អគារ ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ទីតាំងអាជីវកម្ម បង្កេីនការប្រុងប្រយ័ត្នមុនជួលទីតាំងឱ្យជនបរទេស។
នៅសេចក្តីជូនដំណឹងដែលបណ្តាញព័ត័មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានអំពាវនាវយ៉ាងទទួចដល់ម្ចាស់អគារ ផ្ទះជួល សណ្ឋាគារ ផ្ទះសំណាក់ និងម្ចាស់ទីតាំងអាជីវកម្មទាំងអស់ក្នុងខេត្តរតនគិរី សូមមានការប្រុងប្រយ័ត្នខ្ពស់ មុនធ្វើការជួលទីតាំងរបស់ខ្លួនឱ្យទៅជនបរទេស គឺត្រូវត្រួតពិនិត្យ ឯកសារ និងលិខិតឆ្លងដែនឱ្យបានត្រឹមត្រូវ ផ្តល់ព័ត៌មានអត្តសញ្ញាណអ្នកស្នាក់នៅជូន អាជ្ញាធរមូលដ្ឋាន ព្រមទាំងសមត្ថកិច្ចនគរបាល និងមិនត្រូវជួលទីតាំងរបស់ខ្លួនឱ្យទៅក្រុមជនបរទេសខុស ច្បាប់ ឬ បុគ្គលដែលមានការសង្ស័យលួចលាក់បិទបាំងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតខុសប្រក្រតី សូមសហការ ជាមួយសមត្ថកិច្ចដោយរាយការណ៍ករណីសង្ស័យនានា ដែលអាចពាក់ព័ន្ធបទល្មើស (Scam Online) ការ ជួញដូរមនុស្ស ការបង្ខាំងមនុស្សខុសច្បាប់ និងបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀត។
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក៏សូមព្រមានផងដែរដល់ ម្ចាស់ទីតាំង ឬ បុគ្គលណាដែលមាន ការឃុបឃិតផ្តល់ទីកន្លែងស្នាក់នៅ ឬជួយសម្របសម្រួលដល់ការប្រព្រឹត្តបទល្មើសខាងលើ អាចប្រឈមមុខចំពោះការអនុវត្តវិធានការផ្លូវច្បាប់ជាធរមាន។
ស្នងការដ្ឋាននគរបាលខេត្តរតនគិរី សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាល ដើម្បីទប់ស្កាត់ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ រួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមជាតិឱ្យកាន់តែល្អប្រសើរឡើង៕

