FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ថ្លែងអំណរគុណមហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាពិសេសសកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!

24-05-2026 19:28

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ជាពិសេសសកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព។

តាមរយៈផេកផ្លូវការឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបរាប់ថា គុកនិងសោរមានចោរទើបកើត ឱសថល្អឆើតកើតក្រោយមានរោគ។

នាយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់ទៀតថា «ចាប់តាំងពីខ្ញុំមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៣ មានបទពិសោធន៍ប្រឈមមួយចំនួនបានបំផុសគំនិតខ្ញុំផ្តួចផ្តើមបង្កើតនូវឧបករណ៍សុវត្ថិភាពសម្រាប់ទុកចាប់ជនល្មើសព្រមជាមួយការប្រើប្រាស់សំណាញ់ ដើម្បីចាប់ជនបែកថ្នាំ ជនល្មើសរឹងទទឹងដែលមានកាំបិត ដំបង ពូថៅ នៅក្នុងដៃ ក៏ដូចជាជនល្មើសមាឌធំមានកម្លាំងខ្លាំង ក្នុងគោលបំណងរក្សាសុវត្ថិភាព ទាំងសមត្ថកិច្ច ទាំងជនល្មើស និងអ្នកនៅជំវិញហេតុការណ៍ ដែលគំនិតនិងឧបករណ៍នេះ ខ្ញុំមិនធ្លាប់គិតឬនឹកឃើញឡើយ កាលខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ»

នាយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្ថែមថា ក្នុងការដាក់បង្ហាញនូវឧបករណ៍សុវត្ថិភាពនេះដំបូង មានមតិមួយចំនួន បានសើចចំអក តែក៏មានមតិជាច្រើនបានគាំទ្រ តែនៅពេលដែលយើងយកទៅអនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការ ឃើញថាគំនិតច្នៃប្រឌិតនេះ ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ទទួលបានលទ្ធផលជោគជ័យ តាមគំនិតដើមដែលយើងចង់បាន ហើយឧបករណ៍ទាំងនោះយើងក៏បានធ្វើការអភិវឌ្ឍន៍តាមសម័យកាល ព្រមទាំងបានផ្ដល់បច្ចេកទេសប្រើប្រាស់ក៏ដូចជាឧបករណ៍សុវត្ថិភាពនោះដល់សមត្ថកិច្ចដទៃទៀតផងដែរ។

សូមអរគុណ គ្រប់ពាក្យពេចន៍ ពោពេញដោយថាមពល លើកទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យយើងបំពេញភារកិច្ចឆ្ពោះទៅមុខឥតឈប់ឈរ និងមិនរារែកចំពោះឧបសគ្គណាមួយឡើយ៕

សូមទស្សនាលទ្ធផលការងារខ្លះៗរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ ឧបករណ៍សុវត្ថិភាព គួបផ្សំជាមួយសំណាញ់ ក្នុងប្រតិបត្តិការរយៈកាលជាង 10ឆ្នាំកន្លងមកនេះ៕